ខ្មែរប៉ុស្ដិ៍ Close

ការនាំចេញទំនិញពីកម្ពុជាទៅចិន ដំណើរការទៅធម្មតា ទោះបីមានផ្ទុះជំងឺកូរ៉ូណាក៏ដោយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 35
ការនាំចេញទំនិញពីកម្ពុជាទៅចិន ដំណើរការទៅធម្មតា ទោះបីមានផ្ទុះជំងឺកូរ៉ូណាក៏ដោយ ការនាំចេញទំនិញពីកម្ពុជាទៅចិន ដំណើរការទៅធម្មតា ទោះបីមានផ្ទុះជំងឺកូរ៉ូណាក៏ដោយ

ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសចិន មិនទាន់មានសញ្ញាបញ្ជាក់ពីផលប៉ះពាល់ ដោយសារជំងឺរលាកផ្លូវដង្ហើម ដែលបង្កឡើងដោយវីរ៉ុសកូរ៉ូណាប្រភេទថ្មី នៅឡើយទេ។ នេះបើតាមលោក ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា ។

លោក ស៊ាង ថៃ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងសង្កេតឃើញថា ក្នុងរយៈពេលខ្លីមួយខែនេះ គឺការនាំចេញរបស់យើង ក្រសួងពាណិជ្ជកម្មពិនិត្យទៅលើការសុំលិខិតអនុញ្ញាត នាំចេញទំនិញទាំងឡាយទៅកាន់ប្រទេសចិន មិនមានការប្រែប្រួលអ្វីទេ។ ដំណើរការនៅប្រក្រតី អ្នកស្នើសុំ គឺនៅតែដដែល ហើយបើយើងក្រឡេងមើលទៅ យើងនៅតែអាចនិយាយបានថា វីរ៉ុសនេះវាវាយទៅលើមនុស្ស រីឯទំនិញមិនមានជាបញ្ហាអ្វីទេ យើងបញ្ជូនទំនិញជាធម្មតាទេ»។

អ្នកនាំពាក្យរូបនេះបន្តថា កម្ពុជាក៏កំពុងរង់ចាំមើលថា តើការផ្ទុះឡើងនៃវីរុសកូរ៉ូណានេះ អូសបន្លាយរយៈពេលវែងបែបណា ហើយអាចនឹងជះឥទ្ធពលយ៉ាងណា ចំពោះវិស័យពាណិជ្ជកម្មរបស់កម្ពុជា ប៉ុន្តែចំពោះពេលបច្ចុប្បន្ននេះ ដំណើរការនាំចេញនាំចូលពីកម្ពុជាទៅចិន និងពីចិនកម្ពុជា នៅតែដំណើរការធម្មតា។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឆ្លាស់វេនក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការផ្ទុះឡើងនៃជំងឺកូរ៉ូណា បានប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចជាសកល ប៉ុន្តែចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន គឺមិនមានបិទច្រកពាណិជ្ជកម្មរវាងប្រទេសទាំង២ ដោយសារតែភ័យខ្លាចវីរុសកូរ៉ូណានោះទេ។

លោក សុវិជាតិ បានបញ្ជាក់ថា «យើងអាចសម្លឹងឃើញផលវិបាកវែងឆ្ងាយ ប៉ុន្តែបច្ចុប្បន្នមិនមានផលវិបាកទេ ដោយយើងកំពុងរក្សានៅក្នុងស្ថានភាពដដែល នៃការនាំចេញរបស់យើងទៅកាន់ប្រទេសចិន ក៏ដូចជាការនាំចូលទំនិញពីចិនមកកម្ពុជាយើង»។

លោក ប៉ែន សុវិជាតិ បានបង្ហាញនូវក្តីសង្ឃឹម និងជឿជាក់ថា ដោយសារតែទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ជាមួយនឹងគោលនយោបាយ ជំរុញការវិនិយោគិនរបស់ចិនមកកម្ពុជា រោងចក្រកែច្នៃផលិតកសិកម្ម ដែលវិនិយោគដោយភាគីចិន នឹងបង្កើតឡើងជាបន្តបន្ទាប់ នៅប្រទេសកម្ពុជាជាក់ជាពុំខាន។

អ្នកនាំពាក្យរូបនេះនិយាយថា «ខ្ញុំជឿជាក់ថា នៅពេលដែលមហាមិត្តចិនមើញឃើញថា ប្រទេសកម្ពុជាបច្ចុប្បន្នមិនមានការរើសអើង [ការផ្ទុះជំងឺកូរ៉ូណា] ហើយមានសេចក្តីក្លាហានក្នុងការបន្តទំនាក់ទំនង សេដ្ឋកិច្ចជាមួយគ្នានេះ គឺការទាក់ទាញវិនិយោគរបស់អ្នកវិនិយោគចិន មកធ្វើកិច្ចការរកស៊ីនៅក្នុងប្រទេសកម្ពុជា […] បច្ចុប្បន្ននេះយើងជួបការលំបាកបន្តិចមែន ប៉ុន្តែទៅអនាគតការលំបាកនេះទៅជាភាពងាយស្រួលវិញ យើងគិតថាក្រោយភ្លៀងមេឃ និងស្រឡះ»។

សូមជម្រាបថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ ៧,៤០០លានដុល្លារអាមេរិក នៅក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់១,៣៧៧លានដុល្លារអាមេរិក កើនឡើង៣៧% និងនាំចូលមានទំហំទឹកប្រាក់ ៦,០០០លានដុល្លារអាមេរិក គឺបានកើនឡើង២៦%។ ប្រទេសទាំងពីរ បានដាក់ចេញនូវគោលដៅថ្មីទៀត គឺជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់ ១០ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០២៣៕

អត្ថបទទាក់ទង