ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការអនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិកចូលចតកម្ពុជា ដើម្បីបំបាត់ជំងឺភ័យខ្លាច និងគ្មានការរើសអើងពូជសាសន៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 35
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការអនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិកចូលចតកម្ពុជា ដើម្បីបំបាត់ជំងឺភ័យខ្លាច និងគ្មានការរើសអើងពូជសាសន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការអនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិកចូលចតកម្ពុជា ដើម្បីបំបាត់ជំងឺភ័យខ្លាច និងគ្មានការរើសអើងពូជសាសន៍

ខណៈនាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ​ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី ពាក់ព័ន្ធបញ្ហានេះក៏មានសំណួរលើកឡើងថា ហេតុអ្វីកម្ពុជាឲ្យកប៉ាល់មួយនេះចូលចត។

ឆ្លើយតបបញ្ហានេះលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានស្នើសុំធ្វើកិច្ចសម្ភាសន៍ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមទូរស័ព្ទដោយលើកឡើងថា តើហេតុអ្វីកម្ពុជាសម្រេចអនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិក ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ខណៈប្រទេសនិងកោះសរុបចំនួន៦ បានបដិសេធ, មិនឲ្យចូលចតកំពង់ផែរបស់ខ្លួន ដោយសារខ្លាចមេរោគកូរ៉ូណា ឬ Covid-19 ?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។

«យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ បើគេមិនទទួលកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ», នេះជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់បន្ថែមយ៉ាងដូច្នេះ។

នាវាទេសចរណ៍ដ៏ធំនេះឈ្មោះ​ Westerdam នឹងមកចូលចតនៅកំពង់ផែ​ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០២០ ហើយការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់ ផ្ទុកមេរោគកូរ៉ូណាថ្មី ឬ Covid-19 នោះទេ។

អ្នកវិភាគបានលើកឡើងថា ប្រទេសនិងកោះ ចំនួន៦ដែលបានរារាំងនាវាទសេចរណ៍ខ្នាតយក្សនេះចូលចត សុទ្ធសឹងតែជាប្រទេសដែលមានភាពសិទ្ធស្នាលនឹង សហរដ្ឋអាមេរិក ខណៈនាវាទេសចរណ៍ខាងលើ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិកហូឡេនដ៍ (Holland America) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ដូច្នេះអ្វីដែលជាទង្វើរបស់កម្ពុជាធ្វើនៅពេលនេះ ជាកិច្ចការមនុស្សធម៌ដ៏ល្អណាស់ក្នុងនាមប្រទេសតូចនិងដ៏កំសត់មួយ មិនរើសអើងពូជសាសន៍ និងបង្ហាញទឹកចិត្តដ៏ធំធេងក្នុងការជួយសង្រ្គោះមនុស្សកំពុងជួបគ្រោះអាសន្ន។

អាជ្ញាធរកម្ពុជានឹងសម្របសម្រួលគ្រប់និតីវិធីទាំងអស់ ទាំងការត្រួតពិនិត្យសុខភាពនៅលើកប៉ាល់, មិនយកថ្លៃ Visa និងសេវាផ្សេងៗ ដែលទាំងនេះបង្ហាញទឹកចិត្ត ដ៏ប្រពៃបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ចំពោះផ្នែកកិច្ចការមនុស្សធម៌ និងគ្មានការរើសអើងពូជសាសន៍ប្រទេសដទៃនោះទេ។ ក្រៅពីនោះអាជ្ញាធរនឹងចែកក្រមាដល់អ្នកដំណើរទាំងអស់នោះផងដែរ។

ក្រុមហ៊ុននាវាទេសចរណ៍ បានឲ្យដឹងតាមរយៈគេហទំព័ររបស់ខ្លួនថា នឹងសំចត១-២ថ្ងៃនៅខេត្តព្រះសីហនុ ព្រមទាំងសម្រេចជួលយន្តហោះសម្រាប់ដឹកជញ្ជូនអ្នកដំណើរ ពីព្រលានយន្តហោះ ខេត្តព្រះសីហនុ ទៅកាន់អាកាសយានយន្តអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរបន្តត្រឡប់ទៅផ្ទះវិញរៀងខ្លួនៗ។

ក្រុមហ៊ុន Holland America Line របស់នាវា ​Westerdam បានសរសេរសារនៅលើ Facebook ផ្លូវការរបស់ខ្លួន ដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរកម្ពុជា ដែលបានគាំទ្រ និងអនុញ្ញាតឲ្យកប៉ាល់របស់ខ្លួនបានចូលចតនៅកំពង់ផែព្រះសីហនុ។

គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Westerdam មានដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះអ្នកដំណើរ ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែវាត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង