ខ្មែរប៉ុស្ដិ៍ Close

បទអធិប្បាយ៖ ទឹកបាក់ទំនប់ហើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 76
បទអធិប្បាយ៖ ទឹកបាក់ទំនប់ហើយ បទអធិប្បាយ៖ ទឹកបាក់ទំនប់ហើយ

ទីបំផុតសម្ព័ន្ធក្រមួនចាប់ផ្តើមរលាយ ហើយសមាជិកបាននិងកំពុងដើរចេញរៀងៗខ្លួនជាបណ្តើរៗ។ មហាជនទូទៅបានមើលឃើញច្បាស់ថា ផ្លូវដែលបាននិងកំពុងបែក វាបានបែកជាកង់ៗ ហើយសញ្ញានៃការបែកបាក់ដែលមិនអាចនឹងទប់ជាប់បានទៀតទេ ប្រៀបដូចទឹកបាក់ទំនប់ដូច្នេះដែរ។ ជាក់ស្តែងអតីតមន្រ្តីថ្នាក់ដឹកនាំនៃអតីតបក្សមួយដែលត្រូវបានតុលាការកំពូលប្រទេសកម្ពុជាបានសម្រេចរំលាយកន្លងទៅ គឺមាន៩រូបហើយដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដោយពួកបានធ្វើជាពលរដ្ឋល្អគោរព និងអនុវត្តច្បាប់ប្រទេស ហើយក៏ជាសិទ្ធិស្របច្បាប់ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញជាច្បាប់កំពូល។ តាមប្រភពដ៏គួរឱ្យជឿមួយបានបង្ហើបឲ្យដឹងថា អាចនឹងមានចំនួនអ្នកស្នើសុំសិទ្ធិធ្វើនយោបាយកាន់តែច្រើនឡើងៗ បាននិងកំពុងរកច្រកចេញដើម្បីចាប់យកអ្វីដែលពួកគេគិតថា គឺជាឱកាសមាស សម្រាប់ពួកគេធ្វើសកម្មភាពនយោបាយឡើងវិញដោយគ្មានការរារាំង ឬការហាមឃាត់ពីអាជ្ញាធរទៀតឡើយ។

កន្លងមកថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ច្រកចេញតែមួយគត់ គឺត្រូវអនុវត្តតាមច្បាប់ ត្រូវស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បើពុំនោះទេទ្វារឬច្រកចេញអាចនឹងត្រូវបិទនៅមុនឬក្រោយចូលឆ្នាំខ្មែរនេះ។ តាមប្រភពដដែលនេះ បានឱ្យដឹងថា ចរន្តនេះ នឹងបន្តស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ជាច្រើនរូបទៀតនាពេលខាងមុខនេះ ដូចអ្វីដែលមហាជនទូទៅប្រៀបប្រដូច “ទឹកបាក់ទំនប់” អញ្ចឹងដែរ។ លោក គង់ គាំ បានថ្លែងក្នុងពេលថ្មីៗនេះថា “អ្នកសុំសិទ្ធិធ្វើនយោបាយឡើងវិញ នឹងមានអនាគតល្អជាងអ្នកអត់សុំ។ ខ្ញុំច្បាស់តាំងពីដំបូងមោហ្នឹងថា វាអត់មានគណបក្សសង្រ្គោះជាតិឡើងវិញទេ វាអាចអត់ ឬសងតំណែងជាប់ឆ្នោតឡើងវិញទេ វាអាចអត់មានការបោះឆ្នោតឡើងវិញនៅឆ្នាំ២០១៩ទេ”។

ការសម្រេចស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់ ប្រហែលជាសញ្ញាបង្ហាញកាន់តែច្បាស់ថា ក្រុមឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំដោយទណ្ឌិតមេបក្សប្រហារ និងបក្ខពួក នឹងកាន់តែឯកោទាំងផ្នែកនយោបាយ ហិរញ្ញវត្ថុ និងការគាំទ្រ នៅពេលដែលមន្ត្រីអតីតគណបក្សប្រឆាំងដែលកំពុងជាប់បំរាម បាននិងកំពុងបន្តស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ មានចំនួនកើនឡើងដល់ទៅប្រាំបួនរូប។ តាមមើលទៅទំនងជាមានមន្ត្រីជាច្រើនរូបទៀត នឹងដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ជាទ្រង់ទ្រាយធំទៅកាន់ក្រសួងមហាផ្ទៃផងដែរ។ ការធ្វើលិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺជាសិទ្ធិស្របច្បាប់របស់ពួកគេដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងស្របតាមច្បាប់ស្តីពីគណបក្សនយោបាយរបស់ប្រទេសកម្ពុជា។ ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺជាទម្រង់នៃ «ការទាមទារសិទ្ធិ» ពុំមែនជាការធ្វើលិខិតសុំទោស ឬទទួលស្គាល់កំហុស ដូចដែលក្រុមចលនាឧទ្ទាមក្រៅច្បាប់ដែលមានមេក្លោងជាទណ្ឌិតបានចោទប្រកាន់នោះដែរ។

