លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសប៊ុលហ្ការី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ បានបន្តដំណើរទៅកាន់ទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសឆែក និងកិច្ចប្រជុំកំពូលស្តីពីទឹកនៅប្រទេសហុងគ្រី ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចនោះ។
ដំណើរអញ្ជើញដល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តជាតិទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្ការី មានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ និងកក់ក្តៅបំផុតពីលោក ហ្គ័រ ហ្គ័រហ្គើអេវ អនុរដ្ឋមន្ត្រីក្រសួងការបរទេសប៊ុលហ្ការី លោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប៊ុលហ្ការី ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម លោក ប៉ូល សេងគី ភារ:ធារី នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្ការី ព្រមទាំងឥស្សរជនការទូតកម្ពុជាជាច្រើនរូបទៀត។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ រយៈពេល២យប់៣ថ្ងៃ នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី។ ហើយលោកនាយករដ្ឋមន្ត្រី នឹងមានកិច្ចប្រជុំកំពូលជាមួយសមភាគីនាយករដ្ឋមន្រ្តីប៊ុលហ្ការី នៅវេលាថ្ងៃត្រង់ថ្ងៃទី១៦ ខែតុលា នេះ៕