អ្នកនាំពាក្យក្រសួងមហាផ្ទៃ ច្រានចោលការផ្សាយរបស់ VOA ករណីចាប់ និងបញ្ជូនជនជាតិចិនត្រឡប់ទៅកាន់ប្រទេសចិនវិញ
អ្នកនាំពាក្យក្រសួងមហាផ្ទៃនៅថ្ងៃទី១៧ខែសីហាឆ្នាំ២០១៩នេះបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយច្រានចោលការផ្សព្វផ្សាយរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក(VOA) ពាក់ព័ន្ធការចាប់បញ្ជូនជនជាតិចិនដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសទៅប្រទេសចិនវិញ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃចេញនៅរសៀលថ្ងៃនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ជូនជូនសាធារណជនជាតិ–អន្តរជាតិឲ្យបានជ្រាបដូចតទៅ៖
*ទី១៖ការចាប់ខ្លួនជនជាតិចិនដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនិងការបណ្តេញជនជាតិចិនទាំងនេះចេញពីព្រះរាជាណាចក្រកម្ពុជាត្រូវបានធ្វើឡើងផ្អែកតាមស្មារតីនៃអនុស្សារណៈរវាង
ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិននិងស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍របស់ព្រះរាជាណាចក្រកម្ពុជា។
*ទី២៖ជនល្មើសដែលត្រូវបានចាប់ខ្លួននិងបញ្ជូនចេញពីព្រះរាជាណាចក្រកម្ពុជាគឺជាជនដែលមានដីកាស្វែងរកចាប់ខ្លួនពីអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសចិនដែលនឹងត្រូវយកទៅអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៅប្រទេសចិនពោលគឺមិនដោះលែងឲ្យរួចខ្លួននោះទេ។
*ទី៣៖ជនល្មើសបរទេសទាំងឡាយដែលត្រូវបានចាប់ខ្លួននិងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍នឹងត្រូវដាក់បញ្ចូលឈ្មោះក្នុងបញ្ជីខ្មៅ(Black List) នៃប្រព័ន្ធគ្រប់គ្រងអន្តោប្រវេសន៍ហើយមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរចូលមកកម្ពុជាជាថ្មីទៀតឡើយ។
*ទី៤៖កន្លងមកអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាធ្លាប់បានចាប់បញ្ជូនខ្លួនជនបរទេសផ្សេងទៀតដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសរបស់ខ្លួនឲ្យទៅប្រទេសខ្លួនវិញផងដែរស្របតាមស្មារតីនៃអនុស្សារណៈរវាងប្រទេសទាំងពីរ។ចាប់ពីឆ្នាំ២០១៤ដល់ខែកក្កដាឆ្នាំ២០១៩អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានបណ្តេញចេញជនជាតិចិនប្រមាណជាង២.៧០០នាក់ដែលចំនួននេះអាចជាអម្រែកដ៏ធ្ងន់មួយនៃថវិកាជាតិប្រសិនបើជនទាំងនេះត្រូវបានឃុំឃាំងនៅប្រទេសកម្ពុជា។
*ទី៥៖រាល់ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសនិងចាប់ខ្លួនជនល្មើសទោះបីជាជនល្មើសនោះជាពលរដ្ឋខ្មែរឬជាជនបរទេសក្តីអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាតែងតែធ្វើការស៊ើបអង្កេតស្រាវជ្រាវប្រមូលភស្តុតាងឲ្យបានគ្រប់តាមផ្លូវច្បាប់ជាមុន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃសូមធ្វើការបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់អ្នកវិភាគមួយចំនួនចំពោះបញ្ហានេះដែលបានលើកឡើងដោយខ្វះមូលដ្ឋានព័ត៌មាននិងមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់ដែលអាចបណ្តាលឲ្យសាធារណមតិជាតិ–អន្តរជាតិមានការភ័ន្តច្រឡំចំពោះវិធានការនិងដំណើរការនីតិវិធីរបស់អាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃសូមបញ្ជាក់ថាក្រសួងមហាផ្ទៃនឹងបន្តកិច្ចសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធដើម្បីធានារក្សានូវសន្តិសុខសុវត្ថិភាពសង្គមនិងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋគ្រប់រូប៕
សូមអានខ្លឹមសារលម្អិតនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