ខ្មែរប៉ុស្ដិ៍ Close

អាងហែលទឹកបែបសិប្បនិម្មិតលើផ្ទៃដី៦ហិកតា នឹងបង្ហាញខ្លួននៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 35
អាងហែលទឹកបែបសិប្បនិម្មិតលើផ្ទៃដី៦ហិកតា នឹងបង្ហាញខ្លួននៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខ អាងហែលទឹកបែបសិប្បនិម្មិតលើផ្ទៃដី៦ហិកតា នឹងបង្ហាញខ្លួននៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខ

ឆ្នេររាម គឺជាគោលដៅទេសចរណ៍មួយដែលរដ្ឋាភិបាលបានកំណត់ទុក ហើយតំបន់នេះក៏កំពុងមានការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគធំៗផងដែរ ឯគម្រោងអភិវឌ្ឍន៍របស់រដ្ឋក៏មានវត្តមានលើទីតាំងនេះក្រាស់ក្រែល ដែលធ្វើឱ្យតំបន់នេះ កាន់តែមានភាពទាក់ទាញថែមទៀត ទោះបីពីមុនជាកន្លែងដ៏ស្ងាត់ជ្រងំក្ដី។

នៅមុននេះបន្តិច ការចុះផ្សាយលើផេកផ្លូវការរបស់ក្រុមហ៊ុន FURI Real Estate បានឱ្យដឹងថា អាងហែលទឹកសិប្បនិម្មិត ដែលល្បីជាង៣០ប្រទេសជុំវិញពិភពលោក ឈ្មោះថា Crystal Lagoon នឹងមានវត្តមាននៅតំបន់ឆ្នេររាម ក្នុងពេលឆាប់ៗនេះ។

«Crystal Lagoon វាជាអាងហែលទឹកបែបសិប្បនិម្មិតហើយល្បីជាង៣០ប្រទេសជុំវិញពិភពលោកអីឡូវនេះបានមកដល់តំបន់ឆ្នេររាមខេត្តព្រះសីហនុហើយ» ។ នេះជាសម្រង់ប្រយោគរបស់ផេក FURI Real Estate នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០២០ នេះ។

គួរជម្រាបផងដែរថា អាងហែលទឹកសប្បនិមិ្មត នេះស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ដែលមានឈ្មោះថា Crystalville​ Ream​ Beach​ ចំណាយទុនវិនិយោគ ប្រមាណ១០០០ លានដុល្លារអាមេរិក លើផ្ទៃដីទំហំ៤៣ ហិកតា ដោយមានការអភិវឌ្ឍជា ៣ដំណាក់កាល ក្នុងនោះមាន ការសាងសង់ជាលំនៅ​ដ្ឋាន​ប្រភេទ​វីឡា​កម្រិត​អភិជន​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ សណ្ឋាគារ​កម្រិត​ផ្កាយ៥ និងផ្សារ​ទំនើប​ ជាដើម។ គម្រោងដ៏មហិមានៅតំបន់ឆ្នេររាមនេះ ត្រូវបានវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក ​FURI​ Corporation​ និង​ក្រុមហ៊ុន​​មក​ពី​ប្រទេសសឹង្ហបុរី។

គួរបញ្ជាក់ផងដែរថា សម្រាប់អាងហែលទឹកដ៏ទាន់សម័យនេះ គឺស្ថិតក្នុងដំណាក់​ទី២​នៃគម្រោងយក្ស Crystalville​ Ream​ Beachនេះ ដែលសាងសង់លើ ​ទំហំដី​រហូតទៅដល់៦ហិ​កតា​ ក្រោម​ជំនាញ​របស់​ក្រុមហ៊ុន​មក​ពី​សាំងហ្គាពួរ​ ហើយក៏​ជា​លក្ខណៈ​ពិសេស​ដែល​ស្ថិតនៅ​ចំ​កណ្តាល​គម្រោង​ Crystalville​ Ream​ Beach​ ផង​ដែរ​។

អត្ថបទ៖ Business Cambodia