ដំណើរឆ្ពោះទៅការប្រារព្ធខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះ (វគ្គ៣)
វគ្គទី៣៖ នយោបាយ ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន វាយលុកលើនយោបាយច្រែះស៊ីដែករបស់ខ្មែរក្រហមផ្តើមចេញពីទស្សនៈ «មិនត្រូវអង្គុយបក់ផ្សែង ប៉ុន្តែត្រូវពន្លត់ភ្លើង» ជុំវិញសំណុំរឿងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចុះនូវ «នយោបាយឈ្នះ-ឈ្នះ» នៅដើមឆ្នាំ ១៩៩៦ ដើម្បីឈានទៅបញ្ចប់ទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមដែលកំពុងតែទន់ខ្សោយ ក្រោយពីពួកគេបានប្រឈមមុខយ៉ាងខ្លាំងជាមួយនឹងច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ និងគោលការណ៍បង្រួបបង្រួម និងផ្សះផ្សាជាតិដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី១។ ក្រុមខ្មែរក្រហម ត្រូវប្រឈមមុខនឹងការថ្កោលទោសរបស់អន្តរជាតិចំពោះឧក្រិដ្ឋកម្ម ដែលខ្លួនបានប្រព្រឹត្តនៅក្នុងអំឡុងពេលកាន់កាប់ដឹកនាំប្រទេសពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ និងការដើរផ្លូវខុសដោយសារតែ នយោបាយរឹងត្អឹងរបស់ ប៉ុល ពត ក្នុងការមិនចូលរួមក្នុងការបោះឆ្នោតនាខែឧសភា ឆ្នាំ ១៩៩៤។
ពួកគេ ចុះខ្សោយដោយសារតែប្រទេសជាសម្ព័ន្ធមិត្រដែលធ្លាប់ជួយខ្លួនបានបញ្ឈប់ការផ្តល់ជំនួយទាំងយោធានិង នយោបាយ ហើយក្រុមទាហានខ្មែរក្រហមបានបាក់ទឹកចិត្ត។ នយោបាយ ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន វាយលុកលើនយោបាយច្រែះស៊ីដែករបស់ខ្មែរក្រហម។ គោលការណ៍នយោបាយឈ្នះឈ្នះទាំងបីត្រូវបានគេឃើញមានវត្តមានជាផ្លូវការណ៍ នៅក្នុងលិខិតសម្ងាត់ទាក់ទងផ្សេងៗ នៅក្នុងន័យឃោសនាអូសទាញក្រុមខ្មែរក្រហមប្រើប្រាស់ដោយដោយក្រុមប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ។
គោលការណ៍ទាំងបីសំខាន់នៃនយោបាយជាប្រវត្តិសាស្ត្រនេះ ក្នុងនោះរួមមាន៖ ទី១-ធានាសុវត្ថិភាពនិងអាយុជីវិត ទី២-ធានអាជីពនិងមុខរបរ និង ទី៣-ធានារក្សាទ្រព្យសម្បត្តិ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា «នយោបាយឈ្នះ-ឈ្នះ» នេះគឺជាផែនការយុទ្ធសាស្ត្រនយោបាយសម្ងាត់បំផុត ហើយដំបូងឡើយមានតែមនុស្ស ៤នាក់ប៉ុណ្ណោះ ដែលបានដឹងពីផែនការ នេះគឺរួមមានសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ ប៉ុល សារឿន ឧត្តមសេនីយ៍ កែវ ពង្ស និងឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះមិនបានកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាការកើតឡើងដោយការគិតគូរគ្រប់ទិដ្ឋភាព គ្រប់ជ្រុងជ្រោយ ដោយយកផលប្រយោជន៍ជាតិដាក់លើផលប្រយោជន៍បក្ស និងក្រុមអ្នកនយោបាយ។ បើមិនដូច្នេះទេ នយោបាយឈ្នះ-ឈ្នះ មិនអាចក្លាយទៅជាចរន្តរបស់ជាតិដែលទទួលយកបានទាំងអស់គ្នានោះឡើយ។
ចំណុចនេះ មុននឹងអនុវត្តនូវនយោបាយឈ្នះ-ឈ្នះសម្តេចតេជោ ហ៊ុន សែន បានធ្វើការជួបប្រាស្រ័យ ស្វែងយល់ តើអ្វីដែលជាការចង់បានរបស់អ្នកដែលនៅក្នុងជួរ និងជាពិសេសបានជួបប្រាស្រ័យ ជាមួយអតីតខ្មែរក្រហមផ្តាច់ខ្លួននិងសមាហរណកម្មជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
ក្រោយសមរភូមិភ្នំវល្លិ៍នៅចន្លោះពីឆ្នាំ ១៩៩៤ ដល់ ១៩៩៥ ការផ្តាច់ខ្លួនជាបន្តបន្ទាប់របស់ក្រុមខ្មែរក្រហមបានចាប់ផ្តើមឡើង នៅពេលនោះពលរដ្ឋខ្មែរប្រាកដជាបានឮឈ្មោះឧត្តមសេនីយ៍ កែវ ពង្ស ដែលជាអតីតមេបញ្ជាការកងទ័ពលេខ១៨ ជាកម្លាំងទ័ពពិសេសរបស់ខ្មែរក្រហម ស្ថិតក្រោមការគ្រប់គ្រងរបស់ ប៉ុលពត ដោយផ្ទាល់ដែលឈរជើងនៅតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានផ្តាច់ខ្លួន និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយសារតែមិនអាចបន្តទទួលយកនូវការដឹកនាំបែបផ្តាច់ការ ការបោសសម្អាតផ្ទៃក្នុងដែលមិនស្មោះត្រង់នឹងបក្ស និងមិនអនុញ្ញាតឱ្យមាន កម្មសិទ្ធិឯកជនឡើយ។ ក្រោយការផ្តាច់ខ្លួន ឧត្តមសេនីយ៍ កែវ ពង្ស បានព្យាយាមទាក់ទងជាមួយមន្ត្រីរដ្ឋាភិបាល ហើយចុងក្រោយបានជួបទំនាក់ទំនងជាមួយនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលដឹកនាំបញ្ជាផ្ទាល់នៅបញ្ជាការជួរមុខអគ្គសេនាធិការឈរជើងនៅតំបន់ស្រុកឱរ៉ាល់។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលកាលនោះមានតួនាទីជាអគ្គសេនាធិការរង បានសរសេរលិខិតទៅកាន់កម្លាំងផ្តាច់ខ្លួនជាមួយនឹងគោលនយោបាយឈ្នះឈ្នះ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ១៩៩៦។ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៩៦ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ កែវ ពង្ស ចូលជួបក្រោមការសម្របសម្រួលរបស់នាយឧត្តមសេនីយ៍ ប៉ុល សារឿន នៅគេហដ្ឋានសម្តេចនៅទីក្រុងតាខ្មៅ។ លោក កែវ ពង្ស បានរាយការណ៍ជូនសម្តេចពីបញ្ហាទាំងអស់ទាក់ទងនឹងការបែកបាក់របស់ក្រុមមេដឹកនាំខ្មែរក្រហម និងទឹកចិត្តខ្មែរក្រហមថ្នាក់ក្រោម។
ឧត្តមសេនីយ៍ កែវ ពង្ស មានការគិតគូរច្រើន នៅមុនពេលជួបសម្តេចតេជោ លាយឡំជាមួយនឹងការមិនទាន់ទុកចិត្តទាំងស្រុង និងត្រៀមខ្លូនលើកឡើង២ចំណុចក្នុងនោះ ទី១៖ គឺស្នើសុំឱ្យ អ្នកមកតាមលោកទាំងអស់មានសេរីភាពដូចប្រជាពលរដ្ឋធម្មតា និងទី២៖ លោកសុំទៅស្រុកកំណើតដើម្បីទៅធ្វើបុណ្យជូនឪពុកម្តាយសាច់ញាតិនៅខេត្តតាកែវបាន ២ ឬ ៣ ថ្ងៃ និងបន្ទាប់មក យកលោកទៅដាក់ទោស ឬយ៉ាងណាអាស្រ័យលើរដ្ឋាភិបាលទៅចុះ ព្រោះលោកសម្រេចលះបង់ការពារអាយុជីវិតទាហាន និងប្រជាជនដែលបានផ្តាច់ខ្លួនពីខ្មែរក្រហម ប៉ុលពត រួចទៅហើយ។
នៅពេលជួបជាមួយឧត្តមសេនីយ៍ កែវ ពង្ស សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ធ្វើឱ្យលោក កែវ ពង្ស មានជំនឿជឿជាក់ និងមានស្មារតីរឹងមាំកាន់តែខ្លាំងថែមទៀត ហើយយល់ថា អ្វីដែលសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើគឺដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិពិតប្រាកដ។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឧត្តមសេនីយ៍ កែវ ពង្ស ថា៖ «ទី១) ពួកយើងបានចេញតស៊ូដូចគ្នានៅឆ្នាំ១៩៧០ តាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ។ យើងដើរផ្លូវជាមួយគ្នា ប៉ុន្តែក្រោយមក អ្នកនយោបាយបំបែកយើងចេញពីគ្នា ហើយឥឡូវយើងជួបគ្នាវិញហើយ។ ទី២) យើងមិនមែនជាអ្នកសាងបញ្ហានៅកម្ពុជាទេ គឺអ្នកជំនាន់មុនជាអ្នកសាងទុក ឯយើងជាអ្នករងគ្រោះ»។ ក្រោយពីបានជួបនិងប្រាស្រ័យការងារជាមួយសម្តេច ហ៊ុន សែន ឧត្តមសេនីយ៍ កែវ ពង្ស បានស្ងប់ស្ងែងវរភាពរបស់សម្តេច និងភាពជាអ្នកដឹកនាំពិត ជាមេដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតខ្លាំងពូកែ ព្រមទាំងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាពលរដ្ឋ ជាមនុស្សរបស់ប្រជាជនកម្ពុជា។
ស្ថានភាពចុងក្រោយរបស់ក្រុមមេដឹកនាំខ្មែរក្រហម និងខ្មែរក្រហមថ្នាក់ក្រោមដែលលោក កែវ ពង្ស បានជម្រាបជូនសម្តេច ហ៊ុន សែន គឺជាវិភាគទានថ្មីមួយទៀត ក្នុងការផ្តល់ព័ត៌មានច្បាស់ការណ៍ ដែលអាចទុកចិត្តបានអំពីបញ្ហាផ្ទៃក្នុងរបស់ក្រុមមេដឹកនាំខ្មែរក្រហមក្បាលរឹង ហើយនេះក៏ជាមូលដ្ឋានសម្រាប់បន្តអនុវត្តនូវយុទ្ធសាស្ត្រឌីហ្វីដរំលាយ អង្គការនយោបាយ និងយោធាខ្មែរក្រហម បង្រួបបង្រួមជាតិ បង្រួបង្រួមទឹកដីផងដែរ។ សម្តេចបានប្រាប់ឧត្តមសេនីយ៍ កែវ ពង្ស ពីនយោបាយឈ្នះឈ្នះដែលមានគោលការណ៍បីចំណុចនេះដែលជាគោលនយោបាយមួយ ដ៏ត្រឹមត្រូវក្នុងការអូសទាញកម្លាំងខ្មែរក្រហម ចូលរួមរស់ក្នុងសង្គមជាតិវិញ និងត្រូវបានទទួលស្វាគមន៍ពី សំណាក់បងប្អូនខ្មែរក្រហម។
ពិធីប្រកាសជាផ្លូវការនៃការធ្វើសមាហរណកម្មរបស់កងពលលេខ ១៨ របស់ឧត្តមសេនីយ៍ កែវ ពង្ស ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩៦ នៅតំបន់ឱរ៉ាល់។ ភ្នំវល្លិ៍គឺជាគ្រាន់តែជា ដំណាក់កាលសិក្សាពីនយោបាយឈ្នះ-ឈ្នះ តែប៉ុណ្ណោះ ចំណែកឯការចាប់ផ្តើមអនុវត្តនយោបាយឈ្នះឈ្នះដំបូងគេគឺនៅតំបន់ឱរ៉ាល់ ដែលជាចំណុចដកបទពិសោធន៍ដ៏ធំ នៃការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដោយបានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ១៩៩៦ ជាមួយឧត្តមសេនីយ៍ កែវ ពង្ស។ នេះគឺជាដំណាក់កាលទី១ នៃការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ ដែលដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ឈ្នួនសន្តិភាពបានចាប់ផ្តើមផ្ទុះពីតំបន់ឱរ៉ាល់។ តំបន់ឱរ៉ាល់ដែលជា សមរភូមិក្តៅគគុករវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមខ្មែរក្រហម ហើយតំបន់ឱរ៉ាល់គឺជាទីតាំងតស៊ូរឹងមាំ មួយរបស់ក្រុមខ្មែរក្រហម និងជាទីតាំងតស៊ូរបស់ទ័ពព្រៃតាំងពីការចាប់ផ្តើមតស៊ូរបស់ខ្មែរក្រហមដំបូង។
ក្រោយសមាហរណកម្ម ឧត្តមសេនីយ៍ កែវ ពង្ស មិនត្រឹមតែរាជរដ្ឋាភិបាលមិនយកទោសពៃរ៍នោះទេ ថែមទាំងបានប្រគល់តួនាទី និងឋានន្តរស័ក្តិជាឧត្តមសេនីយ៍នៅជួរកងយោធពលខេមរភូមិន្ទ និងបានស្ថិតក្រោមបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដោយបានប្រគល់ភារកិច្ចឱ្យធ្វើកិច្ចការបន្ត ក្នុងការអូសទាញមិត្តភ័ក្តិនានាជាកងកម្លាំងខ្មែរក្រហម នៅក្នុងព្រៃមករួមរស់ក្នុង សង្គមជាតិវិញ តាមគោលនយោបាយ ឈ្នះឈ្នះ។ គោលនយោបាយឈ្នះឈ្នះបានជ្រៀតចូលយ៉ាងលឿនក្នុងការក្រុមខ្មែរក្រហមដោយក្នុងនោះ មានការផ្សព្វផ្សាយតាមឈ្មួញផងតាមខិត្តបណ្ណផង និងតាមរយៈការទាក់ទងដោយផ្ទាល់តាមតេអូ។ លោកឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន ដែលជាអតីតទាហានអាន់គី ដែលបានចុះចូលជាមួយរដ្ឋាភិបាលនៅឆ្នាំ ១៩៩២ ក៏ជាប្រតិបត្តិករម្នាក់ទៀត ដែលបានដឹងពីនយោបាយឈ្នះឈ្នះនេះ និងចូលរួមក្នុងក្រុមប្រតិបត្តិករដំបូងនៃ នយោបាយឈ្នះឈ្នះអូសទាញក្រុមខ្មែរក្រហម។
ក្រុមប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ុល សារឿន ស្ថិតក្រោមការបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ដំណើរការការងាររបស់ខ្លួនដោយលាក់ការណ៍ សម្ងាត់បំផុត។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយសារតែការអនុវត្តនយោបាយឈ្នះឈ្នះមានការសម្ងាត់ខ្ពស់ ធ្វើឱ្យមន្ត្រីមួយចំនួននៅក្នុងរាជរដ្ឋាភិបាល និងក្នុងជួរគណបក្សប្រជាជនកម្ពុជា មានការយល់ច្រឡំនិងវាយ តម្លៃខុស និងពេលខ្លះសម្តេចត្រូវបានរិះគន់ថាហេតុអ្វីអនុញ្ញាតឱ្យឧត្តមសេនីយ៍ កែវ ពង្ស វិលចូលព្រៃវិញ?
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថាប្រសិនបើរក្សាទុកលោក កែវ ពង្ស នៅភ្នំពេញ គឺបានត្រឹមតែ កែវ ពង្ស តែម្នាក់ ប៉ុណ្ណោះ ប៉ុន្តែបើកែវ ពង្ស ចូលក្នុងព្រៃ កែវ ពង្ស នឹងនាំមកនូវខ្មែរក្រហម ជាច្រើនទៀត។ ពេលខ្លះខ្មែរក្រហមក៏បានប្រើប្រាស់ល្បិចដើម្បីបំបែកលោក កែវ ពង្ស ពីរដ្ឋាភិបាល និងពីសម្តេចតេជោ ហ៊ុន សែន និងពីនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដោយការទម្លាក់លិខិតក្លែងក្លាយជាដើមដើម្បីធ្វើឱ្យរដ្ឋាភិបាលដកជំនឿទុកចិត្តពីលោក កែវ ពង្ស។ តាមរយៈបទពិសោធនៅសមរភូមិភ្នំវល្លិ៍ និងការសមាហរណកម្មនៅ តំបន់ឱរ៉ាល់របស់ឧត្តមសេនីយ៍ កែវ ពង្ស នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលទទួលបញ្ជាផ្ទាល់ពីសម្តេច តេជោ ហ៊ុន សែន បានធ្វើវិធីសាស្ត្រប្រើកម្លាំង យុទ្ធវិធីវាយលុក និងអូសទាញដែលក្នុងនោះបានកំណត់ ចេញពីតំបន់ឱរ៉ាល់ឆ្ពោះទៅមុខព្រួញទិសសំឡូត ភ្នំព្រឹក សំពៅលូន ម៉ាឡៃ ជាគោលដៅកាន់កាប់ដើម្បីឆ្ពោះទៅគ្រប់គ្រងតំបន់ប៉ៃលិនទាំងមូល។
