ខ្មែរប៉ុស្ដិ៍ Close

ដំណើរឆ្ពោះទៅការប្រារព្ធខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះ (វគ្គ៥-បញ្ចប់)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឯកសារ 75
ដំណើរឆ្ពោះទៅការប្រារព្ធខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះ (វគ្គ៥-បញ្ចប់) ដំណើរឆ្ពោះទៅការប្រារព្ធខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះ (វគ្គ៥-បញ្ចប់)

វគ្គទី៥៖ បទពិសោធនិងភាពជោគជ័យនៃនយោបាយ ឈ្នះ-ឈ្នះ

សង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជា ដែលបានអូសបន្លាយចាប់តាំងពីរដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ នល់ នៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ ១៩៧០ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ក្រោមការអនុវត្តដោយជោគជ័យនៃនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការចុះខ្សោយនៃអង្គការចាត់តាំងនយោបាយ និងយោធារបស់ក្រុមខ្មែរក្រហម ត្រូវបានគេកត់សម្គាល់ឃើញថាបានកើតឡើងចាប់ពីចុងឆ្នាំ ១៩៨០ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ ធ្វើឲ្យក្រុមខ្មែរក្រហមធ្លាក់ចុះឥទ្ធិពល បាត់បង់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងយោធាពីសម្ព័ន្ធមិត្តរបស់ខ្លួន និងក្រោយមកត្រូវបានបញ្ចប់ទាំងស្រុងដោយនយោបាយ ឈ្នះ-ឈ្នះ។ ក្រុមខ្មែរក្រហមត្រូវបានកាត់ផ្តាច់ និងធ្វើឲ្យឯកោពីក្រុមសម្ព័ន្ធមិត្តអាវុធរបស់ខ្លួនមានចលនាហ៊្វុនស៊ិនប៉ិច និងចលនារណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីការបោះឆ្នោតឆ្នាំ ១៩៩៣ រៀបចំឡើងដោយអង្គការសហប្រជាជាតិ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ នយោបាយឈ្នះ-ឈ្នះ មានន័យថា គ្រប់ភាគីទាំងអស់ជាអ្នកឈ្នះ។

សមាហរណកម្មនៃអតីតក្រុមខ្មែរក្រហមនៅភ្នំវល្លិ៍ គឺជាដំណាក់កាលសិក្សានៃនយោបាយឈ្នះឈ្នះ ហើយការចាប់ផ្តើមអនុវត្តជាលើកដំបូងនូវ នយោបាយនេះគឺធ្វើឡើងនៅតំបន់ឱរ៉ាល់ គឺជាការចាប់ផ្តើមផ្ទុះឈ្នួនសន្តិភាពនៅកម្ពុជា។ សង្គ្រាមនៅកម្ពុជាទទួលឥទ្ធិពលនិងមនោគមន៍វិជ្ជាពីបរទេស ប៉ុន្តែត្រូវបានពន្លត់ដោយស្នាដៃខ្មែរសុទ្ធសាធ។

វាជាការពិតដំណោះស្រាយ ឈ្នះ-ឈ្នះ ឬនយោបាយតាមរយៈនីតិវិធីសន្តិភាវូបនីយកម្មនៅលើទឹកដីដែលនៅសេសសល់ គឺជាវិធានការតែមួយគត់ ដែលត្រូវបានអនុវត្តដោយស្របតាមនីតិវិធីច្បាប់ និងក្រមសីលធម៌ដើម្បីបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនេះ។ គ្រប់សង្គ្រាមទាំងអស់ មិនអាចបញ្ចប់ដោយចុងកាណុងបានឡើយ ប៉ុន្តែតាមផ្លូវចរចាជានិច្ច។ ឈរនៅលើមូលដ្ឋាននេះ ទើបកម្ពុជាត្រូវការបង្កើតការចរចាស្វែងរកសន្តិភាព និងដោះស្រាយតាមនយោបាយឈ្នះ-ឈ្នះ ដែលគ្រប់ភាគីទាំង អស់សុទ្ធតែជាអ្នកឈ្នះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កិត្តិយសដែលបានផ្តល់មកឲ្យរូបសម្តេចសម្រាប់នយោបាយ ឈ្នះ-ឈ្នះ គឺមានន័យថា ជាការផ្តល់មេដៃមាសដល់ប្រជាជនកម្ពុជា ទាំងមូល ជាពិសេសកម្លាំងកងយោធពលខេមរភូមិន្ទ និងអ្នកផ្តាច់ខ្លួនពីក្រុមខ្មែរក្រហមផ្ទាល់ ហើយប្រសិនបើគ្មានការគាំទ្រ និងអនុវត្តពីពួកគាត់ទេ នោះសមិទ្ធផលសន្តិភាពនេះកើតឡើងឡើយ។ ការធ្វើសមាហរណកម្មគឺមិនមែនជាការចុះចាញ់ ឬការចូលសារភាពឡើយ ប៉ុន្តែគឺជាកាតព្វកិច្ចរបស់កុលបុត្រកុលធីតាខ្មែរទាំងអស់ ក្នុងការធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ភ្នក់ភ្លើងសង្គ្រាមដែលមនុស្សជំនាន់មុនបាននបន្សល់ទុកមក។

​គណបក្សប្រជាជនកម្ពុជាបានបំពេញប្រកបដោយផ្លែផ្កានូវបេសកកម្មប្រវត្តិសាស្ត្ររបស់ខ្លួន ទី១ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ សង្គ្រោះប្រជាពលរដ្ឋកម្ពុជាពីការស្លាប់ ក៏ដូចជាធ្វើឲ្យសង្គមជាតិទាំងមូលរស់រានមានជីវិតឡើងវិញ។ នេះគឺជាកិច្ចការមួយដែលគ្មានគណបក្សណាមួយធ្វើបានឡើយ។ ក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងតែមួយគត់ដែលមានលទ្ធភាពក្នុងការទប់ស្កាត់ក្រុមខ្មែរក្រហម ក្នុងការវិលត្រឡប់មកកាន់កាប់អំណាចវិញ។ ប្រសិនបើមិនចាត់វិធានការឲ្យទាន់ពេលវេលានៅក្នុងព្រិត្តិការណ៍ខែកក្កដា ឆ្នាំ ១៩៩៧ គឺម៉្លេះក្រុមខ្មែរក្រហមបានជោគជ័យក្នុងការឡើងកាន់អំណាចនៅកម្ពុជាវិញ។ ការប្រើប្រាស់ខ្មែរក្រហមដើម្បីធ្វើតុល្យភាពកម្លាំងនយោបាយ គឺជាល្បែងប្រកបដោយគ្រោះថ្នាក់បំផុតសម្រាប់ប្រជាជាតិខ្មែរទាំងមូល ហើយយុទ្ធសាស្ត្រទាំងនេះគឺមិនស្ថិតនៅក្នុងគំនិតរបស់គណបក្សប្រជាជនកម្ពុជាឡើយ។

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ក៏បានគាំទ្រដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិតរួមមាន នួន ជា ខៀវ សំផន អៀង សារី អៀង ធីរិទ្ធ និងកាំង ហ្កេកអ៊ាវ ហៅឌុច ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាចំពោះឧក្រិដ្ឋកម្មដែលពួកគេបានប្រព្រឹត្តនៅអំឡុងកាន់កាប់អំណាចពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ដើម្បីនាំយកយុត្តិធម៌ និងការពិតជូនជនរងគ្រោះខ្មែរ និងមនុស្សជាតិទាំងមូល។

នៅក្នុងការដោះស្រាយបញ្ហាកម្ពុជា យើងមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានឡើយគឺការដោះស្រាយតាមផ្លូវចរចារវាងគូយុទ្ធសាស្ត្រទាំងពីរក្រុម។ ទី១ គឺបង្កើតឲ្យមានដំណោះស្រាយនយោបាយដោយឈរនៅលើមូលដ្ឋាននៃការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយទី២ គឺថែរក្សានូវសមិទ្ធផលសង្គមដែលបានកសាងមកក្រោយពីការផ្តួលរំលំរបបខ្មែរក្រហម។ កម្ពុជាបានគិតគូរខ្ពស់អំពីការបង្រួបបង្រួមជាតិ ក្រោយពីត្រូវបានហែកហួរ ដោយសារសង្គ្រាម។ តើហេតុអ្វីបានជាយើងត្រូវការបង្រួបបង្រួមជាតិ? គឺដើម្បីការអភិវឌ្ឍប្រទេស និងធានានូវអនាគតល្អ របស់កូនចៅខ្មែរជំនាន់ក្រោយ។ ភាពជោគជ័យយុទ្ធសាស្រ្តឌីហ្វីដ និងនយោបាយ “ឈ្នះ ឈ្នះ” បានធ្វើឲ្យប្រទេសកម្ពុជាដែលធ្លាប់ តែបែកបាក់បែងចែកទឹកដីបង្កើតតំបន់អបគមន៍និងឧទ្ទាមប្រដាប់អាវុធ ស្គាល់នូវសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដីដែលមិនដែលមានសោះក្នុងរយៈពេល ៥០០ ឆ្នាំក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

តាមរយៈការអនុវត្តនូវនយោបាយ ឈ្នះឈ្នះ នេះ យើងអាចទាញនូវសេចក្តីសន្និដ្ឋានលើចំណុចខ្លាំងនិងចំណុចខ្សោយដូចខាងក្រោម៖

ចំពោះចំណុចខ្លាំង និងភាពងាយស្រួល៖

១-ចំណុចខ្សោយរបស់មេដឹកនាំខ្មែរក្រហមទាំងអស់ បានក្លាយជាចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការបន្តការកាប់សម្លាប់របស់ខ្មែរក្រហម ការដឹកនាំខុសរបស់ក្រុមខ្មែរក្រហមទាំងអស់ បានក្លាយជាចំណុចខ្លាំងរបស់រាជរដ្ឋាភិបាល។ សមាជិកចុងក្រោយមួយចំនួនត្រូវបានខ្មែរក្រហម យកទៅសម្លាប់ចោល មុនពេលធ្វើសមាហរណកម្ម។ ការសម្រេចចិត្តរបស់សម្តេចតេជោចូលទៅក្នុងតំបន់ខ្មែរក្រហមគឺជា ការសម្រេចចិត្តដ៏អង់អាចក្លាហាន និងជាការផ្តល់ទំនុកចិត្ត និងភាពកក់ក្តៅដល់ក្រុមខ្មែរក្រហមផ្តា់ច់ខ្លួន។ វត្តមានរបស់សម្តេចតេជោនៅតំបន់ខ្មែរក្រហមដែលផ្តាច់ខ្លួននានាបានធ្វើឱ្យបងប្អូនខ្មែរក្រហមកាន់តែមាន ជំនឿថែមទៀតមកលើគោលនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែនក្នុងការបង្រួមបង្រួមជាតិ ផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាជាស្ថាពរ នាំយកសុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា។

២-សង្គ្រាមនៅប្រទេសកម្ពុជាមិនមែនជាប្រភេទជម្លោះជាតិសាសន៍ ឬសង្គ្រាមសាសនា និងមិនមែនមែនជាសង្គ្រាមបំបែករដ្ឋ និងបំបែកទឹកដីនោះទេ។ នេះគឺជាចំណុចងាយស្រួលរបស់កម្ពុជាក្នុងការដោះស្រាយ។​ សង្គ្រាមជាតិសាសន៍ និងសង្គ្រាមសាសនា មិនងាយដោះស្រាយនោះទេ។ នយោបាយនៅកម្ពុជាគឺជានយោបាយសុខុដុមរមណីយកម្មជាតិសាសន៍ និងសាសនា។ នេះក៏ជាចំណុចអំណោយផលនៅក្នុងការអនុវត្តជោគជ័យនៃនយោបាយឈ្នះឈ្នះ។

៣-មានកម្លាំងអនុវត្តដោយការស្មោះត្រង់ និងការទទួលខុសត្រូវ៖ ចំណុចនេះអាចនិយាយបានថាកម្លាំង អនុវត្តនយោបាយឈ្នះ-ឈ្នះមិនតូចទេ គឺមានទំហំធំ យន្តការអនុវត្តក៏ធំ។ យើងអាចអនុវត្តបានជាប្រព័ន្ធ មិនមែនអនុវត្តដាច់ដោយឡែកពីគ្នានោះទេ។ យន្តការអនុវត្តនេះគឺពូកែ ខ្លាំង រាប់តាំងពីការចាប់យកកម្លាំងនៅសំឡូត កំរៀងភ្នំ ព្រឹកដើម្បីរារាំង អៀង សារី ក៏កម្លាំងធ្វើបាន។ បើគ្មានកម្លាំងពិតប្រាកដ គឺមិនអាចទទួលជោគជ័យឡើយ។ ប្រសិនបើ យន្តការអនុវត្តមិនត្រឹមត្រូវ និងមិនមានសមត្ថភាពទេ ជួនកាលខុសឆ្គងបន្តិចនោះនឹងនាំឱ្យបរាជ័យ។

៤-ការចូលរួមពីភាគីពាក់ព័ន្ធពិសេសបងប្អូនអតីតទាហានខ្មែរក្រហម និងចុងក្រោយមេដឹកនាំខ្មែរក្រហម ដែលបានមកដល់ផ្ទះសម្តេចនាយករដ្ឋមន្ត្រីនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៦ ហើយជាករណីតែមួយគត់នៅលើពិភពលោកនេះ។ មិនទាន់មានសង្គ្រាមណាមួយ ដែលបានបញ្ចប់ទៅដោយការធ្វើដំណើរមកផ្ទះនាយករដ្ឋមន្ត្រីរបស់ថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា មួយគណៈរដ្ឋមន្ត្រីមកផ្ទះនាយករដ្ឋមន្ត្រីនោះទេ។ ដូច្នេះចំណុចនេះ បង្ហាញយ៉ាងច្បាស់ពីការមិនចង់បន្តសង្គ្រាមនៃបងប្អូននាយទាហាន នាយទាហានរង និងពលទាហានរបស់ខ្មែរក្រហម។ ចុងក្រោយ ស្ថានភាពនេះបានចាប់បង្ខំឱ្យមេដឹកនាំខ្មែរក្រហមមកចុះចូលដល់ផ្ទះរបស់នាយករដ្ឋមន្ត្រីតែម្តង។ បងប្អូនខ្មែរក្រហមមុនបានធ្វើផ្តាច់ខ្លួន មិនមែនជាការចុះចាញ់ ឬសារភាពទេ ប៉ុន្តែជាភារកិច្ចទទួលខុសត្រូវ របស់ខ្លួនចំពោះប្រទេសជាតិ។ ចំណងអ្នកជាន់មុនចង​ ប៉ុន្តែអ្នកជាន់ក្រោយជាអ្នកដោះ។ ប៉ុន្តែករណីខៀវ សំផន នួន ជា ដែលចុះចូលរដ្ឋាភិបាល មិនមាន កូនទាហានមកជាមួយទេ ប៉ុន្តែតើមានភាពចាំបាច់អ្វីទៅ ដែលនាយករដ្ឋមន្ត្រីចាំបាច់ទទួលអតីតមេដឹកនាំខ្មែរក្រហមដល់ផ្ទះ? តើសម្តេចតេជោស្រឡាញ់ នួន ជា ស្រឡាញ់ ខៀវ សំផន ណាស់ទៅឬ?

