ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់២នៅកម្ពុជា ងាកមកផលិតម៉ាស់ ខណៈតម្រូវការកើនឡើង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 59
ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់២នៅកម្ពុជា ងាកមកផលិតម៉ាស់ ខណៈតម្រូវការកើនឡើង ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់២នៅកម្ពុជា ងាកមកផលិតម៉ាស់ ខណៈតម្រូវការកើនឡើង

យ៉ាង​ហោច​ណាស់ មាន​ក្រុម​ហ៊ុន​កាត់​ដេរ​សម្លៀក​បំពាក់​ចំនួន​ពីរ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ងាក​មក​ផលិត​ម៉ាស់​បន្ថែម ស្រប​ពេល​ដែល​តម្រូវ​ការ​ទីផ្សារ​ម៉ាស់​កំពុង​កើន​ឡើង​។ ក្រុម​ហ៊ុន​ទាំង​ពីរ​នោះ គ្រោង​នឹង​ដំណើរ​ការ​ផលិត​ម៉ាស់​ក្នុង​រង្វង់​ពី​២ម៉ឺន​ទៅ៨ម៉ឺន​ម៉ាស់​ក្នុង​១ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ចុង​ខែ​មេសា​នេះ ខណៈ​ដែល​ក្រុម​ហ៊ុន​ចំនួន​ពីរ​ផ្សេង​ទៀត ក៏​ទើប​ទទួល​បាន​ភ្លើង​ខៀវ​ពី​រដ្ឋា​ភិបាល​កម្ពុជា​ដើម្បី​ផលិត​ម៉ាស់ ចាប់​ពី​ចុង​ខែ​មេសា និង​ពាក់​កណ្តាល​ឆ្នាំ​២០២០​នេះ​ដែរ ស្រប​ពេល​ដែល​តម្រូវ​ការ​ម៉ាស់​កំពុង​កើន​ឡើង​។

រោងចក្រកាត់ដេរសម្លៀកបំពាក់ទាំងពីរខាងលើនេះ ទី១.គឺក្រុមហ៊ុន Roo Hsing Garment Co.LTD ដែលមានទីតាំងស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងក្រុមហ៊ុន Global Apparel Textile (Cambodia) Manufacturing LTD ដែលមានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមហ៊ុនទាំងពីរនេះ គឺជាក្រុមហ៊ុនវិនិយោគលើរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានកម្មករចន្លោះពី១ពាន់ទៅ២ពាន់នាក់ ទើបនឹងបានស្នើសុំទៅរដ្ឋាភិបាលកម្ពុជា បន្ថែមមុខសញ្ញាផលិតម៉ាស់ ដោយក្នុងមួយថ្ងៃក្រុមហ៊ុន Roo Hsing Garment គ្រោងនឹងផលិតឲ្យបានចន្លោះពី៦ទៅ៨ម៉ឺនម៉ាស់។ ចំណែកឯក្រុមហ៊ុន Global Apparel Textile (Cambodia) Manufacturing LTD វិញ គ្រោងនឹងផលិតម៉ាស់ឲ្យបាន២១៦០០ម៉ាស់នៅក្នុងមួយថ្ងៃ។ ក្រុមហ៊ុនទាំងពីរនេះ នឹងចាប់ផ្តើមដំណើរការផលិត ចាប់ពីចុង ខែមេសា នេះតទៅ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។

ដោយឡែក ក្រៅពីក្រុមហ៊ុនទាំងពីរខាងលើនេះ ក្រុមហ៊ុនចំនួនពីរផ្សេងទៀត ក៏ទើបទទួលបានភ្លើងខៀវពីរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការផលិតម៉ាស់សម្រាប់នាំចេញផងដែរ។ ក្នុងនោះ ក្រុមហ៊ុន HK Burltex ដែលមានទីតាំងស្ថិតនៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគជាង៣លានដុល្លារ គ្រោងនឹងផលិតម៉ាស់ឲ្យបាន៦០ម៉ឺនម៉ាស់នៅក្នុងមួយថ្ងៃ ចាប់ពីចុងខែមេសានេះតទៅ។ ចំណែកឯក្រុមហ៊ុនមួយទៀត ឈ្មោះ Andersen Industries ដែលមានទីតាំងនៅស្រុកអង្គស្នួល ខេត្តកណ្តាល ក៏គ្រោងនឹងធ្វើការផលិតម៉ាស់ ឲ្យបាន១ម៉ឺនម៉ាស់ក្នុងមួយថ្ងៃ ចាប់ពីពាក់កណ្តាលឆ្នាំ២០២០នេះតទៅ។

លោក សុខ ចិន្តា​សោភា រដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ក្រៅពីក្រុមហ៊ុនថ្មីៗទាំង៤ខាងលើនេះ កម្ពុជានៅមានរោងចក្រផលិតម៉ាស់ដ៏ធំមួយទៀតស្ថិតនៅក្នុងខេត្តព្រះសីហនុ។ ក្រុមហ៊ុនខាងលើនេះ ជាក្រុមហ៊ុនផលិតម៉ាស់សុទ្ធសាត និងបានដំណើរការតាំងពីមុនមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩នេះទៅទៀត។ បើតាមលោក សុខ ចិន្តាសោភា ក្រៅពីនេះ កម្ពុជាក៏នៅមានក្រុមហ៊ុនផលិតសំភារៈពេទ្យ ដូចជា ខោ អាវ និងមួក ស្ថិតនៅក្នុងខេត្តកំពង់ចាម និងក្រុងបាវិតខេត្តស្វាយរៀងផងដែរ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ដោយឡែក ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ មកទល់ពេលនេះ កម្ពុជាបានត្រៀមរោងចក្រផលិតម៉ាស់ខ្លួនឯងរួចហើយ ដែលចាប់ពីពេលនេះទៅ កម្ពុជាអាចផលិតម៉ាស់បានជាង១លាន២សែនម៉ាស់ ហើយនឹងបង្កើនសមត្ថភាពផលិតអោយបានច្រើនថែមទៀត៕ RFI

អត្ថបទទាក់ទង