ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី រាំខុសចង្វាក់ភ្លេង!»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 40
លិខិតមិត្តអ្នកអាន៖  «សម រង្ស៊ី រាំខុសចង្វាក់ភ្លេង!» លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី រាំខុសចង្វាក់ភ្លេង!»

ចាស់ៗពីបុរាណពិតជានិយាយត្រូវ «អ្នកនៅតាមភ្នំ រស់ដោយសារភ្នំ – អ្នកនៅតាមទន្លេ រស់ដោយសារទន្លេ – អ្នកពុត ត្បុតរស់ដោយសារបោកគេ» ។ យ៉ាងណាមិញ ជីវិតនយោបាយលោក សម រង្ស៊ី បានរស់រានមកដល់សព្វថ្ងៃនេះក៏ដោយសារតែ ការធ្វើប្រជាភិថុតនិងការលេងប៉ាហ៊ីបំភាន់បំភ្លៃបង្វែររឿងអ្វីៗគ្រប់យ៉ាងឲ្យទៅជារឿងនយោបាយ។ ដោយសារតែសារជាតិយ៉ាងដូច្នេះហើយបានជានាំអោយលោក សម រង្ស៊ី ចង់ប្រើល្បិចខូចលេងប៉ាហ៊ីដូចគ្នានេះម្តងទៀតនៅចំពោះមុខតុលាការបារាំង។

ម្សិលមិញ ខ្ញុំឃើញលោក សម រង្ស៊ី សរសេរបង្ហោះសេចក្តីប្រកាសព័ត៌មានរបស់មេធាវីគាត់ ហើយខ្លឹមសារនោះបានបង្ហាញយ៉ាងច្បាស់ក្រឡែតថា គាត់បានចាប់ផ្តើមបង្វែររឿងក្តីបរិហារកេរិ៍្តដ៏ធំដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងទៅតុលាការបារាំងនោះឲ្យទៅជារឿងនយោបាយ ដែលជាការចាកប្រធានបទនៃកម្មវត្ថុដែលមាននៅក្នុងពាក្យបណ្តឹងរបស់លោក ហ៊ុន សែន។

ក្រោយពីបានអានសេចក្តី ប្រកាសព័ត៌មាននេះ ខ្ញុំពិតជាហួសចិត្តនិងអស់សំណើច ម្នាក់ឯងពីព្រោះមើលចុះមើលឡើងទៅវាហាក់ដូចជាសេចក្តីប្រកាសព័ត៌មានរបស់បក្សនយោបាយ ឬអង្គការសង្គមស៊ីវិលបម្រើអោយបក្សនយោបាយដូចដែលមហាជនធ្លាប់បានលឺនិងឃើញកន្លងមកដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ គឺអត់មានបាននិយាយអ្វីមួយពាក្យអំពីមូលដ្ឋានផ្លូវច្បាប់ហើយក៏មិនហ៊ាននិយាយឲ្យចំប្រធានបទដែរ! ផ្ទុយទៅវិញ ពួកគេខិតខំទាញយករឿងផ្សេង និងរឿងនយោបាយមកបំភាន់ភ្នែកសាធារណៈមតិទៅវិញ។

លោកសម រង្ស៊ី ត្រូវដឹងថា នៅក្នុងការតទល់រឿងក្តីនៅតុលាការ គឺគេនិយាយតែពីអង្គហេតុ និងអង្គច្បាប់ ឬបើនិយាយតាមបែបងាយយល់គឺគេនិយាយតែពីហេតុការណ៍ជុំវិញកម្មវត្ថុនៃពាក្យបណ្តឹងដោយតម្រូវឲ្យភាគីដើមបណ្តឹងនិងចុងចោទ ផ្តល់ចម្លើយបង្ហាញភស្តុតាងដាក់បន្ទុក និងដោះបន្ទុករៀងៗខ្លួន។

