ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី កំពុងប្រមាថឆន្ទៈអ្នកបោះឆ្នោតកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 48
ទស្សនៈមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី កំពុងប្រមាថឆន្ទៈអ្នកបោះឆ្នោតកម្ពុជា ទស្សនៈមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី កំពុងប្រមាថឆន្ទៈអ្នកបោះឆ្នោតកម្ពុជា

ថ្មីនេះៗនៅលើទំព័ហ្វេសប៊ុករបស់ សម រង្ស៊ី បានធ្វើការផ្សព្វផ្សាយក្នុងន័យប្រមាថអ្នកបោះឆ្នោតដ៏ច្រើនលើសលុប និងក្នុងលក្ខណៈញុះញង់យ៉ាងធ្ងន់ធ្ងរ ដោយបុគ្គលរូបនេះបានថ្លែងអំពាវនាវដល់កងទ័ព សូមកុំការពាររដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ហើយបានចាត់ទុករដ្ឋសភា និងរដ្ឋាភិបាលសព្វថ្ងៃ ជារដ្ឋសភាក្លែងក្លាយ និងនាយករដ្ឋមន្ត្រីក្លែងក្លាយទៅវិញ។ល។ ដែលជាការអធិប្បាយបែបទុច្ចរិត មួលបង្កាច់ បំភាន់ និងញុះញង់ដ៏ធ្ងន់ធ្ងរ វាយប្រហារលើឆន្ទៈអ្នកបោះឆ្នោតកម្ពុជា និងបំផុសកម្លាំងមហាជនឱ្យងើបប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ តើប្រជាជនដ៏ច្រើនលើសលុចចេញទៅបោះឆ្នោតនោះជាការបោះឆ្នោតក្លែងក្លាយ? តើរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតជារដ្ឋាភិបាលក្លែងក្លាយ? តើហេតុអ្វីចាំបាច់ញុះញង់ប្រជាជនកាន់អាវុធ ពេលដែលប្រទេសកំពុងមានសុខសន្តិភាព និងស្ថេរភាព?

ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ និងដោយប្រកាន់ខ្ជាប់ស្មារតីនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺប្រទេសកម្ពុជា ពិសេស រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានអនុវត្តដោយឥតងាករេតាមមាគ៌ាប្រជាធិបតេយ្យ សេរីពហុបក្សដ៏ត្រឹមត្រូវ ដោយបានបន្តការគ្រប់គ្រង និងដឹកនាំរដ្ឋតាមរយៈការបោះឆ្នោតសកលយ៉ាងទៀតទាត់ ដោយមានការចូលរួមការបោះឆ្នោតរបស់អ្នកបោះឆ្នោតយ៉ាងច្រើសលើសលុប ដើម្បីសម្រេចតាមឆន្ទៈរបស់ខ្លួនក្នុងការជ្រើសតាំងគណបក្សនយោបាយណាមួយ ដែលខ្លួនពេញចិត្តដឹកនាំរដ្ឋាភិបាល។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្រ្តី តែងតែទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីអ្នកបោះឆ្នោតកម្ពុជា ពិសេសការបោះឆ្នោតសកលកាលឆ្នាំ២០១៨កន្លងទៅនេះ មានអ្នកបោះឆ្នោតជាង៨៣.២% បាននាំគ្នាចេញទៅបោះឆ្នោតភ្លូកទឹកភ្លូកដីគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំរដ្ឋាភិបាលដោយពួកគេបានមើលឃើញនូវស្នាដៃធំៗជាច្រើនដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសម្រេចបានដែលមានលោក ហ៊ុន សែន ជាមេដឹកនាំដ៏មានសមត្ថភាព បទពិសោធន៍ និងមានចក្ខុវិស័យដ៏ច្បាស់លាស់ ដែលអាចនាំនាវាកម្ពុជាឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង វិបុលភាព និងដ៏រុងរឿងក្រោមម្លប់នៃសុខសន្តិភាព។

