ខ្មែរប៉ុស្ដិ៍ Close

ចម្លាក់តោនៅប្រាសាទក្រវ៉ាន់ចំនួនមួយត្រូវបានតម្កល់ទុកនៅកន្លែងដើមវិញក្រោយជួសជុលអស់រយៈពេលមួយឆ្នាំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 56
ចម្លាក់តោនៅប្រាសាទក្រវ៉ាន់ចំនួនមួយត្រូវបានតម្កល់ទុកនៅកន្លែងដើមវិញក្រោយជួសជុលអស់រយៈពេលមួយឆ្នាំ ចម្លាក់តោនៅប្រាសាទក្រវ៉ាន់ចំនួនមួយត្រូវបានតម្កល់ទុកនៅកន្លែងដើមវិញក្រោយជួសជុលអស់រយៈពេលមួយឆ្នាំ

ក្រុមអ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបស់អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលចម្លាក់តោចំនួនមួយនៅប្រាសាទក្រវ៉ាន់ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប រួចរាល់ជាស្ថាពរហើយ។

លោក រីក រ៉េត អ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ចម្លាក់តោថ្មនេះ មុនការជួសជុលមានសភាពទ្រុឌទ្រោម បែកបាក់រូបរាងជាកំណាត់តូចធំនៅលើដីមុខប្រាសាទ។ កាលពីសម័យបារាំង ចម្លាក់តោនេះត្រូវបានអ្នកជំនាញបារាំងជួសជុលម្តងរួចហើយ តែការជួសជុលនោះ គ្រាន់តែយកស៊ីម៉ង់ត៍និងដែកមកប្រើបិទភ្ជាប់ឱ្យមានលំនឹងអាចឈរបានប៉ុណ្ណោះ ប៉ុន្តែក្រោយមកវាក៏បានបែកបាក់ជាបន្តបន្ទាប់តាមអាយុកាលស៊ីម៉ងត៍។

លោក រ៉េត បន្តទៀតថា ដូច្នេះដើម្បីលើកតម្លៃមរតកអង្គរនិងចម្លាក់តោដែលរងនូវការខូចនេះ ក្រុមអ្នកជំនាញអភិរក្សថ្មបានជ្រើសរើសចម្លាក់តោមួយក្នុងចំណោមតោទាំង៥នៃប្រាសាទក្រវ៉ាន់ដើម្បីជួសជុលសាកល្បង មុននឹងឈានទៅដល់ការជួសជុលចម្លាក់តោដទៃទៀតនៅប្រាសាទនេះ។

ក្នុងការជួសជុល ក្រុមការងារក៏បានប្រើបច្ចេកទេសជួសជុលសមស្របទៅតាមបទដ្ឋានដែលអាចធានាបាននូវលក្ខណៈដើមនិងសុវត្ថិភាពយូរអង្វែងនៃចម្លាក់។ រីឯបច្ចេកទេសនិងការជួសជុលក៏ ត្រូវបានទទួលស្គាល់ដោយអ្នកជំនាញការអាដហុករបស់គណៈកម្មការអាយស៊ីស៊ី-អង្គរផងដែរ។

សម្រាប់ពេលវេលាក្នុងការជួសជុល ក្រុមការងារបានចំណាយពេលអស់១ឆ្នាំ គឺចាប់ពីខែឧសភាឆ្នាំ២០១៧ ដល់ខែមីនាឆ្នាំ២០១៨ ដើម្បីរក្សាបាននូវតម្លៃ លក្ខណៈដើម និងភាពល្អប្រសើរនៃចម្លាក់ ដោយសិក្សាលម្អិតពីរចនាបថជើងចម្លាក់តោដទៃៗនៅតាមបណ្តាប្រាសាទមួយចំនួនដែលបានកសាងក្នុងរជ្ជកាលតែមួយគ្នាមកធ្វើការប្រៀបធៀបគ្នា ថាតើត្រូវរើសយករចនាបថជើងតោណាមួយមកធ្វើជាគំរូក្នុងការឆ្លាក់ ដើម្បីតភ្ជាប់នឹងខ្លួនចម្លាក់សត្វតោនៅប្រាសាទក្រវ៉ាន់។

បច្ចុប្បន្នចម្លាក់តោត្រូវបានអ្នកជំនាញជួសជុលរួចរាល់ហើយ ហើយក៏បានយកមកតម្កល់ទុកនៅទីតាំងដើមខាងមុខប្រាសាទវិញ ក្នុងន័យអភិរក្សថែរក្សាមរតកដូនតាដែលជាសម្បត្តិបេតិកភណ្ឌជាតិ និងដាក់បង្ហាញជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនាឡើងវិញ៕