បើនិយាយក្នុងចំណោមអ្នកជេរសម្តេចច្រើនជាងគេគឺលោក ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម។ អ្នកជេរសម្តេចច្រើនជាងគេ គឺខ្មែរក្រហម ទីបំផុត ខ្មែរក្រហមបានមកសុំចុះចូលដល់ផ្ទះរបស់សម្តេច។ អ្វីដែលសម្តេចតេជោ ហ៊ុន សែន ទទួលអតីតខ្មែរក្រហមដល់ផ្ទះ គឺមានគោលបំណងសំខាន់បីយ៉ាងដើម្បីបញ្ជូនសារទៅក្រៅ៖

ទី១-បញ្ជូនទៅអ្នកប្រយុទ្ធដែលនៅសេសសល់ ត្រូវទម្លាក់អាវុធចុះ ព្រោះមេដឹកនាំកំពូលរបស់អ្នក បានចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីរួចទៅហើយ។ នៅពេលនោះមានក្រុមអ្នកប្រយុទ្ធមួយក្រុមដែលបានបែកខ្ញែកទៅជាមួយតាម៉ុក ហើយក្រុមនេះបានសហការជាមួយកម្លាំងលោក ញ៉ឹក ប៊ុនឆៃ ខាន់ សាវឿន នៅអូរស្មាច់ ខេត្តឧត្តរមានជ័យ។

ទី២-បញ្ជូនសារទៅប្រជាជនកម្ពុជា ដែលធុញទ្រាន់នឹងសង្គ្រាមជាយូរមកហើយថា សង្គ្រាមបានបញ្ចប់ហើយ ព្រោះបានឃើញមេដឹកនាំខ្មែរក្រហមចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រី។
ទី៣-បញ្ជូនសារដល់សហគមន៍អន្តរជាតិឱ្យមកបោះទុនវិនិយោគ និងធ្វើទេសចរណ៍នៅកម្ពុជាព្រោះ កម្ពុជាបានបញ្ចប់សង្គ្រាមហើយ។

៤-មិនមានការសងសឹកគ្នាដូចដែលសម្តេចតេជោ ហ៊ុន សែន បិតានៃនយោបាយឈ្នះឈ្នះមានការព្រួយបារម្ភនោះទេ។ នេះជាបទពិសោធល្អបំផុតសម្រាប់ប្រទេសកម្ពុជា។ នៅពេលដែលសម្តេចអញ្ជើញទៅដល់តំបន់ប៉ៃលិន ម៉ាឡៃ និងតំបន់ផ្សេងទៀតបានឃើញប្រជាជនជាច្រើនដែលមកតាំងទីលំនៅថ្មីនៅតំបន់អតីតខ្មែរក្រហម។ ឃើញថានៅពេលដែលតំបន់ខ្មែរក្រហមមានសន្តិភាព ពលរដ្ឋផ្សេងទៀតដែលខ្វះដីបានមកតាំងទីរស់នៅលើដីថ្មី។ មេទ័ពនិងមេទ័ពលែងក្លាយជាគូសត្រូវប្រយុទ្ធគ្នាហើយ តែបានក្លាយទៅជាមិត្តភ័ក្តិនឹងគ្នា ហើយចំណែកប្រជាពលរដ្ឋក៏បានរស់នៅក្នុងភាពសុខុដុម។

៥-គោលនយោបាយឈ្នះឈ្នះទទួលបាននូវការគាំទ្រពីព្រះមហាក្សត្រខ្មែរ ពីស្ថាប័នរដ្ឋសភា ពីគណបក្សប្រជាជនកម្ពុជា ពីអតីតកងទ័ពរដ្ឋកម្ពុជា ប្រជាជនកម្ពជា និងមិត្តភ័ក្តិបរទេស។ ការគាំទ្រពីព្រះមហាក្សត្រ និងពីរដ្ឋសភាគឺជាតម្រូវការចាំបាច់ដោយសារតែត្រូវលើកលែងទោសឱ្យលោក អៀង សារី។ ទាក់ទងនឹងការលើកលែងទោសឱ្យលោក អៀង សារីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា៖«ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ បានមានបន្ទូលថាព្រះ អង្គយល់ស្រប ប៉ុន្តែសុំឱ្យមានការគាំទ្រពីរដ្ឋសភាក្នុងសំឡេង ២/៣ ជាមុនសិន។ ប៉ុន្តែសំណួរសួរថាហេតុអ្វីបានជា សម្តេចក្រុមព្រះ យល់ព្រមលើកលែងទោសអៀង សារី ព្រោះសម្តេចក្រុមព្រះត្រូវការ អៀង សារី ច្រើនជាងខ្ញុំត្រូវការទៅទៀត។ ខ្ញុំត្រូវការ អៀង សារី ដើម្បីធ្វើឆ័ត្រនយោបាយដើម្បីការពារឱ្យកម្លាំងផ្តាច់ខ្លួន។ រីឯសម្តេចក្រុមព្រះត្រូវការ អៀង សារី ដើម្បីយកទៅចូលរួមក្នុងរណសិរ្សបញ្ចភាគី។ យើងមានបំណងដូចគ្នា ប៉ុន្តែបម្រើឱ្យគោលដៅផ្សេងគ្នា»។

ចំពោះចំណុចខ្សោយ និងការលំបាក

១-នយោបាយឈ្នះឈ្នះត្រូវបានអនុវត្តនៅចំពេលដែលមានវិបត្តិហិរញ្ញវត្ថុអាស៊ីដែលបានជះឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជាដែលធ្វើឱ្យកម្ពុជាខ្វះធនធានហិរញ្ញវត្ថុ ក្នុងការអនុវត្តកិច្ចការបន្ទាន់មួយចំនួន។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងឱ្យដឹងថា៖ «កុំថាឡើយប្រាក់ឧបត្ថម្ភបងប្អូនផ្តាច់ខ្លូន ប៉ុន្តែយើងក៏បានជំពាក់ប្រាក់ខែមន្ត្រីរាជការពេលនោះជាច្រើនខែ។ ខ្ញុំត្រូវដោះស្រាយបញ្ហារឿងនេះដោយថវិកាជាតិតិចតួចបំផុត តែអ្វីដែលខ្ញុំប្រើប្រាស់ច្រើន គឺមានវិស័យឯកជនបានជួយច្រើន ដើម្បីសន្តិភាពសម្រាប់ប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។ សម្រាប់ការសម្រេចកិច្ចការមួយនេះ ខ្ញុំបានធ្វើសព្វធ្វើគ្រប់ បានបង្ហាញពីសមានចិត្តជាមួយពួកគាត់ ព្រោះបើអតីតខ្មែរក្រហមសម្លាប់ខ្ញុំ ក៏គេអាចធ្វើបានដែរ តែអ្វីដែលខ្ញុំធ្វើគឺដើម្បីឈ្នះទាំងអស់គ្នា»។

២-ការបែកបាក់ក្នុងរាជរដ្ឋាភិបាលចម្រុះរហូតឈានដល់ការប្រយុទ្ធគ្នា នៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ ១៩៩៧ បានបង្អាក់ដល់ការធ្វើសមាហរណកម្មផងដែរ ព្រោះត្រូវរត់មកទប់ទល់នឹងកម្លាំងមិនស្មោះត្រង់នឹងរដ្ឋាភិបាលចម្រុះនៅសមរភូមិខាងក្រោយ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រសិនបើយើងមិនផ្ទុះអាវុធនៅភ្នំពេញ ការធ្វើសមាហរណកម្មនៅអន្លង់វែងអាចលឿន។

៣-ព័ត៌មានដែលផ្តល់ដោយចារកម្មខ្លះនាំមកនូវភាពច្របូកច្របល់ ខ្វះការពិត ប្រសិនបើសម្តេចតេជោ ហ៊ុន សែន និងក្រុមប្រតិបត្តិករនយោបាយឈ្នះឈ្នះ មិនបានវាយតម្លៃឱ្យបានត្រឹមត្រូវទេនោះ ហើយសម្រេចចិត្តខុស នោះអាចនាំឱ្យនយោបាយឈ្នះ-ឈ្នះ បរាជ័យទាំងមូល ឬមួយផ្នែក។

៤-ទឹកដីរបស់ប្រទេសជិតខាង នៅតែជាជម្រកដ៏សុខសាន្តរបស់មេដឹកនាំខ្មែរក្រហម។ យើងបានកាន់កាប់ ទឹកដីអស់ហើយ ប៉ុន្តែសួរថាខៀវ សំផន តាម៉ុក នួន ជា នៅឯណា គឺបានន័យថាប្រើប្រាស់ទឹកដីប្រទេសជិតខាងដើម្បីតស៊ូនយោបាយ។

តើផលប្រយោជន៍ដែលកម្ពុជាទទួលបានពីនយោបាយឈ្នះ-ឈ្នះមានអ្វីខ្លះ?

១-ការអនុវត្តនយោបាយឈ្នះឈ្នះជោគជ័យ គឺបានបញ្ចប់សង្គ្រាម​ស៊ីវិលនៅកម្ពុជា នាំមកនូវសន្តិភាពដោយមិនបានប្រយុទ្ធបង្ហូរឈាមគ្នានោះឡើយ។ លើកលែងតែការធ្វើការងារក្រៅក្របខ័ណ្ឌនៃនយោ
បាយនេះ ដែលក្នុងនោះ គឺករណីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រើក្រុមចរចាដឹកនាំដោយលោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ ទៅអន្លង់វែង ដោយប្រើឧត្តម្ភចក្រទៅ និងមន្ត្រីមួយចំនួនទៀត ហើយត្រូវបានខ្មែរក្រហមអន្លង់វែងកម្ទេចឧត្តម្ភចក្រនោះ និងបានបាញ់សម្លាប់មន្ត្រីជាច្រើននាក់។ នេះគឺជាការលួចចរចាជាសម្ងាត់ជាមួយខ្មែរក្រហម ហើយក៏ជាអំពើមិនស្មោះត្រង់ដែលសម្តេចក្រុមព្រះចង់ដណ្តើមខ្មែរក្រហមនៅតំបន់អន្លង់វែងដើម្បីធ្វើតុល្យភាពកម្លាំងសម្រាប់គណបក្សរបស់ខ្លួនដោយមិនគិតតម្លៃសម្រាប់ជាតិជាធំ។

២-ជោគជ័យនៃការអនុវត្តនយោបាយឈ្នះឈ្នះ បាននាំមកនូវឯកភាពជាតិ ឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំនៃប្រទេសកម្ពុជា។ នៅមុនឆ្នាំ ១៩៧០ កម្ពុជាមានតំបន់ត្រួតត្រាបួន គឺ១-គ្រប់គ្រងដោយសម្តេចឪ នរោត្តម សីហនុ ២-គ្រប់គ្រងដោយខ្មែរក្រហម ៣-គ្រប់គ្រងដោយខ្មែរខៀវ និង៤-គ្រប់គ្រងដោយខ្មែរស។ ពីឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៥ មានតំបន់ត្រួតត្រាពីរតំបន់ គឺទី១ ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម និងទី២ គ្រប់គ្រងដោយរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់។ ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ខ្មែរក្រហមមិនអាចគ្រប់គ្រងទឹកដីអស់ទេនោះទេ ហេតុដូច្នេះហើយបានជាមានកម្លាំងបះបោរប្រឆាំងខ្មែរក្រហម។​ ពីឆ្នាំ ១៩៧៩មក កម្ពុជា មានតំបន់ត្រួតត្រា ៤ ប៉ុន្តែចាប់តាំងពីឆ្នាំ ១៩៩៨ គឺកម្ពុជាមានតែតំបន់ត្រួតត្រាតែមួយ មានរដ្ឋធម្មនុញ្ញតែមួយ ននិងមានរាជរដ្ឋាភិបាលតែមួយតែប៉ុណ្ណោះ។

៣-នយោបាយ ឈ្នះ-ឈ្នះ កម្ពុជាគឺជាអ្នកបង្កើត និងជាអ្នកអនុវត្តដោយខ្លួនឯង​ ដោយគ្មានការបង្គាប់បញ្ជា ឬណែនាំពីមជ្ឈដ្ឋានខាងក្រៅណាមួយឡើយ។ ដូច្នេះ ការគោរពនូវឯករាជភាពជាតិ និងអធិបតេយ្យភាពពីសំណាក់បរទេសក៏ត្រូវបានពង្រឹង ព្រោះពេលនោះ គ្មាននរណាមកប្រដៅកម្ពុជាឡើយ។ កម្ពុជាបានឈានទៅលើឆាកអន្តរជាតិ តួនាទីកម្ពុជាត្រូវបានលើកកម្ពស់ ពីប្រទេសដែលទទួលក្រុមមួកខៀវរបស់ អសប ទៅជាប្រទេសដែលបានបញ្ជូនកម្លាំងមួតខៀវរាប់ពាន់នាក់ ទៅចូលរួមប្រតិបត្តិការសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

