ខ្មែរប៉ុស្ដិ៍ Close

ជប៉ុនផ្ដល់ជំនួយជិត ២លានដុល្លារ លើគម្រោងបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីននៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36
ជប៉ុនផ្ដល់ជំនួយជិត ២លានដុល្លារ លើគម្រោងបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីននៅកម្ពុជា ជប៉ុនផ្ដល់ជំនួយជិត ២លានដុល្លារ លើគម្រោងបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីននៅកម្ពុជា

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះហត្ថលេខារួមគ្នា លើកំណត់ត្រាស្តីពី «កិច្ចសហប្រតិបត្តិការបច្ចេកទេស នៃគម្រោងពង្រឹងតួនាទីអង្គភាពស៊ីម៉ាក់» ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រអង្គភាពស៊ីម៉ាក់ ដែលមានរយៈពេល៤ឆ្នាំ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំ២០២៤។

ពិធីចុះហត្ថលេខាលើកំណត់ត្រាស្តីពី «កិច្ចសហប្រតិបត្តិការបច្ចេកទេស នៃគម្រោងពង្រឹងតួនាទីអង្គភាពស៊ីម៉ាក់» ខាងលើនេះ ចុះហត្ថលេខាដោយលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ជាមួយលោក Yuichi Sugano ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលរៀបចំធ្វើឡើង នៅទីស្នាក់ការស៊ីម៉ាក់ រាជធានីភ្នំពេញ។

ក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួម ជាសាក្សីពីសំណាក់នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកការងារ មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ, លោក ខឹម សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាភិបាលស៊ីម៉ាក់ និងលោក Masahiro Mikami ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជាផងដែរ។

លោក ហេង រតនា បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការបច្ចេកទេស នៃគម្រោងពង្រឹងតួនាទីអង្គភាពស៊ីម៉ាក់ ដែលមានរយៈពេល៤ឆ្នាំនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការ បច្ចេកទេសជួយកសាងសមត្ថភាពបច្ចេកទេស របស់អង្គភាពស៊ីម៉ាក់ ឲ្យកាន់តែល្អប្រសើរថែមទៀត។

លោក ហេង រតនា បានបន្ថែមទៀតថា ទន្ទឹមនឹងនេះក៏ប្រកាសផ្តល់ថវិកា ជាជំនួយឥតសំណងចំនួន ជាង១លាន៧៩ម៉ឺនដុល្លារអាមេរិក ដល់អង្គភាពស៊ីម៉ាក់ គាំទ្រគម្រោងសមាហរណកម្ម បោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន។ ជំនួយនេះផ្តល់ជូនរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃគំរោងថវិកាបដិភាគរាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន។

សូមជម្រាបថា ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩នេះ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើវិស័យមីនមកកម្ពុជា មានទឹកប្រាក់ប្រមាណជាង២០០លានដុល្លាអាមេរិក។

ក្នុងនាមជាប្រតិបត្តករជាតិ សមិទ្ធផលដែលស៊ីម៉ាក់សម្រេចបានគិតចាប់ពីខែមីនា ឆ្នាំ១៩៩២ ដល់ខែតុលា ឆ្នាំ២០១៩ មានជាអាទិ៍បោសសម្អាតផ្ទៃដីចម្ការមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សរុបជាង១,០៦៤គីឡូម៉ែត្រក្រឡា និងរុករកឃើញ និងកម្ទេចចោលគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទជិត៣លានគ្រាប់ និងរកឃើញគ្រាប់បែកអាវុធគីមី ចំនួន៦៨ទីតាំង៕

អត្ថបទទាក់ទង