ខ្មែរប៉ុស្ដិ៍ Close

«នយោបាយចំណេញ-ចំណេញ» ខុសពី នយោបាយ«ឈ្នះ-ឈ្នះ»!

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 43
«នយោបាយចំណេញ-ចំណេញ» ខុសពី នយោបាយ«ឈ្នះ-ឈ្នះ»! «នយោបាយចំណេញ-ចំណេញ» ខុសពី នយោបាយ«ឈ្នះ-ឈ្នះ»!

បន្ថែមពីលើនយោបាយ«ទឹកឡើងត្រីស៊ីស្រមោច ទឹក ហោចស្រមោចស៊ីត្រី» ក្រុម ប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី បាននិងកំពុងបន្តប្រើប្រាស់នយោបាយ «ចំណេញ ចំណេញ»ដោយឥតមានកែប្រែសូម្បីតែបន្តិចណាឡើយ ។ ដូចម្តេចដែលហៅថា នយោបាយ «ចំណេញ ចំណេញ»?
នយោបាយបែបនេះគឺជាការប្រើ ប្រាស់ឧបាយកលដ៏ពិសពុលនិងអគុណធម៌របស់ក្រុមអ្នកស្វែងរកផលចំណេញដើម្បីលាភសក្ការៈផ្ទាល់ខ្លួននិងដើម្បីរកផល ចំណេញខាងនយោបាយ សម្រាប់ខ្លួននិងបក្ខពួកខ្លួនតែ ប៉ុណ្ណោះ។ ចំណែកឯអ្នកខាតវីញ គឺប្រជាពលរដ្ឋនិងប្រទេសជាតិ ។

ជាក់ស្តែង ចាប់តាំងពីផ្តើមបង្កើតបក្សនយោបាយនៅឆ្នាំ ១៩៩៥ មក សម រង្ស៊ី តែងតែប្រើប្រាស់ឈាម ទឹកភ្នែក និងអាយុជីវិត ប្រជាពលរដ្ឋជាដើមទុននិងជា ចំណាប់ខ្មាំងដើម្បីជាឈ្នាន់ឈោងទៅដណ្តើមអំណាចនិងជាពិសេសដើម្បីសំរេច មហិច្ឆតា«សងសឹកគំនុំគ្រួសារត្រកូលសម»តែប៉ុណ្ណោះ។
ក្នុងទិសដៅនេះ សម រង្ស៊ីតែងតែ ប្រើឧបាយកលនិងវោហាសាស្ត្រ ញុះញង់ លាបពណ៌ដើម្បីដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋនិងសកម្មជនដែលគាំទ្រខ្លួនឲ្យខឹងសម្បារនឹងរដ្ឋាភិបាលតាមរយៈការចោទប្រកាន់មួលបង្កាច់ រដ្ឋាភិបាលភ្នំពេញ ជាពិសេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាអាយ៉ងយួន ជាជនក្បត់ជាតិ លក់ទឹកដី ជាជនផ្តាច់ការ ។ល។ និង។ល។ ហើយបន្ទាប់មកសម រង្ស៊ីនិងគូកន ក៏រុញសកម្មជន និងអ្នកគាំទ្ររបស់ខ្លួនឲ្យទៅជល់ជាមួយអាជ្ញាធរដោយមិនគិតពី ច្បាប់ទម្លាប់អ្វីទាំងអស់។

និយាយឲ្យចំទៅ គឺ សម រង្ស៊ី តែងតែប្រើល្បិច«ចាប់មាន់លាបធ្យូងដើម្បីបញ្ជល់គ្នា»។ កាលពីមិនទាន់លាបធ្យូង មាន់ទាំងនោះជាបងប្អូន ជាក្រុមគ្រួសារតែមួយដែលចេះស្រឡាញ់គ្នា, ចេះជួយយកអាសារគ្នាទៅវិញទៅមកនៅក្នុងសង្គមគ្រួសារមួយដ៏សុខសាន។ ប៉ុន្តែ ក្រោយពីក្រុម សម រង្ស៊ី ចាប់លាបធ្យូង មាន់ទាំងនោះក៏លែងស្គាល់គ្នា ហើយក៏ជល់គ្នាដោយមិនដឹងថា ពួកគេជា សាច់ឈាមនិងជាបងប្អូននឹងគ្នាឡើយ។

