ខ្មែរប៉ុស្ដិ៍ Close

ជនជាតិបារាំងស្ម័គ្រចិត្តប្រគល់ភាជន៍បុរាណចំនួនពីរជូនអាជ្ញាធរជាតិអប្សរា ក្រោយរក្សាទុកអស់រយៈពេល១៥ឆ្នាំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 28
ជនជាតិបារាំងស្ម័គ្រចិត្តប្រគល់ភាជន៍បុរាណចំនួនពីរជូនអាជ្ញាធរជាតិអប្សរា ក្រោយរក្សាទុកអស់រយៈពេល១៥ឆ្នាំ ជនជាតិបារាំងស្ម័គ្រចិត្តប្រគល់ភាជន៍បុរាណចំនួនពីរជូនអាជ្ញាធរជាតិអប្សរា ក្រោយរក្សាទុកអស់រយៈពេល១៥ឆ្នាំ

សៀមរាប៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក William Telliez ម្ចាស់ភោជនីយដ្ឋាន The Square 24 ជាជនបារាំងដែលបានមករស់នៅប្រទេសកម្ពុជាពីឆ្នាំ២០០១ បានស្ម័គ្រចិត្តប្រគល់ភាជន៍បុរាណចំនួន២ ជួនអាជ្ញាធរជាតិអប្សរា ក្រោយពីរក្សាទុកអស់រយៈពេល១៥ឆ្នាំ។

លោក William Telliez បានឱ្យដឹងថា ភាជន៍ទាំងពីរនេះត្រូវបានរកឃើញកាលពីឆ្នាំ២០០៤ឬ២០០៥ ក្នុងជម្រៅដី៣ម៉ែត្រ កាលលោកឱ្យកម្មករជីកដីធ្វើបង្គន់នៅក្នុងសណ្ឋាគារបុប្ផាអង្គរ ហើយបានរក្សាទុករហូតដល់ឆ្នាំ២០១៩ ព្រោះមិនដឹងយកទៅប្រគល់អ្នកណាទើបមានសុវត្ថិភាព។ លុះបានឃើញការផ្សព្វផ្សាយពីការប្រគល់ភាជន៍ក្នុងតំបន់អង្គរនៅតាមបណ្តាញសារព័ត៌មាន លោកក៏បានទាក់ទងទៅសាលាបារាំងចុងបូព៌ា ហើយគេក៏ណែនាំឱ្យទាក់ទងមកអាជ្ញាធរជាតិអប្សរា។

ម្ចាស់ភោជនីយដ្ឋាន The Square 24 បានបង្ហាញពីឆន្ទៈនៃការប្រគល់បុរាណវត្ថុទាំងពីរនោះមកអាជ្ញាធរជាតិអប្សរាថា ភាជន៍ទាំងពីរ គឺជាកម្មសិទ្ធិរបស់ខ្មែរ វាមានតម្លៃណាស់សម្រាប់ខ្មែរក្នុងការសិក្សាស្រាវជ្រាវ វាមិនមែនកម្មសិទ្ធិខ្ញុំ ឬរបស់ឯកជនណាមួយទេ បើខ្ញុំរក្សាទុកវាក៏គ្មានតម្លៃអ្វីដែរ។

លោករីករាយខ្លាំងណាស់បានរកអ្នករក្សាទុកភាជន៍នេះប្រកបដោយសុវត្ថិភាព និងមានប្រយោជន៍សម្រាប់ជាតិខ្មែរ។ ទាក់ទងនឹងប្រវត្តិភាជន៍ទាំងពីរនេះ អ្នកស្រី សឹង ស្រីទូច បុគ្គលិកជំនាញកុលាលភាជន៍ខ្មែរនៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរបានឱ្យដឹងថា យើងនៅមិនទាន់អាចសន្និដ្ឋានបានថាភាជន៍ទាំងពីរនេះមានប្រភពមកពីខាងណាឱ្យច្បាស់លាស់ទេ ព្រោះមិនដូចភាជន៍ខ្មែរ។

តាមការពិនិត្យមើលសាច់ដីដោយប្រើកែវពង្រីក គឺជាភាជន៍បុរាណពិតប្រាកដ។ អាជ្ញាធរជាតិអប្សរានឹងធ្វើការសម្អាត ហើយធ្វើការសិក្សាស្រាវជ្រាវបន្ថែម និងសួរព័ត៌មានពីអ្នកស្រាវជ្រាវផ្សេងៗទៀតពីប្រភពនឹងអាយុកាលរបស់ភាជន៍ទាំងពីរនាពេលបន្តទៅទៀត៕

អត្ថបទទាក់ទង