ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន៖ ការបបួលភ្នាល់របស់លោក ហ៊ុន ម៉ាណែត ជាមួយទណ្ឌិត សម រង្ស៉ី ពាក់ព័ន្ធសញ្ញាបត្រ West Point ជាការចេញបង្ក្រាបចោរក្បត់ជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 38

បន្ទាប់ពីលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបបួលភ្នាល់ជាមួយលោក សម រង្ស៉ី ពាក់ព័ន្ធការចោទប្រកាន់ថា សញ្ញាបត្រពីសាលា West Point របស់លោក ហ៊ុន ម៉ាណែត ក្លែងក្លាយ។ ភ្លាមៗនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថា ការបបួលភ្នាល់របស់លោក ហ៊ុន ម៉ាណែត ជាមួយទណ្ឌិត សម រង្ស៉ី នេះជាការចេញបង្រ្កាបចោរក្បត់ជាតិ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា «សូមស្តាប់កូនប្រុសខ្ញុំនិយាយទាក់ទងជាមួយការមួលបង្កាច់របស់ ជនក្បត់ជាតិ។ ដល់វេនកូនចេញវាយបង្រ្កាបចោរក្បត់ជាតិ នេះហើយព្រោះគេជាអ្នកចេញវាយកូនមុន»។

ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់លោក ហ៊ុន ម៉ាណែត រៀបរាប់នៅលើ Facebook ផ្លូវការរបស់លោកនាពេលថ្ងៃត្រង់ទី៣០ ខែកញ្ញា ឆ្នាំ២០១៩៖

តើលោក សម រង្ស៊ី ហ៊ានភ្នាល់គ្នាជាមួយខ្ញុំដើម្បីការពារសម្តីរបស់លោកទេ?

ការភ្នាល់គ្នាជាសាធារណៈជារឿងមួយដែលខ្ញុំមិនសូវដែលចង់ធ្វើទេ ប៉ុន្តែពេលខ្លះគ្មានជម្រើសផ្សេងក្នុងការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយ គ្មានហេតុផលពីសំណាក់បុគ្គលមួយចំនួន។ កន្លងនៅពេលជួបជជែកគ្នាជាមួយកូនរបស់លោក សម រង្ស៊ី ខ្ញុំធ្លាប់បានប្រាប់គាត់ថា ឪពុករបស់ខ្ញុំ ក្នុងនាមជាអ្នកនយោបាយចាស់ទុំ លោកមិនដែលធ្វើការវាយប្រហារទៅលើគ្រួសាររបស់គូបដិបក្ខទេ ជាពិសេសគឺទៅលើកូនចៅ ដែលមិនពាក់ព័ន្ធនឹងនយោបាយ។ ហើយខ្ញុំក៏បានប្រាប់ទៅកូនរបស់គាត់ឲ្យជួយប្រាប់ទៅឪពុករបស់គាត់ផងថា ក្នុងនាមជាអ្នកនយោបាយចាស់ទុំមិនគួរធ្វើការ វាយប្រហារទៅលើក្រុមគ្រួសារ របស់គូបដិបក្ខរបស់ខ្លួនទេ។ គួរមានព្រំដែនសីលធម៌ គុណធម៌មួយ ក្នុងការធ្វើនយោបាយ។ ប៉ុន្តែជាច្រើនលើកច្រើនសារហើយដែលលោក សម រង្ស៊ី បើកការវាយប្រហារ មួលបង្កាច់មកលើក្រុមគ្រួស្រារបស់ខ្ញុំ ដោយរួមទាំងរូបខ្ញុំ និងប្អូនៗរបស់ខ្ញុំ។