គោលដៅនៅក្នុងការអនុវត្តនយោបាយចំណេញ ចំណេញរបស់ សម រង្ស៊ី គឺ :
ទី១៖ ប្រសិនបើមាន់របស់ខ្លួនជល់ឈ្នះ គឺគាត់ទទួលបានអំណាច។
នេះជាផលចំណេញទី១ដែលគាត់ចង់បានបំផុត។ ប៉ុន្តែ ប្រសិន បើមាន់របស់ខ្លួនជល់ចាញ់ ក៏សម រង្ស៊ី នៅតែចំណេញដដែលពីព្រោះ សម រង្ស៊ី នឹងស្រែក
ប្រកូសប្រកាសថា មាន់របស់ខ្លួនជាអ្នករងគ្រោះ។ លើការជាក់ស្តែង សម រង្ស៊ី តែងស្រែកប្រកាសថា អាជ្ញាធរ រដ្ឋាភិបាលបំបិទសិទ្ធិសេរីភាពតវ៉ារបស់ប្រជាពលរដ្ឋ ឬថាអាជ្ញាធរធ្វើបាបប្រជាពលរដ្ឋនៅក្រោយ ពេលដែលអាជ្ញាធរចាត់វិធានការ ទប់ទល់ជាមួយក្រុមជ្រុលនិយមអនាធិបតេយ្យដែលបំពានច្បាប់ បំពានសិទ្ធអ្នកដ៍ទៃ និងវង្វេងងប់ដោយសារ សម រង្ស៊ី លាបពណ៌ក្រុមម្ខាងទៀតថាជាអាយ៉ងយួន រឺ អាយ៉ងចិន ។ល។

ទី២៖ ប្រសិនបើព្រឹត្តិការណ៍ដែលក្រុមរបស់ខ្លួនបង្កឡើងនោះក្លាយ ជាហិង្សាដែលមានអ្នកស្លាប់ របួស និងមានការចាប់ខ្លួនមនុស្ស សម រង្ស៊ី រឹតតែត្រេកអរកាន់តែខ្លាំងពីព្រោះគាត់នឹងមានលេសកាន់តែច្រើនក្នុងការចោទរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែនថាបានប្រើអំពើហិង្សានិងរំលោភសិទ្ធិមនុស្ស។ នេះជា ផលចំណេញទី២ គឺចំណេញខាងនយោបាយ។

ទី៣៖ គឺសម រង្ស៊ី តែងតែ ប្រើប្រាស់ព្រឹត្តិការណ៍ទាំងអស់នោះដើម្បីរកផលចំណេញផ្នែកហិរញ្ញវត្ថុតាមរយៈការប្រមូលលុយក្រោមលេសបំពេញ បេសកកម្មរំដោះទឹកដីចេញពីកណ្តាប់ដៃ លោក ហ៊ុន សែន ឬដើម្បីជួយជនរងគ្រោះដែលខ្លួនជាអ្នកញុះញង់បង្កឡើង។

២៥ ឆ្នាំមកហើយដែលសម រង្ស៊ី បានប្រើល្បិចនយោបាយបែប នេះជារៀងរហូតមក។ ដូច្នេះ ហើយបានជាពួកគេតែង តែ រៀបចំពិធីរៃអង្គាសលុយជា ញឹកញាប់ពីពលរដ្ឋខ្មែរនៅក្រៅប្រទេសតាមគ្រប់រូបភាព។ សូម្បីតែពិធីបុណ្យភ្ជុំបិណ្ឌក៏ សម រង្ស៊ីនិងគូកនឆ្លៀតរៃអង្គាសលុយ សម្រាប់រកផលចំណេញបាន ដែរ។

តាមពិត សម រង្ស៊ី ពិតជា ចំណេញមែន គឺចំណេញទាំង នយោបាយ និងចំណេញទាំងលុយកាក់។ ប៉ុន្តែ អ្នកខាតបង់ធំ បំផុតគឺ ប្រទេសជាតិនិងប្រជាពលរដ្ឋ ហើយជាពិសេស គឺសកម្មជនដែលលង់ជឿតាមមនោគមន៍វិជ្ជាជ្រុលនិយមរបស់ សម រង្ស៊ី ដោយពួកគេត្រូវខាតបង់ទាំងពេលវេលា លុយកាក់ ឬរហូតដល់អ្នកខ្លះត្រូវរងរបួស ស្លាប់ ជាប់គុក និង រត់ចោលស្រុកដោយសារតែ ប្រព្រឹត្តអំពើខុសច្បាប់តាមការ ញុះញង់ពន្យុះរបស់សម រង្ស៊ី។

ចំណែកពលរដ្ឋខ្មែរនៅឯនាយ សមុទ្រវិញ ក៏ពិតជាបានខាតបង់ក៏មិនតិចដែរ ពីព្រោះពួកគេបាន បេះពីមាត់ពង្រាត់ពីកនូវលុយកាក់និងសម្ភារៈដែលខ្លួនខំ រកបានដោយលំបាកដើម្បីជួយ សម រង្ស៊ីនិងគូកនក្រោមលេសថា ដើម្បីស្រោចស្រង់ជាតិស្រោចស្រង់ប្រជាធិបតេយ្យនិងសិទ្ធមនុស្សនៅកម្ពុជា។ ល។ និង។ល។