ផ្ទុយទៅវិញ វាជាការគួរឱ្យអាម៉ាស់ជាទីបំផុតចំពោះការប្រមាថយ៉ាងធ្ងន់ធ្ងររបស់ទណ្ឌិត សម រង្ស៊ី មកលើប្រជាជនខ្មែរដ៏ច្រើនលើសលុបដែលបានចេញមកបោះឆ្នោតគាំទ្រគណបក្សប្រជាជន នៅពេលដែលបុគ្គលរូបនេះ បានបរាជ័យយ៉ាងអាម៉ាស់ក្នុងការអំពាវនាវឱ្យប្រជាជនដេកផ្ទះ ឈ្នះស្អាត ក៏ប៉ុន្តែ ប្រជាជនអ្នកបោះឆ្នោតមិនអាចដេកផ្ទះឈ្នះស្អាតបានឡើយ ហើយអ្នកបោះឆ្នោតបាននាំគ្នាចេញទៅបោះឆ្នោត ដើម្បីយកសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ព្រមទាំងរក្សាការងារ និងមុខរបររកស៊ីជាសំខាន់។ ទាំងនេះជាការបរាជ័យម្តងទៀត ដ៏អាម៉ាស់របស់បុគ្គលរូបនេះ ហើយឥឡូវបាននិងកំពុងសាកល្បងម្តងទៀត ដោយព្យាយាមវាយប្រហារមកលើការបោះឆ្នោតកន្លងទៅថា ជាការបោះឆ្នោតក្លែងក្លាយវិញ។

ទណ្ឌិត សម រង្ស៊ី ជាមនុស្សអាត្មានិយម យកភ័ព្វវាសនារបស់ខ្លួនពឹងលើការកម្ទេចឆ្នាំងបាយរបស់កម្មកររាប់សែននាក់ ជាបុគ្គលបរាជ័យក្នុងគ្រប់យុទ្ធសាស្រ្តរបស់ខ្លួន ចាញ់ហើយចាញ់ទៀត មិនព្រមចាញ់ ខុសហើយខុសទៀត ខុសមិនខ្ចីកែកំហុសដដែលៗ រហូតជាកំហុសដែលគ្មានទេវតាណាមកជួយសង្រ្គោះបាន ក៏ព្រោះតែបុគ្គលរូបនេះ នៅតាំងខ្លួនឯងជាមនុស្សអស្ចារ្យលើសគេ គ្មានអ្នកស្មើនឹងខ្លួន ឬធ្វើបានដូចខ្លួន ដែលជាបុគ្គលជាប់ជំពាក់នឹងការស្រេកឃ្លានអំណាច បើទោះបី អ្នកណាត្រូវស្លាប់ ឬ ត្រូវជាប់គុកដោយសារគាត់ គាត់ក៏មិនខ្ចីធ្វើដឹង ព្រោះវាសនាខ្លួនគាត់ពឹងតែលើបរទេស ពឹងលើការបង្កើតជំនឿក្លែងក្លាយ ពឹងលើសិល្បៈនៃអណ្តាតមួលបង្កាច់ដ៏ស្ទាត់ជំនាញ បំផុសបំផុល ញុះញង់ និងការបង្កើតឱ្យមានកំហឹងក្នុងសង្គមទាញទម្លាក់ប្រទេសឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាម និងអសន្តិសុខ។