កន្លងមក មេចលនាឧទ្ទាមក្រៅច្បាប់បានគំរាម និងដាក់គំនាបអតីតមន្រ្តីថ្នាក់ដឹកនាំទាំងអស់ មិនត្រូវសុំសិទ្ធិធ្វើនយោបាយឡើងវិញឡើយ ដោយមេចលនាឧទ្ទាមក្រៅច្បាប់នេះបានព្យាយាមចាប់ពួកគេទាំងអស់ធ្វើជាចំណាប់ខ្មាំងខាងនយោបាយរបស់ខ្លួន ប្រៀបដូចដាក់គោក្នុងក្រោលតែមួយដូច្នោះដែរ។ ប្រសិនបើអ្នកណាទៅសុំសិទ្ធិធ្វើនយោបាយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អ្នកនោះនឹងត្រូវបានគេចោទថា ជាជនក្បត់បក្ស ក្បត់ឆន្ទៈម្ចាស់ឆ្នោត មិនស្មោះត្រង់នឹងពួកអ្នកគាំទ្រនៅមូលដ្ឋាន ឬជាមនុស្សបង្កប់របស់គណបក្សប្រជាជនកម្ពុជាជាដើម។ ដោយបានមើលឃើញចរន្តនៃការស្នើសុំសិទ្ធិធ្វើនយោបាយកាន់តែច្រើនឡើងៗទប់លែងជាប់ មេចលនាឧទ្ទាមក្រៅច្បាប់មួយនេះ បានប្រកាសក្នុងថ្ងៃខួបកំណើតរបស់ខ្លួនថា ខ្លួននឹងចូលនិវត្តន៍ ដើម្បីទុកឱកាសអ្នកយុវជនជំនាន់ថ្មី ហើយខ្លួននឹងមិនប្រាថ្នាចង់ធ្វើនាយករដ្ឋមន្រ្តីឡើយ។ ការថ្លែងបោកបញ្ឆោតរបស់មេចលនាឧទ្ទាមក្រៅច្បាប់ពេលនេះ ហាក់គ្មានការចាប់អារម្មណ៍ គ្មានការភ្ញាក់ផ្អើលនិងគ្មានការសង្ស័យពីមហាជនទូទៅអ្វីឡើយ គឺវាគ្រាន់តែជាកលវិធីរបស់មេចលនាឧទ្ទាមក្រៅច្បាប់ចង់ទប់ស្កាត់ចរន្តទឹកបាក់ទំនប់ ដើម្បីធ្វើយ៉ាងណាកុំឱ្យខ្លួនឯងធ្លាក់ក្នុងភាពឯកោខាងនយោបាយ បាត់បង់កម្លាំងគាំទ្រ ពិសេសកម្លាំងស្នូលនៃចលនាឧទ្ទាមក្រៅច្បាប់របស់ខ្លួន។ ក៏ប៉ុន្តែ ផ្ទុយទៅវិញកម្លាំងគាំទ្រចលនាឧទ្ទាមនេះមិនទទួលបានការចូលរួម គាំទ្រទូលំទូលាយតាំងពីដំបូងមកម្លេះ ហេតុដូច្នេះ កន្លងមក បានធ្វើរដ្ឋប្រហារបក្សប្លន់យកតំណែងប្រធានបក្សខ្មោចស្តីទីពីលោក កឹម សុខា ធ្វើឱ្យក្រុម កឹម សុខា និយមបដិសេធ និងទាត់ចោលសេចក្តីសម្រេចទាំងឡាយដែលធ្វើឡើងនៅទីក្រុងអាតាឡង់តា។ ទង្វើទាំងអស់របស់មេចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក ដល់ទីបំផុតសុទ្ធសឹងតែទទួលការបរាជ័យលើបរាជ័យយ៉ាងម៉ាស់ជាច្រើនលើក ក្នុងការផ្សះផ្សារ និងបង្រួបបង្រួមកម្លាំងរបស់អតីតបក្សខ្មោច។

ចរន្តនៃការចាកចេញនាពេលនេះ វាបានបង្ហាញកាន់តែច្បាស់ថា ពួកគេលែងមានសង្ឃឹម និងជឿទុកចិត្តលើមេចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក ដែលពួកគេបានគិតថា ជាការចំណាយពេលវេលាកាន់តែឥតប្រយោជន៍។ ពួកគេសម្រេចចាប់យកឱកាស ដែលត្រូវបានផ្តល់ឱ្យតាមរយៈរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបានសិទ្ធិធ្វើនយោបាយឡើងវិញស្របច្បាប់ ប្រសិនបើពុំនោះទេ ពួកគេនឹងគ្មានឱកាស ដើម្បីបានជួបអ្នកគាំទ្រ និងសកម្មជនរបស់ខ្លួនបានឡើយ។ ដូច្នេះ មូលដ្ឋាននៃការធ្វើនយោបាយដ៏សំខាន់របស់ពួកគេ គឺត្រូវឈរជើងឱ្យជាប់ជាមួយអ្នកគាំទ្រ និងសកម្មជនរបស់ខ្លួន ដែលអាចជាមូលដ្ឋាននៃក្តីសង្ឃឹមថ្មី ដោយប្រើប្រាស់បញ្ញាស្មារតី និងគំនិតរបស់ខ្លួនឯងផ្ទាល់ប្រសើរជាងស៊ូទ្រាំរស់ក្នុងសម្ព័ន្ធក្លែងក្លាយ សម្ព័ន្ធបោកប្រាស់ ដែលផ្តល់តែក្តីសង្ឃឹមក្លែងក្លាយ ហាក់ដូចរស់ក្នុងការសុបិន្តកាន់តែយូរ ជាមួយនឹងអារម្មណ៍ក្នុងគំនិតបន្តអូសពេលវលា ដែលតែងតែស្មានមិនប្រាកដដែលៗនោះទេ។

