ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សម្ដេច ហ៊ុន សែន ថ្លែងទៅកាន់ជនរួមជាតិទាក់ទងនឹងស្ថានភាពវីរុសកូរ៉ូណា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 42
ប្រសាសន៍សម្ដេច ហ៊ុន សែន ថ្លែងទៅកាន់ជនរួមជាតិទាក់ទងនឹងស្ថានភាពវីរុសកូរ៉ូណា ប្រសាសន៍សម្ដេច ហ៊ុន សែន ថ្លែងទៅកាន់ជនរួមជាតិទាក់ទងនឹងស្ថានភាពវីរុសកូរ៉ូណា

ខាងក្រោមនេះជាប្រសាសន៍សង្ខេបរបស់សម្ដេច ហ៊ុន សែន ក្នុងការថ្លែងទៅកាន់ជនរួមជាតិទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននៃវីរុសកូរ៉ូណានៅកម្ពុជា ពីវិមានសន្តិភាព៖

  • សម្ដេច ហ៊ុន សែន៖ ជម្ងឺពិតប្រាកដរបស់ប្រជាពលរដ្ឋរបស់យើង គឺជម្ងឺភ័យខ្លាចហួសហេតុ
  • សម្ដេច ហ៊ុន សែន៖ កម្ពុជាជាម្ចាស់ផ្ទះការប្រជុំអាស៊ាននៅឆ្នាំ២០០២ ខណៈដែលមានការផ្ទុះឡើងនៃជម្ងឺសារស៍
  • សម្ដេច ហ៊ុន សែន៖ ខ្ញុំធ្លាប់ឆ្លងជម្ងឺ Swine Flu កាលពីពេលប្រជុំនៅអគារមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្ត្រីពីពេលកន្លងទៅ
  • សម្ដេច ហ៊ុន សែន បន្ទោសលោក ហេង ឡុង និងលោក KO1 ដែលបានបង្ហោះព័ត៌មានក្លែងក្លាយទាក់ទងនិងវីរុសកូរ៉ូណា ជាហេតុធ្វើអោយប្រជាពលរដ្ឋមួយចំនួនធំដែលមិនយល់ មានការភ័យខ្លាច
  • សម្ដេច ហ៊ុន សែន កោតសរសើចំពោះក្រសួងសុខាភិបាលដែលមានភាពម្ចាស់ការលើយន្តការប្រតិកម្មរហ័សរបស់ក្រសួងដើម្បីឆ្លើយតបភ្លាមៗទៅនឹងករណីផ្ទុះឡើងនៃវីរុសកូរ៉ូណា
  • សម្ដេច ហ៊ុន សែន កោតសរសើរ BTV ដែលបានចុះទៅយកព័ត៌មាន និងថតផ្ទាល់ដល់បន្ទប់សង្គ្រោះដែលជនរងគ្រោះជនជាតិចិនកំពុងទទួលការព្យាបាល
  • សម្ដេច ហ៊ុន សែន បន្ទោស សារព័ត៌មាន ដើមអម្ពិលដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាក់ទងនិងវីរុសកូរ៉ូណានេះ
  • សម្ដេច ហ៊ុន សែន៖ ជម្ងឺឆ្លងបែបនេះ មិនមែនទើបតែកើតឡើងនៅលើពិភពលោក និងនៅកម្ពុជានោះទេ
  • សម្ដេច ហ៊ុន សែន ឆ្លើយតបទៅនឹងវិទ្យុបរទេសនិយាយភាសាខ្មែរមួយដែលអ្នកអត្ថធិប្បាយបានបន្ទោសរដ្ឋាភិបាលកម្ពុជាដែលបណ្ដែតបណ្ដោយអោយមានជើងហោះហើរពីវូហានមកកម្ពុជា ថាប្រទេសរបស់អ្នកអត្ថធិប្បាយនោះក៏មានអ្នកឆ្លងដែរ
  • សម្ដេច ហ៊ុន សែន៖ ការបិទជើងហោះហើរចេញពីប្រទេសចិនមកកម្ពុជា ជាផ្នែកមួយនៃការសម្លាប់សេដ្ឋកិច្ចរបស់កម្ពុជា ហើយក៏ជាផ្នែកមួយនៃទំនាក់ទំនងកម្ពុជា-ចិន
  • សម្ដេច ហ៊ុន សែន៖ ចិនមានការទទួលខុសត្រូវខ្ពស់លើប្រជាជនខ្លួនឯង និងប្រជាជាតិទាំងអស់នៅលើពិភពលោក