ដូច្នេះ ករណីលោកសម រង្ស៊ី ចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានសម្លាប់លោក ហុក ឡងឌី តាមរយៈការដាក់គ្រាប់បែកបំផ្ទុះឧទ្ធម្ភាគចក្រ គឺសម រង្ស៊ី ត្រូវតែយកភស្តុតាងទៅបង្ហាញតុលាការដើម្បីដោះបន្ទុក។ បញ្ហាសំខាន់បំផុតរបស់តុលាការ បារាំងដែលគេប្រាកដជាសួរនោះគឺថា តើសម រង្ស៊ី មានភស្តុតាងទាំងនោះទេ? ហើយបើគ្មានភស្តុតាង គឺមានន័យថាចាញ់ព្រោះនេះជាគ្រិះនៃការវិនិច្ឆ័យសំរេចរបស់តុលាការ។

ខ្ញុំនៅចាំបានយ៉ាងច្បាស់ថា លោកសម រង្ស៊ី ធ្លាប់ផ្តល់បទសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ដោយបានបង្ហាញរូបថតកម្ទេចឧទ្ធម្ភាគចក្រដែលកាត់ចេញពីកាសែត ហើយអះអាងយ៉ាងខែងរ៉ែងថា កម្ទេចបែបនេះគឺជាការបំផ្ទុះគ្រាប់បែក។ បើលោក សម រង្ស៊ី យកភស្តុតាងបែបនេះទៅបង្ហាញតុលាការបារាំង កុំថាឡើយរូបខ្ញុំ សូម្បីតែចៅក្រមតុលាការបារាំងក៏ប្រាកដជាហួសចិត្ត ហើយច្បាស់ជាទប់សំណើចមិនបានឡើយ។ ម្យ៉ាងទៀត តុលាការបារាំងច្បាស់ជាមិនអនុញ្ញាតឲ្យ សម រង្ស៊ី ទៅច្រៀង ទះប៉ោត ទូងស្គរ លេងប៉ាហ៊ី សម្តែងរឿងនយោបាយក្នុងរឿងក្តីនេះឡើយ។

ទោះយ៉ាងណា ខ្ញុំនៅតែយល់ថា ល្បិចចាស់គំរឹលរបស់លោក សម រង្ស៊ី នេះវាគ្រាន់តែជាការ បំពេចិញ្ចឹមអ្នកហៃអើជ្រុលខ្លួនលង់ទឹកតាមគាត់មួយដំបរស្វាតែប៉ុណ្ណោះ រីឯអ្នកដែលគេចេះដឹង ចេះគិត និងអ្នកដែលគេយល់ច្បាប់ទម្លាប់ ពួកគេអាចយល់បានច្បាស់ណាស់ថា អ្វីដែលលោក រង្ស៊ី បានចោទប្រកាន់ និងអ្វីដែលក្រុមគាត់បាននិងកំពុងត្រៀមរៀបចំសំរាប់ការពារខ្លួននៅឯតុលាការបារាំងនេះ វាពិតជាគ្មានទម្ងន់ហើយអត់ប្រយោជន៍ឡើយ។ ដូច្នេះ ជាលទ្ធផល លោក សម រង្ស៊ី ពិតជានឹងចាញ់រឿងក្តីនេះដោយឥតមន្ទិលឡើយ ពីព្រោះតែគ្មានភស្តុតាងរឹងមាំមកដោះបន្ទុក។

ផ្ទុយទៅវិញ លោក សម រង្ស៊ី បែរជាយករបាយការណ៍នយោបាយរបស់អង្គការចាត់តាំងនយោបាយមកការពារខ្លួនទៅវិញ។