ជាការពិតណាស់ សម្រាប់ទណ្ឌិតរូបនេះបានយល់ឃើញច្បាស់ថា មេរៀនក្នុងប្រវត្តិសាស្រ្តដ៏អាក្រក់បំផុតក្នុងទស្សវត្យឆ្នាំ១៩៧០ ដោយមានការជួយជ្រោមជ្រែងពីអាមេរិក បានទម្លាក់ សម្តេចព្រះបាទបរមរតនកោដ្ឋ នរោត្តម សីហនុ ពីអំណាច ហើយបានធ្វើឱ្យប្រជាជន និងជាតិមាតុភូមិមួយនេះ ធ្លាក់ចូលក្នុងភ្លើងសង្រ្គាម និងក្តីមហន្តរាយ ក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏លោក សម រង្ស៊ី មិនខ្ចីខ្វល់ គឺធ្វើយ៉ាងណាដើម្បីខ្លួនគាត់ទទួលបានអំណាចក្នុងដៃសិន។ ក្រៅពីបានអនុវត្តនយោបាយការទូតទុច្ចរិតនៅឯនាយសមុទ្រ អ្នកណាៗក៏បានដឹងយ៉ាងច្បាស់ថា បុគ្គលសម រង្ស៊ី គឺជាទណ្ឌិត ដែលតុលាការត្រូវការចាប់ខ្លួនដោយសារបុគ្គលរូបនេះ បានប្រព្រឹត្តបទល្មើសជាច្រើនករណី ដែលកំពុងមានសាលដីការតាមចាប់ខ្លួន និងនៅមានករណីជាច្រើនទៀតកំពុងស្ថិតក្នុងដៃតុលាការនៅឡើយ។ ក្រោយពីទណ្ឌិតរូបនេះបានច្បាមក្តាប់អំណាចជាប្រធានស្តីទីនៃបក្សខ្មោចមួយដ៏ចំរូងចំរាស់កន្លងទៅ ទណ្ឌិតរូបនេះបានព្យាយាមចង់វិលត្រឡប់ចូលស្រុកវិញ ដោយបាននិងកំពុងធ្វើចលនាខុសច្បាប់ កៀរគរ និងបំផុសឱ្យអ្នកគាំទ្ររបស់ខ្លួនរង់ចាំទទួលរូបគាត់ពេលត្រឡប់មកវិញក្នុងពេលមួយមិនកំណត់ក្នុងអ្វីដែលមហាជនភាគច្រើនមើលឃើញថា វាគ្រាន់តែជាផ្គរលាន់ក្នុងរដូវប្រាំងក្នុងយុទ្ធសាស្រ្តរាក់កំផែលដដែលៗ បែបស្វារុញគូថកូនចៅឱ្យចូលទៅជាប់ក្នុងទ្រុងដោយមិនបានដឹងអ្វីឱ្យច្បាស់ប្រាកដ។

ឥឡូវសភាពការណ៍វាកាន់តែច្បាស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នៅតែបន្តដើរលើផ្លូវដ៏ត្រូវត្រូវ គឺត្រូវការពារឱ្យបាននូវឯករាជ្យ អធិបតេយ្យជាតិ និងសុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីការអភិវឌ្ឍ និងវិបុលភាព និងការរីកចម្រើនរបស់ប្រជាជន និងប្រទេសជាតិ។ ផ្ទុយទៅវិញការប្រកាសអំពាវនាវដល់ប្រជាជនខ្មែរឱ្យនាំគ្នាកាន់អាវុធ រក្សាអាវុធទុកក្នុងដៃ គឺពិតជាអំពើមិនត្រឹមត្រូវ អំពើផ្ទុយនឹងច្បាប់ ជាគំនិតបែបទុច្ចរិតផ្ទុយពីនិន្នាការទូទៅ និងបំណងប្រាថ្នារបស់ប្រជាជន ដែលចង់បានសុខសន្តិភាព សង្គមមួយមានស្ថេរភាពទាំងសេដ្ឋកិច្ច និងនយោបាយ ព្រោះថា ប្រជាជនកម្ពុជានិងជាតិមាតុភូមិមួយនេះហាក់ដូចបានឆ្អែតឆ្អន់ និងធុញទ្រាន់នឹងសង្រ្គាមយូរណាស់មកហើយ ការឈឺចាប់ព្រាត់ប្រាស់គ្រួសារដ៏ឈឺចាប់វាល្មមនឹងលែងទទួលបានទៀតដែរ។

