ព្រះរាជពិធីបុណ្យអុំទូកតាមទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដែលមានរយៈពេល ៣ថ្ងៃ បញ្ចប់ដោយភាពជោគជ័យសប្បាយរីករាយ!
ព្រះរាជពិធីបុណ្យអុំទូកតាមទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដែលមានរយៈពេល ៣ថ្ងៃ នៅមុខព្រះបរមរាជវាំង នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ចប់ដោយភាពជោគជ័យសប្បាយរីករាយ។ ក្នុងរយៈពេល ៣ថ្ងៃនេះ មានទូកមួង ទូកខ្នាតអន្តរជាតិ និងទូកង សរុប ២៩១ ទូក បានចូលរួមប្រកួតប្រណាំង ដែលក្នុងនោះ មានទូកខ្នាតអន្តរជាតិ ចំនួន ៦៦ ទូក ( ទូកនារី ២ទូក ) ទូកង ចំនួន ១៦៤ទូក ( ទូកនារី ១ទូក ) ទូកមួង ៣១ ( ទូកនារី ២ទូក ) ចំណុះទូក មានចំនួនសរុបប ១៩២១៨នាក់ ( ស្ត្រី ២៧៣នាក់ )។
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានអនុគណៈកម្មការបច្ចេកទេសប្រណាំងទូក និងគណៈមេប្រយោគ បានប្រកាសថា ឆ្លងកាត់ការប្រឡងប្រណាំងយ៉ាងស្វិតស្វាញ ក្នុងស្មារតីសាមគ្គីភាព ភារតភាព យុត្តិធម៌ និងអង់អាចក្លាហានអស់រយៈពេល ៣ថ្ងៃមកនេះ លទ្ធផលបច្ចេកទេស ទទួលបានដូចខាងក្រោម៖
១- ទូកខ្នាតអន្តរជាតិនារី ផែនលេខ១ មានចំនួន ១ទូក ផែនលេខ២ មានចំនួន ១ទូក
២- ទូកខ្នាតអន្តរជាតិបុរស ផែនលេខ១ មានចំនួន ១៤ទូក ផែនលេខ២ មានចំនួន ៣៥ទូក ផែនលេខ៣ មានចំនួន ៣១ទូក និងផែនលេខ៤ មានចំនួន ១៤ទូក
៣- ទូកអុំប្រពៃណីនារី ផែនលេខ១ មានចំនួន ១ទូក
៤- ទូកអុំប្រពៃណីបុរស ផែនលេខ១ មានចំនួន ១១០ទូក ផែនលេខ២ មានចំនួន ២៨ទូក ផែនលេខ៣ មានចំនួន ១៩ទូក និងផែនលេខ៤ មានចំនួន ៦ទូក
៥- ទូកចែវនារី ផែនលេខ១ មានចំនួន ១ទូក ផែនលេខ២ មានចំនួន ១ទូក
៦- ទូកចែវបុរស ផែនលេខ១ មានចំនួន ៨ទូក ផែនលេខ២ មានចំនួន ៨ទូក ផែនលេខ៣ មានចំនួន ១២ ទូក និងផែនលេខ៤ មានចំនួន ១ទូក
៧- ទូកគូពិសេស នៅឆ្នាំ២០១៩នេះ មានចំនួន ៩៦ទូក។ ក្រោយពីបានធ្វើការប្រកួតប្រជែងស្វិតស្វាញអស់រយៈពេល ៣ថ្ងៃមកនេះ យើងសង្កេតឃើញថា ទូកគូពិសេស ដែលមានល្បឿនលឿនជាងគេ នៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា មានចំនួន ៣ ទូក គឺ៖
លេខ១-ទូក ឈ្មោះ សារាយតេជោ សែនជ័យ មកពីខេត្តកណ្តាល ពាក់ស្លាកលេខ ២២២ មានចំណុះ ៧២នាក់ ក្នុងរយៈពេល ៣ថ្ងៃនេះ បានប្រើប្រាស់ថេរវេលាត្រឹមតែ ៣០នាទី ២៦វិនាទី និង៤៥ ភាគរយ។ ទូកនេះ ជាទូកឧបត្ថម្ភដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល
លេខ២-ទូកឈ្មោះ សម្តេចវិបុលបញ្ញា បារមីមានជ័យ មកពីខេត្តតាកែវ ពាក់ស្លាកលេខ ២២៣ មានចំណុះ ៧៤នាក់ ក្នុងរយៈពេល ៣ថ្ងៃនេះ បានប្រើប្រាស់ថេរវេលា ៣០នាទី ៣៣វិនាទី និង ៧១ភាគរយ តែប៉ុណ្ណោះ។ ទូកនេះ ឧបត្ថម្ភដោយលោក សុខ សូកាន ( កូនប្រុសសម្តេចវិបុលបញ្ញា សុខ អាន )
លេខ៣-ទូកឈ្មោះ គិរីរង្ស សុខសែនជ័យ មកពីខេត្តតាកែវ ពាក់ស្លាកលេខ ២៣២ មានចំណុះ ៧៤នាក់ ក្នុងរយៈពេល ៣ថ្ងៃនេះ បានប្រើប្រាស់ថេរវេលា ត្រឹមតែ ៣០នាទី ៤៨វិនាទី. ៣២ភាគរយ។ ជាទូកឧបត្ថម្ភដោយលោក សុខ សូកាន។
៨-ទូកដែលទទួលបានជ័យជម្នះ ជ័យលាភីផ្នែកសោភណ្ឌភាព៖
ឆ្លងកាត់ការវាយតម្លៃរបស់គណៈកម្មការសោភណ្ឌភាព គណៈកម្មការបច្ចេកទេស និងគណៈមេប្រយោគ បានរកឃើញថា ទូកដែលមានក្បូរក្បាច់រចនាបថ សោភណ្ឌភាពល្អ មានវិន័យ មានសេចក្តីថ្លៃថ្នូរ និងលក្ខណៈសម្បត្តិល្អប្រសើរជាងគេ ត្រូវបានទទួលរង្វាន់ផ្នែកសោភណ្ឌភាព មាន ៣ ទូក គឺ៖
១- ក្អែកស តេជោ សែនជ័យ ជាទូកមកពីរាជធានីភ្នំពេញ ពាក់ស្លាកលេខ ១៦២ ចំណុះ ៧៦នាក់ ឧបត្ថម្ភដោយលោក ជា សុផារ៉ា
២- នរិន្ទ្រ រង្សី ស្រីសរវិជ៏័យចិត្រាបុត្រ ជាទូកមកពីខេត្តបាត់ដំបង ពាក់ស្លាកលេខ១៣០ ចំណុះ ៧៥នាក់ ឧបត្ថម្ភដោយលោក ស ខេង និងលោក សេង យូអាន់
៣- សុវណ្ណរាជសី បារមីបន្ទាយមហានគរ ជាទូកមកពីខេត្តបន្ទាយមានជ័យ ពាក់ស្លាកលេខ ១២៨ ចំណុះ ៧៦នាក់ ឧបត្ថម្ភដោយលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៕