ចាប់តាំងពីថ្ងៃទី20 សីហា ដែលមានការប្រកាសជាសាធារណៈពីសំណាក់មេធាវីជនជាតិបារាំងដែលការពារក្តីឲ្យលោកនាយក រដ្ឋមន្ត្រី និងលោក ឌី វិជ្ជា ថាពាក្យបណ្តឹងបានយកទៅដាក់នៅតុលាការបារាំងរួចហើយមក មនុស្សជាច្រើនដែលនៅក្បែរលោក សម រង្ស៊ី បាននាំគ្នាគ្រវីក្បាលដោយអស់សង្ឃឹមថា «ខ្ចប់ហើយលោកប្រធាន» ពីព្រោះការចោទប្រកាន់ធ្ងន់ធ្ងរដោយគ្មានភស្តុតាងបែបនេះប្រាកដជាចាញ់ក្តីយ៉ាងប្រាកដ។ មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេថែមទាំងទូរសព្ទមកប្រាប់សាច់ញាតិ និងសកម្មជននៅក្នុងស្រុកខ្មែរថែម ទៀតថា «រឿងតតាំងក្តីជាមួយលោកហ៊ុន សែននៅតុលាការ បារាំងនោះ គឺលោកប្រធាន សម រង្ស៊ីគាត់សន្លប់តាំងពីមិនទាន់ឡើងដល់លើរីញម៉្លេះ ហើយរឿងក្តីនេះអាចអោយលោក ហ៊ុន សែន ស៊ីផុយ»

ម៉្យាងទៀត សកម្មជន សម រង្ស៊ី និយមនៅស្រុកបារាំង បាននាំគ្នាលាន់មាត់និយាយថា «ចាញ់ក្តីនៅតុលាការខ្មែរ អាចមានលេសថា តុលាការលម្អៀង តែបើចាញ់ក្តីនៅតុលាការបារាំងទៀត តើពួកយើងអាចមានលេសអីទៀត មកនិយាយដើម្បីជួយបិទបាំងកំហុសរបស់លោកប្រធាន»?

ខ្ញុំគិតថា លោកសម រង្ស៊ី ខ្លួនឯង ក៏ពិតជាបានយល់ច្បាស់ដែរពីរឿងនេះ ប៉ុន្តែធ្វើម៉េចបើសារជាតិមកពីកំណើតរបស់គាត់ជាមនុស្សដែលមានក្រយ៉ៅខូចវៀចវេរ! ហេតុដូច្នេះហើយបានជាគាត់មានតែបន្តព្យាយាមពឹងលើការ បំភ្លៃ បំភាន់ បំពុល និងបង្វែរសាច់រឿងបែបនេះហើយ ទើបអាចចិញ្ចឹមជីវិតនយោបាយបានតទៅទៀត។

មនុស្សម្នាជាច្រើនក៏បានដឹងដែរថា នយោបាយរបស់លោក សម រង្ស៊ី តាំងពីចាប់ផ្តើមរហូតដល់បច្ចុប្បន្ននេះ គឺ «ការដើរនៅលើបន្ទាត់ដ៏គ្រោះថ្នាក់បំផុត រឺការដើរផុតពីបន្ទាត់ក្រហមដែលជាសញ្ញាគ្រោះថ្នាក់» ទៅហើយ។ បន្ទាត់នយោបាយរបស់សម រង្ស៊ី គឺ ការបង្កើតបញ្ហា លាបពណ៌ និងចោទប្រកាន់ដោយគ្មានភស្តុតាង។ នយោបាយនេះបានក្លាយទៅជាវប្បធម៌និងអត្តសញ្ញាណរបស់ សម រង្ស៊ី និងគូកនទៅហើយ។

កុំថាឡើយដល់ទៅអ្នកដទៃ សូម្បីមនុស្សក្នុងបក្ខពួករបស់ខ្លួនក៏ដោយ ឲ្យតែហ៊ានរិះគន់ ឬដើរចេញពីគាត់ ត្រូវលោក សម រង្ស៊ី និងក្រុមហៃអើៗតាមលាបពណ៌ហើយចោទថាក្បត់ ឬលក់ក្បាលភ្លាមៗតែម្តង ដែលធ្វើអោយប្រជាជនខ្មែរយើងនឹកឃើញដល់សម័យប្រល័យពូជសាសន៍ប៉ុល ពតដែលបានចាត់ទុកអ្វីៗទាំងអស់ដែលប្រឆាំងនឹងខ្លួនគឺសុទ្ធជាខ្មាំង ជាសេអ៊ីអា ជា កាហ្សេបេ ជាខ្មាំងយួន ។ល។

