កម្មករនិយោជិត ត្រូវស្វែងយល់ពីលក្ខខណ្ឌហិរញ្ញវត្ថុរបស់រោងចក្រ និងច្បាប់ការងារជាមុនចៀសវាងនូវការទាមទារទៅតាមការញុះញង់!
នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខេត្តតាកែវ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវដល់សហជីពដែលកំពុងធ្វើចលនាឱ្យកម្មករទាមទារបើកប្រាក់អតីត ភាពផ្តាច់ក្នុងខែមករា ឆ្នាំ២០១៩ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ដោយសារយើងមានច្បាប់ដែលត្រូវអនុវត្តក្នុងការបើករៀង រាល់៦ខែម្តង។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា បើប្រៀបធៀបពីមុននេះបីបួនឆ្នាំមិនទាន់នឹងទូទាត់ផង លុះត្រាគេបញ្ឈប់បានគេទូទាត់ ប៉ុន្តែពេលនេះគឺត្រូវអនុវត្តបើករៀងរាល់៦ខែម្តង ដែលជាស្ថានភាពល្អប្រសើរសម្រាប់កម្មករនិយោជិត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមាន ប្រសាសន៍បន្ថែមទៀតថា ប្រសិនបើធ្វើតាមការទាមទាររបស់កម្មករ កម្មការិនីនេះ នឹងធ្វើឱ្យរោងចក្រប្រមាណ២ភាគ៣ នឹងត្រូវបិទទ្វារ ព្រោះផែនការបង្វិលទុនរបស់ម្ចាស់រោងចក្រ កាលពីពេលមុនគឺអនុវត្តតាមច្បាប់ចាស់ មិនមែនអនុវត្តតាមច្បាប់ថ្មីនោះទេ ដូច្នេះផែនការបង្វិលទុនរបស់ថៅកែរោងចក្រ គឺធ្វើតាមផែនការបង្វិលរបស់ពួក គេផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូម ពរ ឱ្យកម្មករកម្មការិនីដែលកំពុងធ្វើបាតុកម្មទាមទារទាំងនោះធ្វើការពិចារណាហេតុផលផងដែរ ប្រសិនបើរោងចក្រធ្វើតាមការទាមទារនោះអាចនឹងធ្វើឱ្យរោងចក្រក្ស័យធន បិទទ្វារ ហើយអ្នកដែលរងគ្រោះដោយសារអត់ការងារធ្វើនោះគឺកម្មករកម្មការិនីផងដែរ៕