សមត្ថកិច្ចជំនាញកម្ពុជា បង្ហាញខ្សែអាត់សម្លេងបណ្តាញរបស់មេភេរវករ សម សេរី ដែលនិយាយគ្នាចង់ដាក់បង្កៃគ្រាប់បែកនៅវត្តភ្នំ និងសៀមរាប
ថ្លែងចេញពីវេទិកាប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៣ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា ក្រុមជនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយបុគ្គលឈ្មោះ «សម សេរី» ដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក បានរៀបចំផែនការបំផ្លាញការសប្បាយរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។
បញ្ហាទាំងអស់នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ដឹងរួចរាល់ហើយ ព្រមទាំងបានរៀបចំវិធានការរក្សាសន្តិសុខតឹងរឹងបំផុតមិនឲ្យបំណងទុច្ចរិតរបស់ក្រុមជន ដែលសម្តេចហៅថាជនក្បត់ជាតិនេះធ្វើបានសម្រេចនោះឡើយ។
ភ្លាមៗនៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញជាន់ខ្ពស់របស់កម្ពុជា សូមបង្ហាញនូវខ្សែអាត់សម្លេងសំងាត់បណ្តាញរបស់មេភេរវករ សម សេរី (ហៅ យាន យៀប) ដែលនិយាយគ្នាអំពីផែនការអាក្រក់ចង់ដាក់បង្កៃគ្រាប់បែក នៅរមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ និងនៅខេត្តសៀមរាប នាឱកាសពេលចូលឆ្នាំខាងមុខនេះ គោលបំណងដើម្បីបំផ្លាញស្ថេរភាពនៅកម្ពុជា។
ពាក់ព័ន្ធខ្សែអាត់សម្លេងនេះ សមត្ថកិច្ចជំនាញជាន់ខ្ពស់របស់កម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះថា យោងតាមច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលួយ និងច្បាប់ប្រឆាំងភេរវកម្ម សមត្ថកិច្ចមានសិទ្ធិគ្រប់គ្រាន់ក្នុងការស្តាប់កិច្ចសន្ទនារបស់ក្រុមដែលមានបំណងចង់បង្កភេរវកម្ម។
ខ្លឹមសារនៃខ្សែអាត់សម្លេងទី១មានដូចតទៅ៖ * នៅថ្ងៃទី០៧ ខែមេសា វេលាម៉ោង០៧៖៤៣នាទី ស្ត្រីឈ្មោះ ហ៊ុយ ធូ (បណ្តាញ សម សេរី) បានប្រាប់កម្លាំងរបស់ខ្លួនខាងក្នុងថា៖ សម សេរី (ហៅអាយៀប) បានប្រាប់ថានៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ វាឲ្យកម្លាំងមកពីរនាក់ ក្នុងនោះមានឈ្មោះ ម៉ៅ វណ្ណៈ នៅខេត្តសៀមរាប, ហើយវាឲ្យខ្ញុំរៀបចំបាយទឹក នឹងកន្លែងដេកនៅផ្ទះរបស់ខ្ញុំ។ កម្លាំងរបស់ខ្លួនខាងក្នុងបានឆ្លើយតបវិញថា៖ ពេលពួកវាមក