ជាក់ស្តែងថ្ងៃនេះខ្ញុំក៏មានការភ្ញាក់ផ្អើលមួយនៅពេលដែលបានឃើញវីដេអូដែលលោក សម រង្ស៊ី និយាយជាសាធារណៈទៅកាន់អ្នកគាំទ្រគាត់នៅសហរដ្ឋអាមេរិក (កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩) ដែលក្រៅពីលើកតម្កើងប្រព័ន្ធអប់រំស្រុកបារាំង និងខ្លួនគាត់ដែលបានសិក្សានៅទីនោះ គាត់ក៏បានវាយប្រហារមើលងាយប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា និងសម្តេចតេជោផងដែរ។ អ្វីដែលជាការចាប់អារម្មណ៍សម្រាប់ខ្ញុំ គឺគាត់ក៏បានចោទជាសាធារណៈថា សញ្ញាបត្រដែលខ្ញុំបានទទួលពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រក្លែងក្លាយ ជាសញ្ញាបត្រការទូតសម្រាប់ផ្តល់ឲ្យនិស្សិតយោធាបរទេសដើម្បីជាការលើកទឹកចិត្តតែប៉ុណ្ណោះ ហើយនិស្សិតបរទេសមិនបាច់ខំរៀនក៏បានចូលនិងបានជាប់ដោយងាយដែរ។ ចំពោះលោក សម រង្សី ដែលគាត់បានតាំងខ្លួនជាអ្នកចេះដឹងខ្ពស់ និងមានសញ្ញាបត្រពីស្រុកបារាំងនោះ ខ្ញុំគិតថាការដែលគាត់ហ៊ានលើកយកមកនិយាយជាសាធារណៈថាសញ្ញាបត្រ West Point របស់ខ្ញុំជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រការទូតនោះ គឺគាត់ប្រាកដជាបានធ្វើការស្រាវជ្រាវច្បាស់លាស់ ហើយមានភស្តុតាងរឹងមាំដើម្បីការពារអំណះអំណាងរបស់គាត់ហើយ ហើយនឹងមិនខ្លាចនឹងការពារសម្តីរបស់គាត់នោះទេ។

ហេតុដូច្នេះក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ដែលបានរងការវាយប្រហារជាសាធារណៈពីសំណាក់លោក សម រង្ស៊ី បែបនេះ ប៉ុន្តែត្រូវការការពារកិត្តិយសនិង សេចក្តីថ្លៃថ្នូររបស់ខ្លួនខ្ញុំផ្ទាល់ (ក៏ដូចជារបស់និស្សិតបរទេសផ្សេងទៀតដែលបានបញ្ចប់ការសិក្សានៅសាលា West Point ដែលរួមមានអតីតប្រធានាធិបតី ប្រទេសហ្វីលីពីន Fidel Ramos, អតីតប្រធានាធិបតីប្រទេសនីការ៉ាហ្គ័ Anastasia Debayle, អតីតប្រធានាធិបតីប្រទេសកូស្តារីកា Jose Maria Figures …។ល។ និងដើម្បីការពារតម្លៃរបស់សាលា West Point ដែលជាស្ថាប័នអប់រំជាន់ខ្ពស់មួយរបស់សហរដ្ឋអាមេរិក ដែលមានស្តង់ដារអប់រំតឹងរឹង ម៉ត់ចត់និងស្មើភាព គ្មានការយោគយល់ចំពោះនិស្សិតយោធាបរទេសឬអាមេរិកាំងនោះទេ) ខ្ញុំសូមអញ្ជើញលោក សម រង្សី ភ្នាល់គ្នាបន្តិចដើម្បីឲ្យខ្ញុំនិងលោក សម រង្ស៊ី មានឱកាសការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររៀងៗខ្លួន តាមរយៈការការពារនូវពាក្យសម្តីឬអំណះអំណាងដែលលោក សម រង្ស៊ី បានលើកមកនិយាយជាសាធារណៈនៅសហរដ្ឋអាមេរិក៖