ដោយសារតែដើរលើបន្ទាត់ នយោបាយដ៏គ្រោះថ្នាក់នេះហើយបានជាក្នុងមួយជីវិតនយោបាយរបស់ សម រង្ស៊ី វិធីតែម្យ៉ាងគត់ដែលគាត់តែងប្រើនោះគឺដើរចាក់រុកឲ្យផ្ទុះកំហឹង និងការធ្វើបាតុកម្មវាយកម្ទេចដុតបំផ្លាញ ។ល។ នៅពេលដែលអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ សម រង្ស៊ី ប្រញាប់ប្រញាល់ចេញសារកាឡៃបំភ្លៃភ្លាមថានោះជារឿងនយោបាយ។ នយោបាយប្រជាភិថុតរបស់ សម រង្ស៊ី បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ប្រទេសជាតិក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ។

ពេលនៅក្នុងប្រទេស សម រង្ស៊ី គឺជាអ្នកបំផ្លាញភាពស្ងប់សុខ របស់ប្រជាពលរដ្ឋ និងរារាំងការអភិវឌ្ឍប្រទេស ប៉ុន្តែពេលមានរឿងក្តីក្តាំនៅតុលាការ ក៏រត់ទៅក្រៅប្រទេសហើយស្រែកថា អាជ្ញាធរកម្ពុជាធ្វើទុក្ខបុកម្នេញ ហើយខំកាឡៃសំណុំរឿងខុសច្បាប់របស់ខ្លួនឲ្យទៅជារឿងនយោបាយ។

ជាផលវិបាក សង្គមខ្មែរមានភាពច្របូកច្របល់ពីព្រោះពលរដ្ឋខ្លះនៅមិនទាន់បែងចែកច្បាស់រវាងការបំពានច្បាប់ និងរឿងនយោបាយ, រវាងសេរីភាពបញ្ចេញមតិ និងការបរិហារកេរ្តិ៍ រវាងសិទ្ធនិងច្បាប់ជាដើម។

ប៉ុន្តែ នៅពេលទឹករងថ្លា គេអាចមើលឃើញច្បាស់ដល់បាតដី។ យ៉ាងណាមិញ បច្ចុប្បន្ន អ្វីៗកាន់តែបើកចំហដែលនាំឲ្យប្រជាពលរដ្ឋខ្មែរមើលឃើញកាន់តែច្បាស់ពីល្បិចពិសពុលរបស់លោក សម រង្ស៊ី។ ជាក់ស្តែង តើអតីតសហការីរបស់គាត់ប៉ុន្មានភាគរយហើយដែលបានបែកចេញពី សម រង្ស៊ី ដោយសារតែពួកគេមិនពេញចិត្ត និងមិនដើរតាមនយោបាយប្រជាភិថុតដ៏គ្រោះថ្នាក់របស់ សម រង្ស៊ី នេះ?

បច្ចុប្បន្ន នៅសល់តែពលរដ្ឋខ្មែរក្រៅស្រុកមួយចំនួនដ៏តិចតួចប៉ុណ្ណោះដែលនៅបន្តចាញ់កលល្បិចថ្ពិនភ្នែករបស់ សម រង្ស៊ី។

ឥឡូវនេះ លោក សម រង្ស៊ី ក៏ទំនងជាចង់លេងប៉ាហ៊ីដាក់តុលាការបារាំងទៀតតាមរយៈការទាញរឿងបរិហារកេរ្តិ៍ឲ្យទៅជារឿងនយោបាយ ។ ប៉ុន្តែច្បាប់គឺច្បាប់ ហើយទោះបីច្បាប់គឺជាកម្មវត្ថុនៃការបកស្រាយក៏ដោយ ក៏អ្នកកាន់ការងារកាត់សេចក្តីរឿងច្បាប់ មិនអាចអោយឈ្នះបានដែរបើគ្រាន់តែចាប់ផ្តើមភ្លាម ចុងចោទសម រង្ស៊ី រាំខុសចង្វាក់ភ្លេងបាត់ទៅហើយនោះ៕

ដោយ: អ្នកតាមដាននយោបាយតុកាហ្វេ

អត្ថបទទាក់ទង