ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់អនុសាសន៍សំខាន់ៗចំនួនបី ដល់រដ្ឋមន្ត្រីនៃប្រទេសចរចា RCEP ដើម្បីបញ្ចៀសការខ្វែងគំនិតគ្នាក្នុងវិស័យពាណិជ្ជកម្ម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់អនុសាសន៍សំខាន់ៗចំនួនបី ដល់រដ្ឋមន្ត្រីនៃប្រទេសចរចា RCEP ដើម្បីបញ្ចៀសការខ្វែងគំនិតគ្នាក្នុងវិស័យពាណិជ្ជកម្ម នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់អនុសាសន៍សំខាន់ៗចំនួនបី ដល់រដ្ឋមន្ត្រីនៃប្រទេសចរចា RCEP ដើម្បីបញ្ចៀសការខ្វែងគំនិតគ្នាក្នុងវិស័យពាណិជ្ជកម្ម

មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ដែលប្រព្រឹត្តទៅស្ថិតនៅខេត្តសៀមរាប នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៣ ដល់មន្រ្តីនៃប្រទេសចរចារ RCEP ទាំង១៦ ដើម្បីបញ្ចៀសការខ្វែងគំនិតគ្នាក្នុងវិស័យពាណិជ្ជកម្ម។ ការផ្តល់អនុសាសន៍នេះ បានធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (7f RCEP ISSL-MM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានការចូលរួមពីគណៈប្រតិភូរដ្ឋមន្ត្រីនៃប្រទេសអាស៊ានទាំង១០ ជាមួយប្រទេសជាដៃគូដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន (អូស្ត្រាលី, ចិន, ឥណ្ឌា, ជប៉ុន, កូរ៉េខាងត្បូង និងញូវហ្សឺលែន)។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីបន្តការចរចា និងដោះស្រាយបញ្ហាសេសសល់នានា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការចរចាពាណិជ្ជកម្មលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៩ ដល់ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី សំដៅឈានទៅបញ្ចប់ការចរចាកិច្ចព្រៀមព្រៀង RCEP ទាំងស្រុង នៅក្នុងឆ្នាំ២០១៩ តាមអាណត្តិដែលផ្តល់ឱ្យដោយថ្នាក់ដឹកនាំនៃប្រទេសចរចា RCEP ទាំង១៦ នៅអំឡុងកិច្ចប្រជុំកំពូល RCEP លើកទី២ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។

នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកឡើងវិញ អំពីសាវតានៃការចរចាកិច្ចព្រមព្រៀង RCEP និងបានថ្លែងអំណរគុណថ្នាក់ដឹកនាំប្រទេសចូលរួមទាំងអស់ ដែលបានប្រឹងប្រែងជំរុញកិច្ចចរចានាពេលកន្លងមក ដើម្បីឈានទៅបង្កើតតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុត នៅក្នុងតំបន់អាស៊ីនាពេលអនាគតដ៏ខ្លីខាងមុខ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់វិបុលភាពសេដ្ឋកិច្ចពិភពលោក។

លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីរបត់នៃពាណិជ្ជកម្មអន្តរជាតិ និងបញ្ហាប្រឈមដែលបង្ករឡើងដោយប្រទេសមហាអំណាចធំៗនៅលើពិភពលោក ដែលបានកំពុងអូសទាញប្រទេសសមាជិកអាស៊ាន និងប្រទេសគាំទ្ររបបពាណិជ្ជកម្មសេរី ក្នុងទិសដៅផ្សេងៗគ្នា ប៉ុន្តែទោះជាយ៉ាងនេះក្តី កម្ពុជា និងសមាជិកអាស៊ានទាំងអស់នៅតែអាចបន្តធ្វើការជាមួយគ្នា ដើម្បីស្វែងរកមូលដ្ឋាន ទិសដៅ និងអត្ថប្រយោជន៍រួម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់អំពីកត្តាប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងប៉ូលសេដ្ឋកិច្ចពិភពលោក ព្រមទាំងសារៈសំខាន់នៃការបង្កើតតំបន់ពាណិជ្ជកម្មសេរី RCEP ដើម្បីប្រែក្លាយសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ឱ្យទៅជាប៉ូលសេដ្ឋកិច្ចស្នូល សំដៅជួយទប់ស្កាត់គោលនយោបាយគាំពារនិយម និងការីករាលដាលនៃសង្គ្រាមពាណិជ្ជកម្ម។
“កម្ពុជា និងប្រទេសសមាជិកអាស៊ានទាំងអស់ ប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការគាំទ្រគោលនយោបាយពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយនៅតែបន្តចូលរួមយ៉ាងក្លៀវក្លា ដើម្បីលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានភាពបើកចំហ ដែលជាមូលដ្ឋានក្នុងការរក្សាកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និងសាកល ជាច្រើនទសវត្សរ៍កន្លងមកហើយ បើមិនដូច្នោះ ពិភពលោកនឹងមានភាពច្របូកច្របល់ អាចបណ្តាលឱ្យមានសង្គ្រាមសេដ្ឋកិច្ចក្នុងកាលៈទេសៈណាមួយ»។
ទន្ទឹមគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗចំនួនបី ដល់រដ្ឋមន្ត្រីនៃប្រទេសចរចា RCEP ទាំង១៦ ដើម្បីបញ្ចៀសការខ្វែងគំនិតគ្នានៅក្នុងវិស័យមួយចំនួន សំដៅពនឿនការបង្កើតតំបន់ពាណិជ្ជកម្មសេរី RCEP ដ៏ពេញលេញមួយ ទៅតាមចង់បានរបស់ប្រទេសចូលរួម ដូចខាងក្រោម៖
១. ភាគីទាំងអស់ត្រូវចាត់ទុកកិច្ចចរចាទាំងនេះ ជាដំណើរការឈ្នះ-ឈ្នះ ដែលលទ្ធផលចុងក្រោយនៃកិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ភាគីទាំងអស់ ទោះជាក្នុងកម្រិតខុសគ្នាក៏ដោយ។
២.បើទោះជាមានរបៀបវារៈសេដ្ឋកិច្ចផ្សេងៗគ្នា ភាគីចរចាទាំងអស់ត្រូវនាំគ្នាពិនិត្យមើលទិដ្ឋភាពរួម នៃសក្តានុពល និងអត្ថប្រយោជន៍ដ៏ធំនៃកិច្ចព្រមព្រៀង RCEP ដើម្បីឱ្យដំណើរការនៃកិច្ចចរចានេះ អាចជំនះឧបសគ្គដែលនៅសេសសល់។
៣.សូមរដ្ឋមន្ត្រីនៃប្រទេសចូលរួមទាំងអស់ គោរពឆន្ទៈនយោបាយ និងផ្តល់ការណែនាំដល់សមាជិកនៃគណៈកម្មការចរចាពាណិជ្ជកម្មរបស់យើង នូវភាពទន់ភ្លន់ និងការយោគយល់គ្នា ស្របតាមគោលការណ៍ណែនាំ ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០១២ ជាពិសេសផ្តល់នូវប្រព្រឹត្តិកម្មពិសេស (ភាពអនុគ្រោះពន្ធ) និងការបើកច្រកទីផ្សារ ដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលមានទំហំសេដ្ឋកិច្ចតូចនៅឡើយ៕

អត្ថបទទាក់ទង