  • សម្ដេច ហ៊ុន សែន៖ រដ្ឋមន្ត្រីការបរទេសចិនដែលនឹងត្រូវមកបំពេញទស្សនកិច្ចនៅកម្ពុជានៅដើមខែក្រោយ បានលើកពេលដើម្បីដោះស្រាយបញ្ហានេះនៅក្នុងប្រទេសរបស់ខ្លួន
  • សម្ដេច ហ៊ុន សែន៖ យើងមិនចាំបាច់បិទជើងហោះហើរជាមួយចិននោះទេ ប្រទេសចិនបានបិទមិនអោយមានជើងហោះហើរចេញក្រៅប្រទេសរួចទៅហើយ
  • សម្ដេច ហ៊ុន សែន៖ ចំពោះការសំណូមពរអោយបញ្ជូននិស្សិតខ្មែរមកមាតុប្រទេសវិញ សម្ដេចមិនយល់ស្របនោះទេ។ ពេលសុខស្រួលនៅជាមួយគ្នា ពេលលំបាករត់ចោលគ្នា។ រដ្ឋាភិបាលចិនមានភារកិច្ចមើលថែទាំនិស្សិតខ្មែរក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។ ប្រជាជនចិនជាង១៤០០លាននាក់ហ៊ាននៅ ហេតុអ្វីនិស្សិតរបស់យើងមិនហ៊ាននៅ។ តែបើចង់មកកម្ពុជា គួរសុំច្បាប់សាលាអោយបានត្រឹមត្រូវ
  • សម្ដេច ហ៊ុន សែន៖ លើកឡើងពីគ្រោះមហន្តរាយនុយក្លេអ៊ែរនៅជប៉ុនកាលពីពេលកន្លងទៅ ពេលនោះសម្ដេចបានណែនាំអោយអ្នកការទូតរបស់យើងបន្តស្នាក់នៅតូក្យូ។ ប្រជាជនជប៉ុនអាចរស់នៅបាន ហេតុអ្វីយើងរស់នៅជាមួយគេមិនបាន? ពេលនោះយើងក៏បានរៃអង្គាសប្រាក់មួយចំនួនដើម្បីជួយដល់ប្រទេសជប៉ុនថែមទៀតផង
  • សម្ដេច ហ៊ុន សែន៖ លើកឡើងពីបញ្ហានៅកូរ៉េខាងត្បូង ដែលកូរ៉េខាងជើងគម្រាមពីការកើតឡើងនូវសង្គ្រាម។ ពេលនោះមានសំណូមពរពីប្រជាពលរដ្ឋ និងក្រុមប្រឆាំងមួយចំនួនដែលអោយយោបល់ថា ត្រូវជម្លៀសប្រជាពលកររបស់យើងមកប្រទេសវិញ តែសម្ដេចបដិសេដ និងស្នើអោយបន្តរួមសុខរួមទុក្ខជាមួយពលរដ្ឋកូរ៉េខាងត្បូង
  • សម្ដេច ហ៊ុន សែន៖ នឹងមិនមានការជម្លៀសអ្នកការទូត និងនិស្សិតខ្មែរចេញពីប្រទេសចិននោះទេ។ យើងនឹងរួមសុខរួមទុក្ខជាមួយប្រជាជនចិន
  • សម្ដេច ហ៊ុន សែន៖ ស្ថាប័នដែលមានអ្នកនាំពាក្យខ្លាំងបំផុត គឺ «ក្រសួងសុខាភិបាល»
  • សម្ដេច ហ៊ុន សែន៖ នាយករដ្ឋមន្រ្តីបានតាមដានជាប់ជានិច្ចលើបញ្ហាវីរុសនេះ តែទុកភារៈអោយស្ថាប័នមានសមត្ថកិច្ចជាអ្នកធ្វើការ
  • សម្ដេច ហ៊ុន សែន៖ យើងអាចបញ្ជៀសនូវរាល់ការឆ្លងជម្ងឺគ្រប់ប្រភេទ តាមរយៈការរក្សាអនាម័យផ្ទាល់ខ្លួន
  • សម្ដេច ហ៊ុន សែន៖ ត្រូវផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋ
  • សម្ដេច ហ៊ុន សែន ស្នើអោយសារព័ត៌មានដែលមានវិជ្ជាជីវៈ និងអ្នកលេងបណ្ដាញសង្គមដែលមានការទទួលខុសត្រូវ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ
  • សម្ដេច ហ៊ុន សែន៖ ព័ត៌មានដែលអាចយកជាការបានទាក់ទងនឹងករណីវីរុសកូរ៉ូណានេះ គឺមានតែ «ក្រសួងសុខាភិបាល»
