ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដល់កៅអីរបស់កម្ពុជានៅអង្គការសហប្រជាជាតិហើយ ត្រៀមថ្លែងសុន្ទរកថា

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដល់កៅអីរបស់កម្ពុជានៅអង្គការសហប្រជាជាតិហើយ ត្រៀមថ្លែងសុន្ទរកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដល់កៅអីរបស់កម្ពុជានៅអង្គការសហប្រជាជាតិហើយ ត្រៀមថ្លែងសុន្ទរកថា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចូលទៅដល់ទីស្នាក់ការអង្គការសហប្រជាជាតិហើយនៅវេលាម៉ោងប្រមាណជាង៩យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ម៉ោងនៅក្នុងប្រទេសកម្ពុជា ត្រូវនឹងម៉ោងជាង១០ថ្ងៃ ម៉ោងនៅទីក្រុងញូវយ៉ក ប្រទេសអាមេរិក។

ជាមួយការអញ្ជើញដល់ក្នុងទីស្នាក់ការអង្គការសហប្រជាជាតិនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូក៏បានអញ្ជើញទៅអង្គុយនៅលើកៅអីរបស់កម្ពុជានៅអង្គការសហប្រជាជាតិ។

 នៅលើទំព័រ Facebook លោកបានបង្ហោះរូបភាពជាច្រើនសន្លឹកដែលកំពុងអង្គុយនៅក្នុងអង្គការសហប្រជាជាតិ ជាមួយនឹងការបង្ហោះសារជូនជនរួមជាតិមួយចំនួនផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា «ជូនបងប្អូនជនរួមជាតិពេលនេះ ខ្ញុំកំពុងអង្គុយនៅលើកៅអីកម្ពុជាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣។ ថ្ងៃត្រង់នេះខ្ញុំនឹងឡើងថ្លែងសុន្ទរកថានិងពេលល្ងាចខ្ញុំ និងជួបអគ្គលេខាអង្គការសហប្រជាជាតិ»។

ក្នុងសារនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ឆ្លៀតឌឺដងផ្លែផ្កាទៅទណ្ឌិត សម រង្ស៊ី ដែលតែងតែភូតភរសាធារណៈមតិ ដោយលើកឡើងថា សម្តេចនឹងមិនត្រូវអង្គការសហប្រជាជាតិមិនឲ្យចូលប្រជុំ ឬ អាសនៈរបស់កម្ពុជាត្រូវបានព្យួរជាដើមនោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «ពាក្យខ្មែរថាដេញទាន់កុំជាន់កែង ប៉ុន្តែពួកបោកប្រាស់នៅកម្ពុជាពិសេសទណ្ឌិតរត់ចោលគុក បើមិនជាន់កែងមិនរាងចាលទេ។ ឯការទៅអាមេរិកមិនអោយជាន់ដី? ឯណាទៅដែលអសនៈនៅអង្គការសហប្រជាជាតិត្រូវបានព្យូរ? ឯណាទៅដែលគេមិនអោយប្រតិភូលោកហ៊ុន សែនចូលរួមប្រជុំ?»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទណ្ឌិត សម រង្ស៊ី ដែលពូកែភូតភរ និងបោកប្រាស់គេនោះ គួរទៅរៀនថែមទៀត ហើយអ្នកដែលពូកែជឿអ្នកបោក ក៏គួរមានការខ្មាសអៀនផងដែរ៕

អត្ថបទទាក់ទង