សកម្មភាពផ្សព្វផ្សាយពីគោលនយោបាយ ឈ្នះ-ឈ្នះ របស់ក្រុមប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដោយមានលោក កែវ ពង្ស នៅជួរមុខបានជ្រួតជ្រាប យ៉ាង លឿនទៅក្នុងក្រុមខ្មែរក្រហម រហូតដល់ខែឧសភា ឆ្នាំ ១៩៩៦ នួន ជា ជាបងធំទី២ ខ្មែរក្រហមបានចុះមក ផ្សព្វផ្សាយនិងអប់រំស្មារតីមេបញ្ជាការគ្រប់អង្គភាពដែលនៅតំបន់ខាងក្នុង និងខាងកើតផ្លូវ ៥៦ ដើម្បីអប់រំ រៀនសូត្រពង្រឹងជាបន្ទាន់ដោយពួកគេភ័យខ្លាចក្រែងអ្នកទាំងនោះធ្លាក់ចូលក្នុងការអូសទាញរបស់ក្រុមប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះដែលកំពុងតែសកម្មក្នុង ការអូសទាញ។ ប៉ុន្តែអ្វីដែលក្រុមមេដឹកនាំក្រុមខ្មែរ ក្រហមមានការព្រួយបារម្ភពិតជាត្រឹមត្រូវ ហើយមេបញ្ជាការខ្មែរក្រហមនៅតំបន់ផ្សេងៗត្រូវបានអូសទាញ និងស្ម័គ្របោះបង់ចោលអាវុធ បោះបង់ចោលក្រុមខ្មែរក្រហមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការ អនុវត្តនយោបាយឈ្នះឈ្នះដោយមានការធ្វើសមាហរណកម្មកម្លាំងជាបន្តបន្ទាប់ដោយចេញពីឱរ៉ាល់ ដល់ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ និងតំបន់ផ្សេងៗទៀត។
ភាពជោគជ័យនៃក្រុមប្រតិបត្តិករដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលធ្វើឱ្យនយោបាយឈ្នះឈ្នះកាន់តែបោះជំហានទៅមុខគឺការទាក់ទងលោក សុខ ភាព ដែលជាមេ បញ្ជាការកងពល ៤៥០ របស់ខ្មែរក្រហមនៅតំបន់ម៉ាឡៃនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ១៩៩៦។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ដល់ក្រុមប្រតិបត្តិករដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ុល សារឿន ជួបដោយផ្ទាល់ជួបជាមួយលោក សុខ ភាព ដោយធានាបាននូវការលាក់ការសម្ងាត់។ ជំនួបជាមួយលោក សុខ ភាពបានធ្វើឡើងនៅថ្ងៃទី១ ខែសីហា នៅប្រទេសថៃដោយបាននិយាយគ្នាជាច្រើន ពីនយោបាយឈ្នះ ឈ្នះនិងការជួយឧបត្ថម្ភគាំទ្រកម្លាំងខ្មែរក្រហមផ្តាច់ខ្លួនទប់ទល់នឹងការធ្វើទុកបុកម្នេញរបស់ខ្មែរក្រហម។
នៅថ្ងៃទី២ ខែសីហា ឆ្នាំ ១៩៩៦ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានធ្វើសេចក្តីរាយការណ៍ជូន សម្តេចតេជោ ហ៊ុន សែន អំពីលទ្ធផលការងារដែលបានជួបជាមួយលោកសុខ ភាព(កងពល ៤៥០) និងអំពីគោលគំនិតរបស់អៀង សារី ដែលប្រាប់ឱ្យលោក សុខ ភាព និងអ៊ី ឈាន (កងពល ៤១៥) ទៅជួបជា មួយក្រុមប្រតិបត្តិករនយោបាយឈ្នះឈ្នះ ហើយអៀង សារី ដែលបានបែកចេញពីក្រុមខ្មែរក្រហម បានជំរុញឱ្យប្រញាប់ដោះស្រាយបញ្ចប់សង្គ្រាម