រៀបបាយឲ្យវាធម្មតាទៅ។ ស្ត្រីឈ្មោះ ហ៊ុយ ធូ បានឆ្លើយតបថា៖ នៅថ្ងៃទី១២ ខែមេសា ក្នុងអំឡុងពេលចូលឆ្នាំនេះ សម សេរី បានប្រាប់ឲ្យក្រុមរបស់វាមកប្រជុំគ្នានៅក្នុងផ្ទះរបស់ខ្លួន ហើយវាប្រាប់ឲ្យខ្ញុំទៅជួបព្រះអង្គទេវី (ហៅ យិន រតនៈសុធាវី) គង់នៅវត្តចំការខ្សាច់ ព្រោះព្រះអង្គ ទេវី ជាប្រធាន។ ហើយវាបានប្រាប់ទៀតថា ឲ្យចាំមើលនៅថ្ងៃទី១២ ខែមេសា ពួកវាជិះឡានមកផ្ទះរបស់ខ្លួន ដូចកាលពីលើកមុន ដែលពួកវាមកពីប្រទេសថៃ ទំរាំមកដល់ប្រហែលម៉ោង០៩ ទៅម៉ោង១០យប់ទើបមកដល់។ កម្លាំងរបស់ខ្លួនខាងក្នុង បានឆ្លើយតបថា៖ មើលតាមដានរឿងហ្នឹងឲ្យដល់ទីបញ្ចប់ទៅ។
ខ្លឹមសារនៃខ្សែអាត់សម្លេងទី២មានដូចតទៅ៖ * នៅថ្ងៃទី០៩ ខែមេសា វេលាម៉ោង០៩៖០៧នាទី ស្ត្រីឈ្មោះ ហ៊ុយ ធូ បានប្រាប់កម្លាំងរបស់ខ្លួនខាងក្នុងថា៖ សម សេរី បាននិយាយជាមួយខ្ញុំយ៉ាងច្បាស់ថា វានឹងឲ្យឈ្មោះ ម៉ៅ វណ្ណៈ នៅសៀមរាប និងមនុស្សម្នាក់ទៀត ឲ្យមកជួបជុំគ្នានៅផ្ទះរបស់ខ្ញុំ។ ឥឡូវ សម សេរី ឲ្យខ្ញុំទៅម្តុំផ្សារ រ៉ុងក្លឿ ប្រទេសថៃ វាចង់ឲ្យខ្ញុំធ្វើការងារនោះផ្ទាល់។ កម្លាំងរបស់ខ្លួនខាងក្នុងបានសួរថា៖ វាឲ្យទៅយកស្អីគេ? ស្ត្រីឈ្មោះ ហ៊ុយ ធូ បានឆ្លើយតបថា៖ វាឲ្យទៅយកគ្រាប់បង្កៃ។ ឈ្មោះ ស៊ឹម វុទ្ធី បានសួរទៀតថា៖ តើវាឲ្យយកទៅដាក់ឯណា? ស្ត្រីឈ្មោះ ហ៊ុយ ធូ បានឆ្លើយតបថា៖ វាឲ្យដាក់នៅម្តុំវត្តភ្នំ ក្នុងពេលចូលឆ្នាំ នៅពេលដែលមានមនុស្សច្រើន។ កម្លាំងរបស់ខ្លួនខាងក្នុងបានប្រាប់ថា៖ កុំទៅឲ្យវាយកដោយខ្លួនវាមក។ ស្ត្រីឈ្មោះ ហ៊ុយ ធូ បានឆ្លើយតបថា៖ ខ្ញុំក៏ប្រាប់វាវិញថា យកមកដល់ភ្នំពេញមក ខ្ញុំនឹងទទួល ហើយខ្ញុំបានទូរស័ព្ទជួបព្រះអង្គ ទេវី ហៅ (យិន រតនៈសុធាវី) គង់នៅវត្ត ចំការខ្សាច់ ខណ្ឌដង្កោ ហើយព្រះអង្គទេវីលោកថា គាត់លែងចាញ់បោក សម សេរី ហើយ ទាល់តែវាឲ្យលុយគាត់បានគាត់ធ្វើ។
សូមជំរាបថា កាលពីខែមេសា ឆ្នាំ២០១៤ តុលាការកម្ពុជា ធ្លាប់បានចេញសេចក្តីសម្រេចបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់លោក សម សេរី ហៅ សុខ ស៊ុយ ហៅ យាន យៀប ហៅ ស ធម្មរង្ស៊ី ហៅ សាភិន ហៅ សម នីរ័ត្ន ភេទប្រុស អាយុ៣៣ឆ្នាំ ដាក់ពន្ធនាគារកំណត់៩ឆ្នាំ និងបក្ខពួក១២នាក់ផ្សេងទៀត ដែលមានឈ្មោះក្នុងសេចក្តីសម្រេចរបស់តុលាការ៕
ប្រភព៖ Fresh News