២៥ ឆ្នាំមកហើយដែលពួកគេបាន ចាញ់កលនយោបាយ«ចំណេញ ចំណេញ»របស់ សម រង្ស៊ី ក្រោមលេសដដែលៗ ពោលគឺ ចាញ់ល្បិចកលនយោបាយ បញ្ឆេះកំហឹង លាបពណ៌ រួចពន្យុះឲ្យខ្មែរនិងខ្មែរជល់គ្នា។ អ្នកដែលចាញ់ធ្ងន់បំផុតគឺ ប្រទេសជាតិតែម្តងពីព្រោះតែនយោបាយហែកពុះជ្រៀកសង្គមនិងបំបែកបំបាក់ជាតិ ការបំផុសដុតកំហឹងអោយមានការស្អប់ខ្ពើម និងការរើសអើងជាតិសាសន៍ ដែលទាំងអស់នេះគឺជាបច្ច័យដែលកើតឡើងពីនយោបាយចំណេញចំណេញ របស់ សម រង្ស៊ី។

នយោបាយ«ចំណេញចំណេញ» នេះមានភាពផ្ទុយនិងខុសគ្នាស្រឡះពី នយោបាយ «ឈ្នះឈ្នះ» របស់លោក នាយករដ្ធមន្ត្រីហ៊ុន សែន។ ខុសគ្នាដោយសារថា : នយោបាយ«ឈ្នះឈ្នះ»គឺបានកើតឡើងក្រោមទស្សនៈវិជ្ជានៃការផ្សះផ្សារ បង្រួបបង្រួមជាតិ, ការបញ្ចប់សង្គ្រាមដ៏រាំរៃហើយបាននាំមកនូវសន្តិភាពនិងទីបំផុតគឺការអភិវឌ្ឍប្រទេស។

និយាយឲ្យចំគឺ នយោបាយ «ឈ្នះឈ្នះ»របស់លោក ហ៊ុន សែន ពិតជាបាននាំមកនូវប្រយោជន៍យ៉ាងធំធេងសម្រាប់ខ្មែរទាំងអស់គ្នាក៏ដូចជាសម្រាប់ប្រទេសជាតិទាំងមូលដែល មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ កម្ពុជា ខណៈដែលនយោបាយ «ចំណេញ ចំណេញ»របស់ សម រង្ស៊ី បានត្រឹមតែនាំមកនូវការបែកបាក់ជាតិ ការគំគួន ការចងកំហឹង ការស្អប់ខ្ពើមគ្នា និងការរើសអើងជាតិសាសន៍ដែលសុទ្ធសឹងជាប្រភពនៃក្តីវិនាស។

រហូតមកដល់ពេលនេះ ក៍នៅ មានមនុស្សតិចតួចបំផុតដែល នៅបន្តចិញ្ចឹមនយោបាយស្វែងរកផលចំណេញរបស់សម រង្ស៊ី។ ក្រៅពីនោះ ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសដែលពីមុនធ្លាប់ចាញ់កលនយោបាយទុច្ចរិតរបស់ សម រង្ស៊ី បានងាកមករស់ក្រោមដំបូលនយោបាយ«ឈ្នះឈ្នះ»របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនអស់ហើយ។យើងសង្ឃឹមយ៉ាងមុតមាំថា មិនយូរមិនឆាប់ អ្នកដែលនៅបន្តជឿលើ សម រង្ស៊ីនិងគូកន គង់នឹងភ្ញាក់ខ្លួនជាក់ជាមិនខាននៅពេលដែលពួកគេដឹងខ្លួននិងឃើញជាក់ នឹងភ្នែកថា អ្វីៗដែលពួកគេបានធ្វើ បានលះបង់ និងបានចំណាយគឺមិនមែនដើម្បីជាតិសោះឡើយ ប៉ុន្តែ គឺដើម្បីចិញ្ចឹមតែ សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូចឲ្យរស់ នៅដោយសប្បាយហ៊ឺហានៅ ឯបរទេសតែប៉ុណ្ណោះ។
នេះហើយដែលហៅថា «នយោបាយ ចំណេញ-ចំណេញ» របស់ក្រុមឧទ្ទាមក្រៅ ច្បាប់ដឹកនាំដោយទណ្ឌិត
សម រង្ស៊ី៕

ដោយ : អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង