ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ លើកលែងទោសឲ្យលោក សួន សេរីរដ្ឋា តាមសំណើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 42
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ លើកលែងទោសឲ្យលោក សួន សេរីរដ្ឋា តាមសំណើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ លើកលែងទោសឲ្យលោក សួន សេរីរដ្ឋា តាមសំណើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យមួយត្រាស់បង្គាប់លើកលែងទោសឱ្យ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ នេះបើយោងតាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។

ដីការបស់អយ្យការបានយល់ឃើញថា៖ «តាមអំណាចព្រះរាជក្រឹត្យខាងលើ ឈ្មោះ សួន សេរីរដ្ឋា ភេទប្រុស កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៧៣ ត្រូវបានលើកលែងទោស»។

ដីការបស់អយ្យការរបស់សាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានព្រះរាជក្រឹត្យបានត្រាស់បង្គាប់ លើកលែងទោសឲ្យទណ្ឌិតឈ្មោះ សួន សេរីរដ្ឋា កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៧៣ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទញុះញង់កុំឲ្យយោជិន ស្តាប់បង្គាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបងទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមអំណាចសាលដីកាលេខ ១៤៩ ចុះថ្ងៃទី១៨ ខែ០៥ ឆ្នាំ២០១៨ របស់តុលាការកំពូល»។ លោក សួន សេរី នឹងត្រូវចាកចេញពីពន្ធនាគារនៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ។

សូមជំរាបថា កាលពី រសៀល ថ្ងៃ ទី ២៥ ខែ សីហា ឆ្នាំ ២០១៧ លោក សួន សេរីរដ្ឋា ត្រូវបានតុលាការសម្រេចប្រកាស សាលក្រម ផ្តន្ទា ទោស ដាក់ ពន្ធនាគារ រយៈពេល ៥ឆ្នាំ និង ពិន័យ ជា ប្រាក់ ចំនួន ១០លាន រៀល ពាក់ព័ន្ធ ការ ប្រមាថ ធ្ងន់ធ្ងរ ដល់ កងទ័ព កម្ពុជា ។

លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៧ បន្ទាប់បានសរសេរបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុកប្រមាថមើលងាយធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសថ្នាក់ដឹកនាំ ប្រទេសជាតិ ពិសេសស្ថាប័នកងយោធពលខេមរ ភូមិន្ទទាំងមូល នូវព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នា រវាងកងទ័ពកម្ពុជា និង កងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។

នៅក្នុងសាររបស់ លោក សួន សេរីរដ្ឋា ដែលបង្ហោះលើ Facebook កាលពីថ្ងៃទី១២ខែ សីហា ឆ្នាំ២០១៧ មានខ្លឹមសារយ៉ាងដូច្នេះថា « ពេលសង្គ្រាម កើតឡើងជាមួយ នឹង ប្រទេសលាវនោះលទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាម ដែលកើតឡើងជាមួយ នឹង ប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់សប្បាយជាមួយស្រីញី យ៉ាងគគ្រឹកគគ្រេង!។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗ ពាក់ផ្កាយ និង កូនលោកធំៗ ដែលនៅជួរក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ » ។

សាររបស់ លោក សួន សេរីរដ្ឋា បានធ្វើឱ្យមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់កងទ័ព និងមេបញ្ជាការកងទ័ពនៅទូទាំងប្រទេស ហើយពួកគាត់ចាត់ទុកថា ជាទង្វើមួយដែលមិនអាចអត់ឱនឱ្យបាន៕

អត្ថបទទាក់ទង