ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដាក់ចេញនូវអនុសាសន៍សំខាន់ៗទាំង ១០ចំណុច ដើម្បីជំរុញការអនុវត្តការងារឱ្យមានប្រសិទ្ធភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 25
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដាក់ចេញនូវអនុសាសន៍សំខាន់ៗទាំង ១០ចំណុច ដើម្បីជំរុញការអនុវត្តការងារឱ្យមានប្រសិទ្ធភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដាក់ចេញនូវអនុសាសន៍សំខាន់ៗទាំង ១០ចំណុច ដើម្បីជំរុញការអនុវត្តការងារឱ្យមានប្រសិទ្ធភាព

នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ កម្មការិនីប្រមាណ ជិត២ម៉ឺននាក់មកពីរោងចក្រ សហគ្រាស ចំនួន១២ ដែលជំនួបនេះធ្វើឡើងនៅ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តដាក់ចេញអនុសាសន៍ សំខាន់ៗចំនួន១០ចំណុចដើម្បីជំរុញការអនុវត្តការងារឱ្យមានប្រសិទ្ធភាព។

អនុសាសន៍សំខាន់ៗទាំង១០ចំណុចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះរួមមាន៖
ទី១- ត្រូវអនុវត្តបើកប្រាក់ខែអប្បបរិមាដល់កម្មករក្នុងឆ្នាំ ២០១៩ គឺ ១៨២ ដុល្លារ បើក្រុមហ៊ុនផ្តល់ជូនកម្មករលើសនេះគឺរិតតែល្អប្រសើរ។ រីឯការបើកប្រាក់ខែ គឺបើក ២ដង ក្នុងមួយខែ។
ទី២- ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីរពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករ កម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នា ជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើឱ្យបានហ្មត់ចត់បំផុត។
ទី៣- ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបាន ពេលវេលាឈប់សម្រាកពីការងាររយៈពេល៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ហើយក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឱ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។
ទី៤- ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១) គឺទទួលថវិកា៤០ ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបាន កូន(៣) គឺទទួលបាន ថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភ ចំនួន៥លានរៀល ទៀតពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា។
លោកនាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លីខាងមុខនេះចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។
ទី៥- អនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៨ តទៅ កម្មករកម្មករនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុន ជាអ្នកបង់ជំនួស ១០០%។
ទី៦- អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹក តភ្លើងដល់ ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឱ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំឱ្យមានការឡើងថ្លៃពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។
ទី៧- អនុវត្តប្រាក់សោធននិវត្តន៍ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយៗកម្មករ និងទទួលបានប្រាក់ចូលនិវត្តន៍(ប្រាក់រឺត្រែត) ហើយ។
ទី៨- អនុវត្តចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទ លិខិតបទដ្ឋាន ផ្លូវច្បាប់នានា និងដើម្បីទទួលបាននូវលក្ខខ័ណ្ឌការងារល្អប្រសើរ។
ទី៩- ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឱ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករដែលបានធ្វើការក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់កម្មករ កម្មការិនី អោយបានឆាប់បំផុត។ ក្នុងឱកាសនេះ លោក បានអំពាវនាវឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពកម្មករក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួល ដឹកកម្មករ ទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធានាដល់សុវត្ថិភាពកម្មកររួមដំណើរ ក្នុងពេលបើកបរ។
ទី១០- ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេស ធ្វើយ៉ាងណាឱ្យកម្មករធ្វើការបានស្របច្បាប់។ សូមបងប្អូនកុំយល់ច្រឡំ ឬគិតថាខុស ក្នុងពេលដែលបងប្អូនកូនក្មួយទៅធ្វើការនៅប្រទេសគេ៕

អត្ថបទទាក់ទង