១៖ បើសិនជាសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point មានការផ្ដល់សញ្ញាបត្រពីរប្រភេទដូចលោក សម រង្ស៊ី បានលើកនោះ ជាពិសេសគឺសញ្ញាបត្រ ប្រភេទ២ ដែលជាសញ្ញាបត្រក្លែងក្លាយ ឬការទូតដែលសាលា West Point ផ្តល់អោយនិស្សិតយោធាបរទេសនោះ ហើយបើការបណ្ដុះបណ្ដាលនៅសាលា West Point ពតិជាមានការបែងចែកស្តង់ដារខុសគ្នារវាងនិស្សិតយោធាបរទេស និងអាមេរិកមែននោះ៖ ខ្ញុំនឹងលាលែងតួនាទីទាំងអស់របស់ខ្ញុំ ក្នុងកងកម្លាំងប្រដាប់អាវុធហើយធ្វើជាប្រជាជនស៊ីវិលជារៀងរហូត។
២៖ ប៉ុន្តែបើលោក សម រង្ស៊ី មិនអាចបង្ហាញថា សាលា West Point មានសញ្ញាបត្រពីរប្រភេទដែលមានតម្លៃខុសគ្នា ដោយមួយប្រភេទមានតម្លៃពិតប្រាកដ សម្រាប់ផ្ដល់ដល់និស្សិតយោធាអាមេរិក និងមួយប្រភេទទៀតដែលជាសញ្ញាបត្រក្លែងក្លាយ ឬសញ្ញាបត្រការទូតសម្រាប់ផ្តល់ដល់និស្សិតនាយទាហានបរទេស ហើយការអប់រំបណ្ដុះបណ្ដាលនិស្សិតយោធាបរទេសនិងនិស្សិតយោធាអាមេរិកមានស្តង់ដារខុសគ្នានៅ West Point នោះ៖ ខ្ញុំសូមឲ្យលោក សម រង្ស៊ី លាឈប់ពីនយោបាយជារៀងរហូត។

ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំគិតថា លោក សម រង្ស៊ី ដែលបានតាំងខ្លួនជាអ្នកនយោបាយជើងចាស់ និងជាអ្នកចេះដឹងខ្ពស់មានសញ្ញាបត្រពីប្រទេសបារាំង ប្រាកដមិនខ្លាចនឹងការភ្នាល់គ្នាទេដើម្បីការពារនូវអ្វីដែលគាត់ហ៊ាននិយាយជាសាធារណៈព្រោះលោក សម រង្ស៊ី ពិតជាចង់រក្សាតម្លៃរបស់គាត់ដើម្បីជាគំរូដល់អ្នកអ្នកគាំទ្រគាត់ ជាពិសេសយុវជនជំនាន់ក្រោយ។ ប៉ុ ន្តែបើសិនជាលោក សម រង្ស៊ី មិនហ៊ានភ្នាល់ ឬមិនអាចបង្ហាញនូវភស្តុតាងដើម្បីការពារនូវអ្វីដែលគាត់បាននិយាយនោះទេ គាត់នឹងបង្ហាញថា គាត់ជាអ្នកនយោបាយម្នាក់ដែលចាស់តែអាយុចំណេះដឹងខ្ពស់តែនៅលើក្រដាសសញ្ញាបត្រ និងគ្មានការទទួលខុសត្រូវ និងគ្មានភាពជាគំរូដល់យុវជនជំនាន់ក្រោយឡើយ។

ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានធ្វើ និងហ៊ានទទួលខុសត្រូជាមួយនឹងសម្តីរបស់ខ្ញុំដែលបាននិយាយខាងលើតើលោក សម រង្ស៊ី ហ៊ានទេ? តើគាត់ហ៊ានការពារនូវអ្វីបានគាត់បាននិយាយជាសាធារណៈនោះទេ? ផ្ញើជូនលោក សមរង្ស៊ី ពីសំណាក់ក្មេងជំនាន់ក្រោយម្នាក់…ហើយក្មេងម្នាក់នេះ កំពុងរង់ចាំការឆ្លើយតបជាវិជ្ជមានពីសំណាក់អ្នកចាស់ទុំម្នាក់នោះ៕

អត្ថបទទាក់ទង