នាយករដ្ឋមន្រ្ដី ហ៊ុន សែន រំលឹកដល់អ្នកភ្នាល់ថា រង់ចាំការចូលមកអនុវត្តការភ្នាល់រហូតដល់ថ្ងៃឱសានវាទ
ភ្នំពេញ៖ ពីលើទីលានវាលស្មៅវាយកូនហ្គោលនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្ហោះសារខ្លីមួយ ដោយនិទានពីល្បិចខិលខូចរបស់មិត្តភក្តិដែលបានវាយកូនហ្គោលជាមួយ ហើយព្យាយាមគេចខ្លួនមិនគោរពតាមការភ្នាល់។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានរំលេចសារយ៉ាងដូច្នេះថា «ថ្ងៃនេះវាយកូនគោលទៀតហើយដើម្បីសុខភាពផង និងការកម្សាន្តចុងសប្តាហ៍ផង។ តែថ្ងៃនេះដៃគូប្រកួតដែលបានលេងភ្នាល់ជាមួយខ្ញុំ លេងខូចខ្លាំងណាស់ គាត់វាយបាល់ធ្លាក់ទឹក គេមើលឃើញគ្រប់គ្នា គាត់បែរជាដាក់បាល់ថ្មីវាយបន្តដោយមិនខ្វល់ពីបាល់ពិន័យសោះ។ ពេលនេះគាត់កំពុងចូលបន្ទប់ទឹក ខ្ញុំរង់ចាំខាងក្រៅ ប៉ុន្តែសង្ស័យថា គាត់មិនព្រមចេញមកទេ ដឹង ឬគាត់ទម្លាយទ្វារត់ចេញទៅក្រៅតារាងបាត់ហើយ។ តែទោះយ៉ាងណា ខ្ញុំត្រូវរង់ចាំគាត់រហូតផុតម៉ោងប្រកួត ព្រោះគាត់ជាអ្នកបបួលខ្ញុំភ្នាល់ដោយសម្ដីក្អេងក្អាងទៀតផង។ សុំចេញមកប្រកួតបន្តណាអ្នកខ្លាំង កុំរត់ចោលទីលានប្រកួត»។
ក្នុងសារដែលជាការនិទានរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃនេះ បានធ្វើឲ្យគេមើលឃើញថា ជាសារមួយមានចេតនាបញ្ឆិតបញ្ឆៀង និងឌឺដងឲ្យទណ្ឌិត សម រង្ស៉ី។ ទណ្ឌិត សម រង្ស៉ី បានប្រកាសភ្នាល់ជាមួយលោក ហ៊ុន សែន ដោយយកសេរីភាពរបស់លោក កឹម សុខា ជាថ្នូរនឹងការភ្នាល់មួយនេះកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនោះ។
សូមរំលឹកផងដែរថា ទណ្ឌិត សម រង្ស៉ី ដែលមានរហស្សនាមជាអ្នកនយោបាយកំសាកញី បានសរសេរបបួលនាយករដ្ឋមន្រ្ដី ហ៊ុន សែន ភ្នាល់យ៉ាងដូច្នេះថា «តើលោក ហ៊ុន សែន ហ៊ានផ្នាល់ជាមួយខ្ញុំទេ។ កាលពីនៅថ្ងៃទី០៧ វិច្ឆិកា កន្លងទៅនេះ លោក ហ៊ុន សែន បានអះអាងថា គាត់មិនងាយដោះលែងលោក កឹម សុខា ទេ ទាល់តែចាំសេះដុះស្នែង។ ខ្ញុំនៅតែជឿជាក់ថា ក្រោមសម្ពាធអន្តរជាតិលោក ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា ក្នុងពេលឆាប់ៗខាងមុខនេះ។ អាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ឬ ក៏យ៉ាងយូរបំផុតថ្ងៃ០៣ មីនា ២០១៩»។
លោក សម រង្ស៉ី បានបញ្ជាក់បន្ថែមថា «បើលោក ហ៊ុន សែន ចាញ់ខ្ញុំ ក្នុងការភ្នាល់នេះ គាត់មិនចាំបាច់កាត់កខ្លួនឯង ដូចក្នុងការសន្យាបញ្ឈប់ការកាប់ព្រៃឈើរនោះទេ។ ខ្ញុំគ្រាន់តែសុំឲ្យគាត់ចុះចេញពីតំណែងបានហើយ។ តែបើខ្ញុំចាញ់លោក ហ៊ុន សែន វិញ ខ្ញុំសុខចិត្តដើរចូលឲ្យគាត់ចាប់ខ្ញុំ យកទៅឃុំទន្ទឹមនឹងលោក កឹម សុខា បើមិនបញ្ចូលរឿងអ្វីថ្មី (ដូចជារដ្ឋប្រហារ) ក្រៅពីចំណុចដែលបានលើកឡើងខាងលើនេះ»។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឱសានវាទនៃការភ្នាល់នៅសល់តែ ១៥ថ្ងៃទៀតប៉ុណ្ណោះ។ តែទោះបីជាយ៉ាងណាគេមិនបានមើលឃើញទៅហើយថា ទណ្ឌិត សម រង្ស៉ី នឹងចាញ់លើការភ្នាល់មួយនេះ ព្រោះមកដល់ពេលនេះមិនទាន់មានតម្រុយណាមួយតាមផ្លូវតុលាការក្នុងការដោះលែងលោក កឹម សុខា នៅឡើយនោះទេ។
គេក៏មើលឃើញផងដែរថា ទណ្ឌិត សម រង្ស៉ី នឹងមិនគោរពតាមការភ្នាល់នេះឡើយ ព្រោះសណ្តានរបស់ទណ្ឌិតរូបនេះភ័យខ្លាចបំផុត គឺការជាប់គុក។ នៅក្នុងជីវិតនយោបាយរបស់ទណ្ឌិតរូបនេះ ឲ្យតែឮថាមានដីកាតុលាការ គឺរត់ចោលស្រុកមិនបង្អង់ជើងនោះទេ ៕
សូមអាន៖ លិខិតចំអក៖ គឺ សម រង្ស៊ី ទេដែលក្បត់ កឹម សុខា និងក្បត់សកម្មជនទាំង១១៨នាក់!