ខ្មែរប៉ុស្ដិ៍ Close

ពិធីប្រកាសចូលកាន់តំណែងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
ពិធីប្រកាសចូលកាន់តំណែងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ពិធីប្រកាសចូលកាន់តំណែងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

លោក គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានប្រកាសឲ្យចូលកាន់តំណែង ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ដ្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី។

សូមរំលឹកថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានចេញសេចក្តីសម្រេចមួយ តែងតាំងលោក គន់ គីម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួសលោក ញឹម វណ្ណដា ដែលត្រូវបានដកចេញពីតំណែង។

តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលទទួលបានបញ្ជាក់ថា លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានតែងតាំងជា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្ថែមលើតួនាទីនានា នាពេលបច្ចុប្បន្ន។ សេចក្តីសម្រេចនេះក៏បានបញ្ចប់តំណែង លោក ញឹម វណ្ណដា ពីអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។

មូលហេតុដែលដកតំណែង លោក ញឹម វណ្ណដា ត្រូវបានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បញ្ជាក់ថា ដោយសារតែខ្វះការទទួលខុសត្រូវ និងភូតភរ ក្រោយឧបទ្ទហេតុ រំលំបាក់អគារ៧ជាន់ ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់។

គួរជម្រាបថា បច្ចុប្បន្នលោកទេសរដ្ឋមន្ដ្រី គន់ គីម មានតួនាទីជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រធានសមាគម។ ក្នុងតួនាទីជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា គេងសង្កេតឃើញថា លោក គន់ គីម បានបំពេញការងារយ៉ាងសស្រាក់សស្រាំដើម្បីចុះទៅដល់មូលដ្ឋាន ក្នុងគោលបំណងស្វែងយល់ពីជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនទៀតផងដែរ ៕