  • សម្ដេច ហ៊ុន សែន៖ ត្រូវដំណើការជាធម្មតានូវគ្រប់ស្ថាប័នទាំងអស់ មិនអោយមានការបិទស្ថាប័នធ្វើការណាមួយដោយសារករណីជម្ងឺនេះនោះទេ
  • សម្ដេច ហ៊ុន សែន៖ គោលការណ៍ដើមរបស់អាស៊ាន ប្រសិនបើមានប្រទេសណាមានរកឃើញជម្ងឺឆ្លង ត្រូវទទួលការព្យាបាលនៅក្នុងប្រទេសនោះអោយបានជាសះស្បើយសិន មុននឹងបញ្ជូនទៅប្រទេសសាម៉ី ឬប្រទេសផ្សេងទៀត
  • សម្ដេច ហ៊ុន សែន៖ សាលារៀន ត្រូវផ្ដល់ទំនុកចិត្តដល់មាតាបិតារបស់សិស្ស អោយបញ្ជូនកូនមករៀនជាធម្មតា។ ក្រសួងអប់រំត្រូវសហការជាមួយក្រសួងសុខាភិបាលដើម្បីចុះអប់រំតាមសាលាទាក់ទងនឹងជម្ងឺឆ្លងនេះ។ គ្រប់សាលារៀនត្រូវបង្កើនការរក្សាអានាម័យដល់សិស្ស និស្សិត
  • សម្ដេច ហ៊ុន សែន៖ ត្រូវមានម៉ាសការពារនៅកន្លែងចាំបាច់
  • សម្ដេច ហ៊ុន សែន៖ អ្នកលក់ម៉ាសកុំឈ្លៀតឡើងថ្លៃ ត្រូវជួយគ្នាក្នុងគ្រាមានតម្រូវការ
  • សម្ដេច ហ៊ុន សែន អំពាវនាវអោយរោងចក្រកាត់ដេរមួយចំនួន ដេរម៉ាសដើម្បីលក់អោយរដ្ឋ និងចែកចាយអោយប្រជាពលរដ្ឋដែលកំពុងមានតម្រូវការ។ ក្រសួងការងារត្រូវសហការជាមួយរោងចក្រនានាដើម្បីដេរម៉ាសបន្ថែម
  • សម្ដេច ហ៊ុន សែន៖ ក្នុងករណីជម្ងឺសារស៍ រោងចក្រ Manhattan នៅកំពង់ចាម បានដេរសម្លៀកពាក់ការពារជំងឺសារស៍ដើម្បីផ្គត់ផ្គង់នៅតាមមន្ទីរពេទ្យនានា
  • សម្ដេច ហ៊ុន សែន៖ បើគ្មានម៉ាស យើងក៏អាចប្រើប្រាស់កន្សែង ឬក្រម៉ាបានដែរ
  • សម្ដេច ហ៊ុន សែន៖ ត្រូវដំណើការផ្នែកសេវាទេសចរណ៍ជាធម្មតាដោយគ្មានការរើសអើង
  • សម្ដេច ហ៊ុន សែន៖ បើបិទជើងហោះហើរ ត្រូវបិទពីគ្រប់ប្រទេសដែលមានឆ្លងវីរុសនេះ នោះកម្ពុជានឹងស្ថិតនៅជាប្រទេសឯកោ។ កម្ពុជានឹងក្លាយជាប្រទេសដែលដាក់អោយឯកោខ្លួនឯង
  • សម្ដេច ហ៊ុន សែន ស្នើអោយប្រជាពលរដ្ឋបន្តដើរលេងកំសាន្តជាធម្មតាដោយកុំអាយមានភាពភ័យខ្លាច
  • សម្ដេច ហ៊ុន សែន៖ អ្នកការទូតកម្ពុជា អគ្គកុងស៊ុល និងនិស្សិតកម្ពុជា នៅប្រទេសចិន រួមទាំងនៅទីក្រុងវូហាន ត្រូវបន្តរួមគ្នាប្រយុទ្ធប្រឆាំងជាមួយនិងជម្ងឺឆ្លងនេះ។ «ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានទុក្ខលំបាក»
  • សម្ដេច ហ៊ុន សែន រម្លឹកពីមូលហេតុដែលគេមិនអនុញ្ញាតអោយលោក KO1 ធ្វើការ Live ពីតំបន់បាក់អគារ គឺដោយសារតែគាត់និយាយតែផ្ដេសតែផ្ដាស
  • សម្ដេច ហ៊ុន សែន៖ ប្រធានគណបក្សនយោបាយមួយបានវាយសារផ្ញើព័ត៌មានក្លែងក្លាយមកសម្ដេច ហើយសម្ដេចបានលើកឡើងថា ប្រធានគណបក្សនយោបាយនោះមិនជោគជ័យ ក៏ព្រោះតែគាត់ទទួលព័ត៌មានមិនពិតពីបណ្ដាញរបស់ខ្លួន
