ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា ពុំមានប្រាសាទថ្មីដែលត្រូវបានរកឃើញនៅស្រុកវ៉ារិន ខេត្តសៀមរាបទេ!

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី៤ ខែមេសា ឆ្នាំ២០១៨ ឯកសារ 48

នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ កន្លងមក មានកាសែតមួយចំនួនបានចុះផ្សាយថា «អ្នកជំនាញបុរាណវិទ្យាបង្ហាញស្នាមញញឹម ខណៈដែលកាលពីពេលថ្មីៗនេះ បានរកឃើញវត្តមានប្រាសាទថ្មីឈ្មោះ “ចន្ទគីរី”» ស្ថិតក្នុងភូមិគោកចាន់ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។

លោក ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិបានបញ្ជាក់ថា ការលើកឡើងនោះជារឿងមិនពិតឡើយ។ តាមពិតទៅ ប្រាសាទនោះមានឈ្មោះថា «ប្រាសាទ តាឡី» បានចុះក្នុងបញ្ជីសារពើភណ្ឌប្រាសាទអស់ទៅហើយ។ ប្រាសាទនេះធ្លាប់បានស្រាវជ្រាវ និងចងក្រងជាឯកសារអំពីឈ្មោះ ប្រវត្តិ និងទីតាំង ដោយជនជាតិបារាំងលោក LUNET DE LA JONQUIÈRE នៅឆ្នាំ១៩១១។

ក្រោយមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសហការជាមួយសាលាបារាំងចុងបូព៌ា បានចុះធ្វើបញ្ជីសារពើភណ្ឌបុរាណវិទ្យាប្រទេសកម្ពុជា ខេត្តសៀមរាប បោះពុម្ពនៅខែធ្នូ ឆ្នាំ២០១១ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទតាឡី ស្ថិតក្នុងភូមិគោកចន្ទ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ស្ថិតនៅចម្ងាយ ១៥គីឡូម៉ែត្រ ពីប្រាសាទភូមិប្រាសាទ។ ប្រាសាទនេះមានកំពែងពីរ។ ក្នុងនោះលក្ខណៈសំខាន់ៗនៃប្រាសាទរួមមាន ប៉មមួយមានរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀមបែរមុខទៅកើត មានយ៉ធ្វើពីឥដ្ឋអមដោយបង្អូចពីរធ្វើពីថ្មបាយក្រៀម។ ប៉មនេះមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រ័យមួយធ្វើពីថ្មបាយក្រៀម ដំបូលពីឥដ្ឋបែរមុខទៅលិច មានយ៉និងស៊ុមទ្វារធ្វើអំពីថ្មភក់ ស្ថិតនៅជ្រុងអាគ្នេយ៍។ ថែវមួយធ្វើពីថ្មបាយក្រៀមមានសសរធ្វើពីថ្មភក់ខាងក្នុង។ ខ្លោងទ្វារកំពែងពីរមានច្រកចូលមួយ ស្ថិតនៅខាងលិចនិងខាងកើត។ ខ្លោងទ្វារកំពែងបញ្ឆោតពីរធ្វើពីថ្មបាយក្រៀមស្ថិតនៅខាងជើងនិងខាងត្បូង។ ខ្លោងទ្វារនេះមានដំបូលធ្វើពីឥដ្ឋដែរ។ ហោបន្ទាត់ទ្រូងមួយមានទ្វារចំហៀងនិងខ្លោងទ្វារកំពែងមួយធ្វើពីឥដ្ឋ។ កំពែងទីពីរនិងខ្លោងទ្វារកំពែងមួយធ្វើពីថ្មបាយក្រៀមមានច្រកបី។ ខ្លោងទ្វារនេះមានបន្ទប់កណ្តាលមួយនិងបន្ទប់អមពីរបែរទៅកើតនិងទៅលិច។ ស្រះតូចមួយមានគែមលម្អរពីថ្មបាយក្រៀមស្ថិតនៅឦ¬សាន។ នៅខាងកើតប្រាសាទមានបារាយពីរ។ ស្រះពីរស្ថិតនៅបន្តបន្ទាប់គ្នាខាងកើត។

លោក រដ្ឋា បន្តទៀតថា ចំពោះការហៅឈ្មោះប្រាសាទចន្ទគិរីនោះ គឺប្រហែលអ្នកស្រុកហៅដោយផ្អែកលើឈ្មោះវត្ត និងអាស្រមដែលទើបសាងសង់នាពេលថ្មីៗប៉ុណ្ណោះ ព្រោះមិនមានឈ្មោះនេះឡើយនៅលើទីតាំងដូចគ្នាក្នុងបញ្ជីសារពើភណ្ឌប្រាសាទ។ លើសពីនោះ កាសែតនេះ ក៏មិនបានបញ្ជាក់ពីឈ្មោះ និងតួនាទីរបស់អ្នកបុរាណវិទ្យាណាម្នាក់មកអះអាងដែរ។ ដូច្នេះ សូមស្ថាប័នកាសែតនីមួយៗមុននឹងធ្វើការចុះផ្សាយព័ត៌មាន សូមចុះផ្សាយឱ្យបានត្រឹមត្រូវ ដោយសិក្សាឱ្យបានច្បាស់លាស់ ចៀសវាងការសរសេរដោយគ្មានមូលដ្ឋានគ្រឹះផ្លូវការ នាំឱ្យមានការយល់ច្រឡំ។

បច្ចុប្បន្នក៏ដូចជាកន្លងមក អាជ្ញាធរជាតិអប្សរាក៏បានទៅពិនិត្យមើលស្ថានភាពប្រាសាទនេះតែយើងមិនទាន់មានគម្រោងក្នុងការអភិរក្ស ជួសជុលនៅឡើយដោយសារកត្តាជាច្រើន ហើយក៏មិនបានបោះបង់ប្រាសាទនេះចោលឱ្យនៅឯកាដែរ។ ម្យ៉ាងវិញទៀត ប្រាសាទតាឡី ក៏មិនមានការលួចបំផ្លាញបន្តទៀតដែរ ក្រៅពីភាពទ្រុឌទ្រោមនៃអាយុកាល និងសង្គ្រាម ហើយក៏សង្កេតឃើញថាមានអ្នកភូមិបានរៀបចំពិធីឡើងគ្រូ បញ្ជាន់អារក្ស សុំទឹកភ្លៀងនៅប្រាសាទតាឡីទៀតផង ៕