ខ្មែរប៉ុស្ដិ៍ Close

ប្រធានរដ្ឋវៀតណាម ថ្លែងថា ស្ថានភាពនៅកម្ពុជា មានស្ថិរភាព ហើយទំនាក់ទំនងការទូតកម្ពុជាក៏មានជាមួយប្រទេសនានាជាលំដាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
ប្រធានរដ្ឋវៀតណាម ថ្លែងថា ស្ថានភាពនៅកម្ពុជា មានស្ថិរភាព ហើយទំនាក់ទំនងការទូតកម្ពុជាក៏មានជាមួយប្រទេសនានាជាលំដាប់ ប្រធានរដ្ឋវៀតណាម ថ្លែងថា ស្ថានភាពនៅកម្ពុជា មានស្ថិរភាព ហើយទំនាក់ទំនងការទូតកម្ពុជាក៏មានជាមួយប្រទេសនានាជាលំដាប់

ក្នុងឱកាសជួបពិភាក្សាការងារនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានថ្លែងប្រាប់លោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកបដោយភាពជឿជាក់ថា ស្ថានភាពនៅកម្ពុជា មានស្ថិរភាព ហើយទំនាក់ទំនងការទូតកម្ពុជា ក៏មានជាមួយបណ្តាប្រទេសនានា ជាលំដាប់។

ជំនួបរវាងមេដឹកនាំកំពូលវៀតណាម ជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល ប្រធានរដ្ឋវៀតណាម បំពេញទស្សន កិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី២៥ និង២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

ក្នុងជំនួបនោះ លោក Nguyen Phu Trong បានជម្រាបជូនលោក នាយករដ្ឋមន្រ្ដីថា ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានៅពេលនេះ លោកបានសង្កេតឃើញថា កម្ពុជា គឺទទួលបានជោគជ័យលើវិស័យជាច្រើន រួមមានការអភិវឌ្ឍខាងហេដ្ឋារចនាសម្ព័ន្ធសំណង់ សេដ្ឋកិច្ចកម្ពុជាគឺ មានកំណើនកើនឡើងជាង៧% ហើយស្ថានភាពនៅកម្ពុជា គឺមានស្ថិរភាព និងទំនាក់ទំនងការទូតកម្ពុជា ក៏មានជាមួយបណ្តាប្រទេសនានា ជាលំដាប់ផងដែរ។ លោកបានសម្ដែងនូវការអបអរសាទរ ចំពោះជោគជ័យ ដែលកម្ពុជាទទួលបានលើគ្រប់វិស័យកន្លងមកនេះ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានឯកភាពទៅលើ អ្វីដែលលោកប្រធានរដ្ឋវៀតណាម បានលើកឡើង ហើយលោកបានមាន ប្រសាសន៍ថា កម្ពុជាទទួលបានការអភិវឌ្ឍ រហូតមកដល់ពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពីកងទ័ពប្រជាជន និងរដ្ឋាភិបាលវៀតណាមឡើយ ហើយលោកនាយករដ្ឋមន្រ្ដី ក៏បានឯកភាពផងដែរថា ឈរលើមូលដ្ឋាន លើទំនាក់ទំនង នៃកិច្ចសហប្រតិបត្តការកន្លងមក គឺធ្វើយ៉ាងណាជំរុញឲ្យ ទំនាក់ទំនងនេះកាន់តែរីកចំរើនបន្ថែមទៀត ៕