ខ្មែរប៉ុស្ដិ៍ Close

ពិធីបិទការប្រកួតកីឡាមហាជន ជម្រើនជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៨ នៅទីលានបាល់ទាត់សួង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨ កីឡា - សុខភាព 31
ពិធីបិទការប្រកួតកីឡាមហាជន ជម្រើនជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៨ នៅទីលានបាល់ទាត់សួង ពិធីបិទការប្រកួតកីឡាមហាជន ជម្រើនជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៨ នៅទីលានបាល់ទាត់សួង

ត្បូងឃ្មុំ៖ លោកបណ្ឌិត ជាម ច័ន្ទសោរភ័ណ អភបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាមហាជន ជម្រើនជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៨ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅទីលានបាល់ទាត់សួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

នាឱកាសសំណេះសំណាលជាក្រុមកីឡាករ/កីឡាការិនីនោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោរភ័ណ អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ «ការប្រកួតកីឡានេះ ចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែលសំខាន់គឺសុខភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ របស់យុវជនយើង»។ ម្យ៉ាងទៀត បច្ចុប្បន្នគ្រប់វិស័យកីឡា ក្នុងខេត្តរបស់យើងត្រូវបានពង្រឹង និងពងី្រក គឺយើងមានកីឡាករ/កីឡាការិនី ពោរពេញទៅដោយចិត្តអង់អាចក្លាហាន ស្វាហាប់សក្តិសមជាពលរដ្ឋដ៏ឆ្នើម នៃមាតុភូមិ ឃុំ ស្រុក មានទីលានសម្រាប់ហ្វឹកហាត់ និងលេងកីឡាផងដែរ។ ក្នុងនោះកីឡាដើម្បីសុខភាព កីឡាប្រពៃណី ក៏មានសកម្មភាពផុសផុលស្ទើគ្រប់ទីកន្លែង ទាំងនេះជាសក្ខីភាពដែលបញ្ជាក់ថា វិស័យកីឡាមានការរីកចម្រើន ទោះបីជាលទ្ធផល និងសកម្មភាពបទពិសោធន៍ បច្ចេកទេស ពេលប្រគួត និងទីលានហ្វឹកហាត់ពុំទាន់សមស្រប តាមគោលបំណង នៃការកំណត់របស់យើងក៏ដោយ។

លោកបណ្ឌិតបានបន្តថា ការឈ្នះរបស់យើងត្រូវតែផ្អែកលើកត្តាមួយចំនួនដូចជា បទពិសោធន៍ សមត្ថភាព បច្ចេកទេស កម្លាំង និងប្រាជ្ញាស្មារតី នៅពេលប្រកួតហើយត្រូវគោរពបទបញ្ញត្តិ និងវិន័យពេលប្រកួត សីលធម៌ពេលប្រកួត។ ហើយការប្រកួតនាពេលនេះ មិនមែនព្រោះតែរង្វាន់សម្រាប់ការឈ្នះនោះទេ គឺដើម្បីជួយឲ្យកីឡាករ/កីឡាការិនីម្នាក់ៗ មានការអភិវឌ្ឍទាំងផ្នែករាងកាយចិត្តវិទ្យា សង្គមវិទ្យា តាមបច្ចេកទេសជំនាញ និងសមត្ថភាព ទទួលបាននូវពេលធ្វើការហ្វឹកហាត់។ ពោលគឺត្រូវគិតពីសុវត្តិភាព និងអាកប្បកិរិយាប្រកបដោយសីលធម៌ ការគោរពគ្នានៅពេលប្រកួត ដូច្នេះគួរតែកីឡាករ/កីឡាការិនីម្នាក់ៗអនុវត្តឲ្យបាននៅពេលប្រកួត។

លោកបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យនាំគ្នាលេងកីឡាដែលអាចឲ្យសិស្សទទួលបាននូវសុខភាពល្អ មានទំនាក់ទំនងល្អ មានមេត្រីភាព និងមានសាមគ្គីភាព ព្រមទាំងដើម្បីជៀសឲ្យផុតពីគ្រឿងញៀន។ គ្រឿងញៀនគឺនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ឬប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំង ធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិទៀតផង៕