ជាក់ស្តែង ព្រះអាទិត្យបានលិចបាត់ទៅហើយបន្សល់ទុកតែអតីតកាល ហើយការសង្ឃឹមប៉ុណ្ណោះភាពមិនប្រាកដប្រជា ឬការសង្ឃឹមដោយមិនឈរលើការពិត មិនអាចធ្វើឱ្យអ្វីៗរស់ឡើងវិញឡើយ។ គឺមានតែការចាប់យកឱកាសដ៏សំខាន់ក្នុងពេលនេះប៉ុណ្ណោះ ទើបអាចធ្វើឱ្យពួកគេអាច ចួលរួមធ្វើសកម្មភាពនយោបាយនៅក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋានក្នុងឆ្នាំ២០២២ និងការបោះឆ្នោតជាតិក្នុងឆ្នាំ២០២៣ខាងមុខ។ ពិតមែនហើយ ការរៀបចំកម្លាំង សកម្មជន និងអ្នកគាំទ្រ ក៏ដូចជាការបង្កើតបក្សថ្មី មិនមែនជារឿងដែលត្រូវគិតភ្លាម បានភ្លាម ហើយចេញភ្លែតនោះទេ តែវាត្រូវការពេលវេលាសមរម្យជាក់លាក់មួយ។ យ៉ាងណាមិញ បើទោះបីជាបម្រាមដែលច្បាប់បានរារាំងក្នុងការធ្វើសកម្មភាពនយោបាយរបស់អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ត្រូវផុតរលត់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏ដោយ ប៉ុន្តែមិនអាចជួយឲ្យពួកគេបានចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅអំឡុងខែឧសភា ឆ្នាំ២០២២ បានទេ។ ផ្ទុយទៅវិញ ប្រសិនបើអតីតមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង រង់ចំាដល់ថ្ងៃផុតកំណត់ការហាមឃាត់សិទ្ធិធ្វើនយោបាយ គឺជាការខាតពេលឥតប្រយោជន៍ និងជាការបោះបង់អ្នកគាំទ្រនិងប្រជាពលរដ្ឋដោយគ្មានការទទួលខុសត្រូវ។ អំឡុងពេលនេះ គេមើលឃើញថា អ្នកជាប់បម្រាមទាំង១១៤នាក់ បានបាត់បង់ឱកាសល្អៗក្នុងការកសាងកម្លាំងរបស់ខ្លួនឡើងវិញនៅថ្នាក់មូលដ្ឋាន ដែលជាមូលដ្ឋានគ្រឹះដ៏ធំបំផុត ក្នុងការឈានទៅរកការបោះឆ្នោតនៅថ្នាក់ជាតិ ដើម្បីក្លាយជាគូប្រជែងដ៏សំខាន់មួយទល់នឹងគណបក្សកាន់អំណាច។

ជារួម ការចាកចេញដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់ពួកគេ គួរគប្បីទទួលបានការគោរពកោតសសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវស្របតាមច្បាប់។ ក្នុងករណីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ផងដែរថា ការចេញមកសុំសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់នេះ គឺគ្មានពាក់ព័ន្ធនឹងគណបក្សប្រជាជនដូចការចោទប្រកាន់ឡើយ។ លោកបានបន្តថា ការដែលអតីតមន្រ្តី ទាំងនោះបានដាក់ពាក្យស្នើសុំ គឺជារឿងរបស់គេ កុំភ្ជាប់ជាមួយលោកឲ្យសោះ។ ហើយថ្មីៗចុងក្រោយនេះ លោកបានបន្ថែមទៀតថា ការបែកបាក់របស់ក្រុមអតីតមេដឹកនាំគណបក្សប្រឆាំង ព្រោះតែការមិនជឿទុកចិត្តគ្នា មិនមែនមកពីការបំបែកបំបាក់របស់សម្តេចតេជោនោះឡើយ។ ដូច្នេះ ពេលនេះ រុនស្រមោច វាបានក្លាយទៅជា រូងនាគដែលធ្វើឱ្យទឹកបាក់ទំនប់ហើយ៕

ដោយ៖ ឡុង បូរិតា