អាជ្ញាធរជាតិអប្សរាចុះអនុស្សរណៈជាមួយវិទ្យាស្ថាន KICT ដើម្បីសិក្សារៀបចំលំហូរចរាចរភ្លៀវទេសចរក្នុងរមណីយដ្ឋានអង្គរ
ស្របពេលដែលរមណីយដ្ឋានអង្គរកំពុងតែទទួលបាននូវកំណើនទេសចរ ជារៀងរាល់ឆ្នាំ អាជ្ញាធរជាតិអប្សរាក៏បានគិតគូរដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រងលំហូរចរាចរឲ្យបានល្អប្រសើរ ដើម្បីលើកកម្ពស់បទពិសោធន៍ទស្សនា របស់ភ្ញៀវទេសចរ ការពារនូវតម្លៃលេចធ្លោរបស់រមណីយដ្ឋានអង្គរ ព្រមទាំងសម្រួល ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាបានសម្រេចចុះអនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានកូរ៉េសម្រាប់វិស្វកម្មសំណង់ និងបច្ចេកវិទ្យា KICT (Korea Institute of Civil Engineering and Building Technology) នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងលោក Junhwa Jung អនុប្រធាននៃវិទ្យាស្ថានKICT។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិ អប្សរា ទៅកាន់សាធារណរដ្ឋកូរ៉េកាលពីចុងខែតុលាកន្លងទៅថ្មីៗនេះ។
គោលបំណងចម្បងនៃអនុស្សរណៈនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សារួមគ្នាអំពី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងចរាចរក្នុងរមណីយ ដ្ឋានអង្គរឲ្យបានល្អប្រសើរ ក្នុងន័យត្រៀមខ្លួនសម្រាប់កំណើនទេសចរជារៀង រាល់ឆ្នាំ។
លោក Junhwa Jung បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួម សហការជាមួយអាជ្ញាធរជាតិអប្សរា លើការងាររៀបចំចរាចរក្នុងតំបន់បេតិកភណ្ឌ ពិភពលោកអង្គរ។ KICT ធ្លាប់បានរៀបចំដោយជោគជ័យនូវការរៀបចំហេដ្ឋា រចនាសម្ព័ន្ធ និងលំហូរចរាចរក្នុងប្រទេសកូរ៉េក៏ដូចជា បណ្តាប្រទេសផ្សេងៗ មួយចំនួនទៀត។ យើងសង្ឃឹមថា កិច្ចសហការនេះនឹងចូលរួមលើកស្ទួយតម្លៃ បេតិកភណ្ឌពិភពលោក ក៏ដូចជា រួមចំណែកជាមួយពលរដ្ឋខ្មែរ ក្នុងកិច្ចការពារ រមណីយដ្ឋានអង្គរ។
មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខានេះ លោក សុខ សង្វារ បានថ្លែងអំណរគុណ ចំពោះវិទ្យាស្ថាន KICT ដែលបានគាំទ្រចំពោះកិច្ចការអភិរក្ស និងអភិវឌ្ឍក្នុងរមណីយ ដ្ឋានអង្គរ តាមរយៈកិច្ចសហការដែលឈានមកដល់ការចុះអនុស្សរណៈយោគយល់ គ្នានៅថ្ងៃនេះ។ លោក បញ្ជាក់ថា អនុស្សរណៈនេះគឺជាលទ្ធផលមួយយ៉ាងល្អ ក្រោយ ពីក្រុមទាំងពីរបានធ្វើការជាមួយគ្នាអស់រយៈពេលជាងមួយឆ្នាំកន្លងមក។
លោក សង្ឃឹមថា កិច្ចសហការរវាងស្ថាប័នទាំងពីរនឹងកាន់តែរឹងមាំថែមទៀត និងសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរនាពេលឆាប់ៗខាងមុខនេះ ជាពិសេស គឺការរៀបចំលំហូរចរាចរក្នុងតំបន់អង្គរបានល្អប្រសើរ ដែលអាចកាត់បន្ថយនូវផលប៉ះ ពាល់ទាំងផ្នែកបរិស្ថាន និងបេតិកភណ្ឌក្នុងតំបន់អង្គរ ៕