ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើចិនផ្តល់ជំនួយឥតសំណង ដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើចិនផ្តល់ជំនួយឥតសំណង ដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើចិនផ្តល់ជំនួយឥតសំណង ដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា

ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ឆេន ស៊ីឈីង (Chen Siqing) តំណាងធនាគារចិននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍អំពីតម្រូវការនៃទុនជាច្រើន ហើយសព្វថ្ងៃនេះធនាគារចិន មានទុនច្រើន ហើយមានសាខាច្រើននៅលើពិភពលោក ដូច្នេះធនាគារចិនអាចជួយសម្រេចនូវតម្រូវការមួយនេះ។ ឆ្នាំនេះប្រទេសចិន នឹងរៀបចំកិច្ចប្រជុំកំពូលនៃខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នាខែមេសាខាងមុខនេះ ធនាគារចិន នឹងមានការចុះកិច្ចព្រមព្រៀងមួយចំនួន ដើម្បីផ្តល់ឥណទានដល់ក្រុមហ៊ុននានា ដែលស្ថិតនៅក្នុងគម្រោងនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ។

ក្នុងឱកាសពិភាក្សានោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា អាទិភាពរបស់កម្ពុជាទាំងអស់ទាំងរដ្ឋ និងឯកជន គឺផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៤ គឺការអភិវឌ្ឍធនធានមនុស្ស ទឹក ផ្លូវ និងភ្លើង ដែលជាវិស័យសំខាន់ៗសម្រាប់រាជរដ្ឋាភិបាល។ សម្រាប់ការអភិវឌ្ឍធនធានមនុស្សនេះ លោកចង់ឱ្យចិនផ្តល់នូវជំនួយឥតសំណងដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ស្ពាន ព្រលានយន្តហោះ និងកំពង់ផែជាដើម ដែលត្រូវការទុនជាច្រើនពីមិត្តចិន។ លោក ក៏បានស្នើឱ្យធនាគារចិន ផ្តល់ទុនសម្រាប់ក្រុមហ៊ុនទាំងឡាយ ដែលវិនិយោគទៅលើការបណ្តុះបណ្តាល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលើវិស័យកសិកម្មជាដើម ដើម្បីជំរុញការកែច្នៃកសិផលរបស់កម្ពុជាផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ថាមពលអគ្គិសនី ក៏ជារឿងសំខាន់ផងដែរសម្រាប់កម្ពុជា។ ក្នុងន័យនេះលោក ហ៊ុន សែន ស្នើធនាគារចិនបន្តគាំទ្រដល់ការកសាងខ្សែបណ្តាញចែកចាយអគ្គិសនីបន្តទៀត។ លោកក៏បានបញ្ជាក់ផងដែរថា កម្ចីរបស់កម្ពុជានាពេលកន្លងទៅ គឺមានគោលដៅសំខាន់បំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដូច្នេះលោកស្នើធនាគារចិនផ្តល់ការប្រាក់ឱ្យបានទាបទៅលើកម្ចីនោះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញការគាំទ្រឱ្យមានការចុះហត្ថលេខារវាងធនាគារចិន ជាមួយស្ថាប័នរបស់កម្ពុជានូវរាល់គម្រោងទាំងឡាយ ដែលស្ថិតក្រោមនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ ក៏ដូចជាស្ថិតនៅក្នុងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ បើគម្រោងវិនិយោគស្ថិតនៅក្រោមនយោបាយខ្សែក្រវ៉ាត់ និងផ្លូវទទួលបានជោគជ័យនោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់លោកប្រធានាធិបតីចិន ក៏ជោគជ័យផងដែរ៕

អត្ថបទទាក់ទង