ខ្មែរប៉ុស្ដិ៍ Close

ប្រធានាធិបតីសាធារណរដ្ឋហុងគ្រី សម្តែងការអបអរសាទរចំពោះការអភិវឌ្ឍ និងវប្បធម៌ដ៏រុងរឿងរបស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 16
ប្រធានាធិបតីសាធារណរដ្ឋហុងគ្រី សម្តែងការអបអរសាទរចំពោះការអភិវឌ្ឍ និងវប្បធម៌ដ៏រុងរឿងរបស់កម្ពុជា ប្រធានាធិបតីសាធារណរដ្ឋហុងគ្រី សម្តែងការអបអរសាទរចំពោះការអភិវឌ្ឍ និងវប្បធម៌ដ៏រុងរឿងរបស់កម្ពុជា

ក្នុងឱកាសជួបសម្តែងការគួរសម ជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៨ ខែតុលាឆ្នាំ២០១៩ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីសាធារណរដ្ឋហុងគ្រី បានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លោក បានលើកឡើងថាការភិវឌ្ឍទីក្រុងភ្នំពេញប្រកបដោយវិបុលភាព ដោយមានអគារខ្ពស់ៗនាពេលបច្ចុប្បន្ននេះ ជាសញ្ញាបង្ហាញពីការអនាគតដ៏ល្អរបស់កម្ពុជា។ ប្រទេសហុងគ្រី សូមចូលរួមអបអរសាទរជាមួយវឌ្ឍនភាពកម្ពុជា។

ជាមួយគ្នា លោកប្រធានាធិបតី ហុងគ្រី បានជម្រាបប្រធានរដ្ឋសភាថា កម្ពុជាជាប្រទេសមួយដែលមានវប្បធម៌ អរិច្ឆយធម៌ដ៏រុងរឿង និងយូរលុងមកហើយ ដែលមានប្រាសាទអង្គរជាអច្ឆរិយៈដ៏ល្អឯកមួយ ដែលពលរដ្ឋហុងគ្រីចង់មកទស្សនារួមទំាងខ្លួនលោកផង។

លោក ហេង សំរិន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ចាណូស អាឌើ ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ លោក បានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ប្រធានាធិបតី និងគណៈប្រតិភូជាន់ខ្ពស់នៅពេលនេះ មានអត្ថន័យជាប្រវត្តិសាស្រ្ត និងបានផ្តល់កិត្តិយសយ៉ាងធំធេងដល់ប្រជាជាតិកម្ពុជា។ រដ្ឋសភាកម្ពុជា បានវាយតំលៃខ្ពស់ និងពេញចិត្ត ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងរដ្ឋាភិបាល នៃប្រទេសទំាងពីរ រួមទំាងសមិទ្ធផលនានា ដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទំាងពីរខិតខំរួមគ្នាសម្រេចបានមកនេះ។

ប្រធានរដ្ឋសភា បានរម្លឹកថា ហុងគ្រី គឺជាមិត្តចាស់របស់កម្ពុជា ដែលធ្លាប់មានគុណបំណាច់ដ៏ធំចំពោះកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៨០ បន្ទាប់ពីកម្ពុជាទើបបានរំដោះពីរបប ប៉ុល ពត មិនត្រឹមតែប៉ុណ្ណោះ ហុងគ្រីក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការស្វែងរកសន្តិភាពជូនកម្ពុជា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិនៅកម្ពុជា ទៀតផង៕

អត្ថបទទាក់ទង