នាយឧត្ដមសេនីយ៍ វង្ស ពិសេន កោតសរសើរ និងស្ញប់ស្ញែងចំពោះគុណបំណាច់របស់យោធិនចូលនិវត្តន៍ ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ
(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីសំណេះសំណាលជាមួយយោធិន ត្រូវដាក់ឲ្យចូលនិវត្តន៍។ ពិធីនេះត្រូវបានធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ដោយមានការចូលរួមពីសំណាក់ នាយឧត្ដមសេនីយ៍ ជាអគ្គមេបញ្ជាការរង និងថ្នាក់ដឹកនាំ នាយទាហានចំណុះស្ថាប័នអគ្គបញ្ជាការជាច្រើនរូបទៀត។
ផ្អែកតាមផែនការរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ឆ្នាំ២០២០នេះ យោធិនដល់អាយុត្រូវចូលនិវត្តន៍មានសរុប ២,៣៤៨នាក់។ ដោយឡែកសម្រាប់ថ្ងៃនេះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តល់កិត្តិយសបំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយសមានចំនួន ១៦២នាក់ ផងដែរ។
ថ្លែងក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះគុណសម្បត្តិដ៏ធំធេងរបស់យោធិនចូលនិវត្តន៍ទាំងអស់ ដែលបានបន្សល់ទុកនូវការចងចាំ មានដូចជា ការរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការពារជាតិ ការពារបូរណភាពទឹកដីនៃមាតុភូមិ, ជាអ្នកប្រតិបត្តិករ ជាមួយស្ថាបនិកមគ្គុទ្ទេសក៍ឯកនយោបាយឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន នាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញ ចុងក្រោយការចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងកិច្ចការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ចូលរួមការពារសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងគាំទ្រនូវគោលនយោបាយដឹកនាំ របស់រាជរដ្ឋាភិបាល និងចូលរួមអភិវឌ្ឍលើគ្រប់វិស័យ។
បន្ថែមពីនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើ និងសំណូមពរចំពោះយោធិនចូលនិវត្តន៍ទាំងអស់ ក្នុងពេលវិលត្រឡប់ទៅរស់នៅជាជនស៊ីវិល នៅមូលដ្ឋាន គប្បីបន្តរួមចំណែកជួយដល់សង្គមជាតិ មានដូចជា៖
*ការចូលរួមថែរក្សាស្ថិរភាពនយោបាយ ប្រឆាំងរាល់សង្រ្គាមចិត្តសាស្ត្រដែលមានចរិកញុះញង់ ធ្វើឲ្យប៉ះពាល់ដល់សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
*ការចូលរួមផ្សព្វផ្សាយអំពីសមិទ្ធផលនានា និងពន្យល់ប្រជាពលរដ្ឋឲ្យមើលឃើញច្បាស់ពីគុណសម្បត្តិ នៃការដឹកនាំរបស់រាជរដ្ឋាភិបាលឲ្យមានស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
*ត្រូវអប់រំក្រុមគ្រួសារ សាច់ញាតិ និងចលនាប្រជាពលរដ្ឋឲ្យចូលរួមជាមួយរាជរដ្ឋាភិបាល លើកកម្ពស់ការគោរព និងអនុវត្តច្បាប់។
*យកចិត្តទុកដាក់តាមដានព័ត៌មានដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងប្រមូលពត៌មានជុំវិញក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
*លើកកម្ពស់សកម្មភាពបង្កបង្កើនផល ដើម្បីកាត់បន្ថយការខ្វះខាត ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩។
*លើកកម្ពស់ការប្រុងប្រយ័ត្ន រក្សាអនាម័យ រក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយអនុវត្តតាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