ជាក់ស្តែងការចេញទៅបោះឆ្នោតសកលភ្លូកទឹកភ្លូកដីកន្លងទៅថ្មីៗនេះ ពិតជាបានបង្ហាញយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ស្រឡាញ់សុខសន្តិភាព ចង់បានការអភិវឌ្ឍជាទីបំផុត។ តើចាំបាច់អ្វីត្រូវកាន់អាវុធនាពេលនេះ? ប្រទេសមានច្បាប់ កងទ័ពត្រូវមានកាតព្វកិច្ចផ្តាច់មុខការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងនឹងអំពើភេវរកម្ម អំពើទាំងឡាយដែលបំផ្លាញរដ្ឋ ចលនាប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល។ល។ ដែលជាក្រិត្យក្រមក្នុងការគ្រប់គ្រង និងការដឹកនាំរដ្ឋក្នុងសម័យទំនើបនេះ។ ការប្រព្រឹត្តអ្វីៗទាំងឡាយដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ គឺជាអំពើខុសច្បាប់ ព្រោះ រដ្ឋធម្មនុញ្ញជាច្បាប់កំពូលធានានូវនិរន្តភាពនៃរដ្ឋ។ ដូច្នេះក្នុងន័យនេះ ប្រជាជនខ្មែរមិនចាំបាច់កាន់អាវុធ ឬ រក្សាទុកអាវុធក្នុងដៃនោះទេ ក៏ប៉ុន្តែ ការអំពានាវរបស់ទណ្ឌិតនេះ គឺជាចេតនាញុះញង់ ការបំផុសបំផុលឱ្យប្រជាជនងើបប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជារដ្ឋអំណាចត្រូវបានអ្នកបោះឆ្នោតដ៏ច្រើនលើលុបបានសម្រេចបោះឆ្នោតគាំទ្រផ្តល់សេចក្តីទុកចិត្តរួចមកហើយនោះ គឺគ្មានអ្នកណាម្នាក់នឹងដើរតាមគំនិតដ៏ឆ្គួតលីលា ហើយក៏នឹងមិនទៅជាប់គុកតាមការអំពាវនាវរបស់ទណ្ឌិតនេះឡើយ។

ជារួមការសម្រេចចេញទៅបោះឆ្នោតអសកលដ៏ច្រើនលើសលុបកន្លងទៅ គឺពិតជាបានបង្ហាញយ៉ាងច្បាស់ឱ្យឃើញនូវឆន្ទៈដ៏មោះមុតរបស់អ្នកចេញទៅបោះឆ្នោត សម្តែងឱ្យឃើញនូវកម្លាំងសាមគ្គីដ៏រឹងមាំដើម្បីជ្រោងទង់សន្តិភាព និងការអភិវឌ្ឍ ពិសេស ឆន្ទៈការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ ដោយអនុវត្តយ៉ាងត្រឹមត្រូវតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ប្រជាជនកម្ពុជា ក្នុងនាមជាម្ចាស់ប្រទេស ជាម្ចាស់នៃអំណាចបានអនុវត្តសិទ្ធិរបស់ខ្លួនយ៉ាងពេញលេញ ដើម្បីបោះឆ្នោតជ្រើសតាំងរដ្ឋសភា និងរដ្ឋាភិបាល ដែលជាសិទ្ធិស្វ័យសម្រេចរបស់ខ្លួន និងជាឆន្ទៈពិតប្រាកដរបស់ខ្លួនស្របតាមការបោះឆ្នោតប្រជាធិបតេយ្យមួយដ៏ត្រឹមត្រូវ មិនមែនជាការបោះឆ្នោតក្លែងក្លាយ ឬ ការបោះឆ្នោតលេងសើចដូចការលើកឡើងដ៏ល្ងង់ខ្លៅរបស់ទណ្ឌិត សម រង្ស៊ី នោះឡើយ។ ហើយប្រជាជនកម្ពុជាមានសេចក្តីសុខគ្រប់គ្រាន់ណាស់ក្នុងយុគ្គសម័យមាស សម័យសន្តិភាព ដែលខ្មែរគ្រប់រូបមិនត្រូវការកាន់អាវុធ ឬ រក្សាអាវុធទុកក្នុងដៃ ដែលជាទង្វើផ្ទុយនឹងច្បាប់ជាតិបានឡើយ ហើយពលរដ្ឋរាល់រូបត្រូវប្រតិបត្តិតាមច្បាប់ជាតិ ដើម្បីសេចក្តីសុខសាន្តសម្រាប់ជាតិផង និងផ្ទាល់ខ្លួនផង ដែលខ្មែរយើងតែងពោលថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ៕

ដោយ៖ ឡុង បូរិតា

អត្ថបទទាក់ទង