មិនអាចនៅបន្តវាយខាងយោធាទៀតនោះទេ។ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ១៩៩៦ អំឡុងពេលដែលសម្តេចតេជោ ហ៊ុន សែន កំពុងតែសម្ពោធស្ថានីយស្ថានីយ៍រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ ៣ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានទូរស័ព្ទពីថៃមកដើម្បីជូនដំណឹងថាមានការបះបោរក្នុងក្រុមខ្មែរក្រហមហើយ។ ភ្លាមៗ សម្តេចតេជោ ហ៊ុន សែន បានប្រកាសព័ត៌មានជាផ្លូវការថា៖«បងប្អូនអតីតកងពល ៤៥០ របស់លោកសុខ ភាព និងកងពក ៤១៥ របស់លោកអ៊ី ឈាន រួមជាមួយលោក អៀងសារីផងបានសម្រេចចិត្តផ្តាច់ខ្លួនចេញពី ប៉ុល ពត ហើយមករួមរស់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ ១៩៩៦ អំពីការផ្តាច់ខ្លួនរបស់ខ្មែរក្រហមនៅប៉ៃលិន និងម៉ាឡៃ បានធ្វើឱ្យមនុស្សម្នាស្រឡាំងកាំងទាំងអស់គ្នា រហូតអ្នកខ្លះនៅអល់អែកឬមិនជឿថា ខ្មែរក្រហមបានកែប្រែចិត្តគំនិត លះបង់ចេញពីជួរឧទ្ទាម ប៉ុលពត យ៉ាងអាថ៌កំបាំង អស្ចារ្យដូច្នេះសោះ។ ហេតុដូច្នេះហើយបានធ្វើឱ្យមជ្ឈដ្ឋានខ្លះងឿងឆ្ងល់ថា តើនរណាជាជាអ្នកដឹកនាំបញ្ជា រឿងនេះ?ហើយនរណាជាអ្នកអនុវត្តកិច្ចការនេះ? បេសកកម្មបម្រើគោលនយោបាយនេះចាប់ផ្តើមពីពេលណា? ហេតុអ្វីឈ្លាសវៃរក្សាការសម្ងាត់ជាទីបំផុត និងធ្វើរបៀបណាបានជាសម្រេចតាមបំណងនិងសម្រេច តាមផែនការ ជាពិសេសសូម្បីតែ ប៉ុល ពត នួន ជា ខៀវ សំផន សុន សេន ក៏ស្លន់ស្លោរជាទីបំផុត។ នៅថ្ងៃ ទី៧ ខែសីហា ឆ្នាំ ១៩៩៦ វិទ្យុឧទ្ទាមខ្មែរក្រហម ប៉ុល ពត បានផ្សាយពីការកាត់ទោសប្រហារជីវិត អៀង សារី ដែលក្បត់ចលនារបស់ខ្លួន។ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ ១៩៩៦ សភាពការណ៍នៅម៉ាឡៃ និងប៉ៃលិន ចាប់ផ្តើមមានការប្រែប្រួល ដោយសារតែមូលហេតុមកពីដៃគូក្នុងរាជរដ្ឋាភិបាលចម្រុះក្នុងអាណត្តិទី១ គឺគណបក្សហ៊្វុនស៊ិនប៉ិចនៅពេលនោះ ដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅអូសទាញ និងបញ្ចុះបញ្ចូលបងប្អូនផ្តាច់ខ្លួនស្របនឹងយុទ្ធសាស្ត្រដ៏ខុសឆ្គង ដែលខ្លួនបានដាក់ចេញនៅឯទីក្រុងព្រះសីហនុនាថ្ងៃទី២១ និង ២២ ខែមករា ឆ្នាំ ១៩៩៦ គឺ «យុទ្ធសាស្ត្រតុល្យភាពយោធា និងការប្រឈមមុខ»។ ដោយសារតែបញ្ហានេះ កម្លាំងផ្តាច់ខ្លួនកងពល ៤៥០ និង ៤១៥ ដែលស្ថិតក្រោមឆ័ត្ររបស់ អៀង សារី មិនព្រមធ្វើសមាហរណកម្ម ហើយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៩៦ អៀង សារី បានប្រកាសបង្កើតចលនា មួយឈ្មោះថា «ចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ» ដើម្បីតថ្លៃជាមួយរាជរដ្ឋាភិបាលកម្ពុជា៕
សូមរង់ចាំអានអត្ថបទវគ្គទី៤ ដែលនិយាយពីបញ្ហាប្រឈមនានាពេលអនុវត្តនយោបាយឈ្នះឈ្នះ
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