  • សម្ដេច ហ៊ុន សែន៖ រាជរដ្ឋាភិបាលនឹងចំណាយថវិកាលើវិធានការទប់ស្កាត់វីរុសនេះ ទោះក្នុងទំហំណាក៏ដោយ។ ប៉ុន្តែដំណាក់កាលនេះ ក្រសួងសុខាភិបាលមានកញ្ចប់ថវិកាគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានេះ
  • សម្ដេច ហ៊ុន សែន៖ ការបង្កើតគណកម្មការនានាបានធ្វើអោយបាត់បង់ការទទួលខុសត្រូវពីស្ថានប័នជំនាញដូចមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តិ។ ក្នុងកាលៈទេសៈនេះ ក្រសួងសុខាភិបាល មានភារៈទទួលខុសត្រូវលើបញ្ហានេះ។ ក្រសួងស្ថាប័នផ្សេងក៏មានភារៈទទួលខុសត្រូវលើជំនាញរៀងៗខ្លួន
  • សម្ដេច ហ៊ុន សែន៖​ បញ្ហាកើតឡើងលើសមត្ថកិច្ចរបស់ស្ថាប័នណា ស្ថាប័ននោះជាអ្នកទទួលខុសត្រូវ។ ពុំចាំបាច់បង្កើតគណកម្មការចំពោះកិច្ច ឬមិនចំពោះអ្វីនោះទេ
  • សម្ដេច ហ៊ុន សែន៖ យើងចូលរួមចំណែកជាមួយចិនដោយមិនបិទជើងហោះហើរជាមួយចិន មិនជន្លៀសប្រជាជនកម្ពុជាពីចិន មិនបិទការនាំចូលទំនិញពីចិន ការជួយព្យាបាលប្រជាជនចិនអោយជាសះស្បើយ ការជួយការពារប្រជាជនចិនមិនអោយមានការឆ្លងរីរាលដាលជម្ងឺនេះ មិនរើសអើងប្រជាជនចិន សុទ្ធតែជាសមានចិត្តដែលយើងមានជាមួយប្រជាជនចិន
  • សម្ដេច ហ៊ុន សែន៖ ចំពោះការចែកចាយព័ត៌មានក្លែងក្លាយ ជាបឋមយើងជ្រើសយកវិធានការអប់រំជាការប្រសើរ។ យើងមិនមានភាពចាំបាច់ដើម្បីដាក់ទោសទណ្ឌដល់អ្នកប្រព្រឹត្តព័ត៌មានក្លែងក្លាយ ពេលគេទទួលសារភាពកំហុសនោះទេ
  • សម្ដេច ហ៊ុន សែន៖ អ្នកដែលបង្កើត និងចែកចាយព័ត៌មានក្លែងក្លាយ ភាគច្រើនមកពីខាងក្រៅប្រទេស
  • សម្ដេច ហ៊ុន សែន៖ អង្គការសុខភាពពិភពលោក រួមទាំងពិភពលោកទាំងមូលមិនទាន់មានការផលិតវ៉ាក់សាំងណាដែលអាចសម្លាប់វីរុសនេះបាននៅឡើយទេ
  • សម្ដេច ហ៊ុន សែន៖ មកដល់ពេលនេះ គ្មានពលរដ្ឋកម្ពុជាណាម្នាក់បានឆ្លងវីរុសកូរ៉ូណានេះនៅឡើយទេ។ រឿងដែលថាប្រជាពលរដ្ឋខ្មែរមិនទុកចិត្តវិស័យសុខាភិបាលខ្មែរ គឺជាការថែមថយរបស់អ្នកកាសែតប៉ុណ្ណោះ
  • សម្ដេច ហ៊ុន សែន៖ យើងអាចគ្រប់គ្រងស្ថានភាពបច្ចុប្បន្ននេះបានទាំងស្រុង សូមអោយប្រជាពលរដ្ឋម្នាក់ៗកុំមានការភ័យខ្លាច និងរួមចំណែកក្នុងការការពារខ្លួនដោយរក្សាអនាម័យផ្ទាល់ខ្លួនជាចម្បង
  • សម្ដេច ហ៊ុន សែន៖ លោកជាមេបញ្ជាការកំពូលរបស់ប្រទេសលើគ្រប់វិស័យ ហើយស្ថាប័នគ្រប់ប្រភេទជាអ្នកចេញអនុវត្ត
  • សម្ដេច ហ៊ុន សែន៖ ស្នើអោយស្ថាប័នសារព័ត៌មានធ្វើការវាយប្រហារលើស្ថាប័នសារព័ត៌មាន ឬបុគ្គលណាដែលបង្កើត ឬចែកចាយព័ត៌មានក្លែងក្លាយ។ ហើយសម្ដេចនឹងចេញលិខិតសរសើរអោយនៅពេលជួបប្រជុំជាមួយអ្នកសារព័ត៌មាននាឆ្នាំក្រោយ

អត្ថបទទាក់ទង