ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បង្ហាញជំហរធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង កម្ពុជា-អាមេរិក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 26
ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បង្ហាញជំហរធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង កម្ពុជា-អាមេរិក ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បង្ហាញជំហរធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង កម្ពុជា-អាមេរិក

ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សារងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ លោក ផាតទ្រីក មូហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញជំហរថា នឹងយកចិត្តទុកដាក់ធ្វើឱ្យប្រើសើរឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក្នុងពេលបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះដែរ ស្ថានទូតអាមេរិក បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក មូហ្វី បានពិភាក្សាពីកិច្ចគាំទ្រដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះប្រជាពលរដ្ឋកម្ពុជា និងសម្រាប់កម្ពុជា មានភាពរុងរឿង ប្រជាធិបតេយ្យ និងអធិបតេយ្យភាព។

ក្នុងជំនួបនេះ លោក មូហ្វី បានបញ្ជាក់ពីក្តីសង្ឃឹមថា ការងារជាបន្តបន្ទាប់នឹងត្រូវធ្វើឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ ដើម្បីពង្រឹងចំណងទាក់ទងដ៏សំខាន់រវាងប្រទេស និងប្រជាពលរដ្ឋទាំងពីរ។

លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញជំហរធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកក៏មានក្តីសង្ឃឹមផងដែរថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនឹងកាន់តែល្អប្រសើរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានបង្កើតទំនាក់ទំនងការទូតដោយផ្ទាល់របស់ខ្លួន ជាលើកតំបូងជាមួយកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥០៕

អត្ថបទទាក់ទង