៤-ភាពជោគជ័យនៃការអនុវត្តនយោបាយឈ្នះឈ្នះគឺជាឱកាសពេជ្រសម្រាប់កម្ពុជាបានមកដល់ តាមរយៈការកសាងប្រទេសឡើងវិញកម្ពុជាឡើងវិញចេញពីគំនរផេះផង់នៃសង្គ្រាម ឈាម និងទឹកភ្នែក។ ទី១) កំណើនសេដ្ឋកិច្ចប្រមាណ ៧.៧ ក្នុងរយៈពេលពីរទសវត្សរ៍មកនេះ អត្រាកំណើននេះខ្ពស់បើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀត។ ចំណែកឯ អត្រានៃភាពក្រីក្រមានការចុះថយមកនៅត្រឹម ១៨% ហើយទំហំនៃការនាំចេញរបស់កម្ពុជាកើនឡើង នោះគឺជាសមិទ្ធផលនៃសន្តិភាព។ ទី២-ការធ្វើសមាហរណកម្មឆាប់បំផុតចូលទៅក្នុងសហគមន៍អន្តរជាតិ។ ទី៣-ផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុង និងកត្តាអនុគ្រោះអន្តរជាតិ ខិតខំដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។

ជាសរុប សង្គ្រាម ជម្លោះ ការបែកបាក់នៅកម្ពុជាដែលមនុស្សជំនាន់មុនបានបង្កើតឡើង បានបន្សល់ទុកឱ្យក្មេងជំនាន់ក្រោយ ត្រូវតែដោះស្រាយ ទោះបីជាក្នុងតម្លៃណាក៏ដោយ ហើយការដោះស្រាយនោះក៏ត្រូវជៀសវាងយកសង្គ្រាមមកបញ្ចប់សង្គ្រាមដែលជាការជាន់ដានអតីតកាល និងដែលមិនអាចដោះស្រាយបាន និងដែលបង្កើតការឈឺចាប់កាន់តែខ្លាំង សម្រាប់ភាគីចាញ់ប្រៀប និងប្រជាជនខ្មែរទាំងមូល។ ចំណុចនេះជាបទពិសោធយ៉ាងសំខាន់សម្រាប់កម្ពុជា! នយោបាយឈ្នះ-ឈ្នះមិនបានកើតឡើងដោយចៃដន្យទេ តែជាការកើតឡើងដោយការគិតគូរគ្រប់ទិដ្ឋភាព គ្រប់ជ្រុងជ្រោយ ដោយយកផលប្រយោជន៍ជាតិដាក់លើផលប្រយោជន៍បក្ស និងក្រុមនយោបាយ។ បើមិនដូច្នេះទេ នយោបាយនេះមិនអាចក្លាយទៅជាចរន្តរបស់ជាតិដែលទទួលយកបានទាំងអស់គ្នានោះឡើយ។ មុននឹងអនុ វត្តនូវនយោបាយឈ្នះ-ឈ្នះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការជួបប្រាស្រ័យ ស្វែងយល់ និងបានសិក្សាគ្រប់ទិដ្ឋភាព និងយកផលប្រយោជន៍ជាតិជាធំជាងផលប្រយោជន៍បក្ស និងបុគ្គល។

នយោបាយឈ្នះឈ្នះកើតចេញពីការផ្អែកលើការគិតគូរគ្រប់ជ្រុងជ្រោយ ការកំណត់គោលដៅដែលត្រូវសម្រេចទាំង បី ចំណុច ការបញ្ចប់សង្គ្រាមដើម្បីនាំយកមកនូវសន្តិភាព ការឯកភាពជាតិ និងឯកភាពទឹកដី ការប្រមូលគ្រប់កម្លាំងមនុស្ស កម្លាំងប្រាជ្ញា កម្លាំងស្មារតី កសាងប្រទេសឡើងវិញ។ យុទ្ធសាស្ត្រមួយដែលមិនត្រូវភ្លេច គឺត្រូវរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមឱ្យបាន។ ចំណោទអាចចោទសួរថា ចុះបើឈ្នះ-ឈ្នះ ចាំបាច់រំលាយគេ? សម្តេចតេជិោ ហ៊ុន សែន បានបកស្រាយចំពោះបញ្ហានេះថា៖ «ក្រោយពីបានប្រព្រឹត្តនយោបាយប្រល័យពូជសាសន៍នៅអតីតកាល អង្គការចាត់តាំងខ្មែរក្រហមមួយនេះ បានដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយកំពុងជាក្បាលម៉ាស៊ីនដឹកនាំធ្វើសង្គ្រាមប្រឆាំងនឹងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ប្រសិនបើអង្គការចាត់នយោបាយ និងយោធាមួយនេះមិនត្រូវបានរំលំរលាយទេ នោះសន្តិភាពមិនអាចកើតមាននៅកម្ពុជាបានទេ។ ដូច្នេះត្រូវដាក់ចេញនូវគោលដៅមួយច្បាស់លាស់ថា រំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមឱ្យបាន។ ផ្តើមចេញពីយុទ្ធសាស្ត្រនេះ បានជាយុទ្ធសាស្ត្រឌីហ្វីដ ហើយមុខព្រួញរបស់យុទ្ធសាស្ត្រឌីហ្វីដគឺដើម្បីរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម ព្រោះបើអង្គការចាត់តាំងនៅតែបន្តមានវត្តមាន នោះសង្គ្រាមនឹងមិនត្រូវបានបញ្ចប់ទេ»។

៥-ការចាត់តាំងមន្ត្រីអនុវត្តក៏ជាចំណុចពិសេសនៃការអនុវត្តប្រកបដោយភាពជោគជ័យ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន័ថា៖ «ខ្ញុំឱ្យតម្លៃខ្ពស់ណាស់ជាមួយនឹងសមាសភាពចាត់តាំងអនុវត្តរបស់មន្ត្រីយើង។ នេះគឺជាកត្តាសំខាន់កំណត់ជោគជ័យ។ ពេលនោះយើងនៅក្រីក្រលំបាក ប៉ុន្តែបងប្អូនបានលះបង់ធ្វើកិច្ចការងារនេះ។ ការចូលរួមរបស់តួអង្គពាក់ព័ន្ធជាកត្តាកំណត់ជោគជ័យ។

ចំណុចនេះគឺអ្នកចាត់តាំងអនុវត្តគឺជាចំណុចពិសេសដែលជាកត្តានាំឱ្យជោគជ័យ ហើយការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធគឺជាកត្តាកំណត់ជោគជ័យផងដែរ។ មាននយោបាយ មានយុទ្ធវិធីត្រឹមត្រូវ តែបើខ្វះការចាត់តាំង និងអនុ វត្តឱ្យបានត្រឹមត្រូវ និងខ្វះតួអង្គពាក់ព័ន្ធចូលរួម លទ្ធផលគឺស្មើនឹងសូន្យ។ ការអនុវត្តនយោបាយឈ្នះ-ឈ្នះប្រកប ដោយជោគជ័យ វាជាគំនិតរបស់ហ៊ុន សែន ផ្តួចផ្តើមដោយមានធាតុចូលពីគ្រប់មជ្ឈដ្ឋាន ហើយអ្នកចាត់តាំងអនុវត្ត គឺតួអង្គដែលដើរតួសំខាន់ជៅគជ័យនេះ និងតួអង្គពាក់ព័ន្ធដទៃទៀតរាប់ទាំងខៀវ សំផន និងនួន ជា»។

ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨-ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៨ កម្ពុជានឹងប្រារព្ធខួប ២០ ឆ្នាំដែលកម្ពុជាទទួលបានសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដាក់ចុះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កាលពី ២០ ឆ្នាំមុន ពលរដ្ឋខ្មែរពិតជាសប្បាយរីករាយជាទីបំផុតជាមួយនឹងសន្តិភាពដែលទទួលបានពីភាពជោគជ័យនៃការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដោយបានរំលាយអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហម នាំមកនូវសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹក ដីមិនដែលមានសោះក្នុងក្នុងរយៈពេល ៥០០ ឆ្នាំនៃប្រវត្តិសាស្ត្រកម្ពុជាចុងក្រោយនេះ។ ២០ ឆ្នាំក្រោយមក កម្ពុជា បានសប្បាយរីករាយនឹងផ្លែផ្កានៃសន្តិភាព និងទទួលអំណរសាទរសមិទ្ឋផលប្រវត្តិសាស្រ្តនៃវិមាន ឈ្នះ ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយគ្រោងនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ (សម្រាប់រយៈពេល ៣ ថ្ងៃ) នៅ មហាវិថី ឈ្នះ-ឈ្នះ ទល់មុខពហុកីឡដ្ឋានជាតិអូឡាំពិកថ្មីនៅតំបន់អភិវឌ្ឍន៌លី យ៉ុងផាត់។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកថា៖ «វិមានឈ្នះ-ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេសដែលពេលនេះ កម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។ វិមានឈ្នះ ឈ្នះ គឺតំណាងឱ្យកម្ពុជាមានសុខសន្តិភាព និងឈ្នះជានិច្ចនិរន្តរ៍»។

ជយោ! សម្តេចតេជោ ហ៊ុន សែន បិតានយោបាយឈ្នះឈ្នះ ស្ថាបនិកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា! ពលរដ្ឋខ្មែរទាំងអស់គ្នា សូមគោរពដឹងគុណចំពោះសម្តេចតេជោ និងក្រុមប្រតិបត្តិករនយោបាយឈ្នះឈ្នះដែលបានរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម នាំយកនូ​វសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរហូតមកទល់ពេលនេះក្នុងក្របខណ្ឌមួយ​ «សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព»៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៨

អត្ថបទទាក់ទង