ខ្មែរប៉ុស្ដិ៍ Close

ក្តៅៗ !! អាជ្ញាធរខេត្តស្ទឹងត្រែង ជម្លៀសប្រជាជនចេញពីលំនៅដ្ឋាន ទៅរកទីទួលសុវត្ថិភាពព្រោះតំបន់មួយចំនួនក្នុងខេត្ត រងការលិចលង់

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 31

អាជ្ញាធរជម្លៀសប្រជាជនចេញពីលំនៅដ្ឋាន ទៅរកទីទួលសុវត្ថិភាព លក្ខណៈទីតាំងការិយាល័យបោះឆ្នោតមួយចំនួនក្នុងខេត្តស្ទឹងត្រែង រងការលិចលង់

ស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែង បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះថា មកដល់ពេលនេះ ទឹកទន្លេសេកុង នៅតែបន្តកើនឡើង និងបានវាយប្រហារចូលក្រុងស្ទឹងត្រែងហើយ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ អាជ្ញាធរខេត្តក៏បានជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ទៅរកទីទួលសុវត្ថិភាពផងដែរ។

អាជ្ញាធរខេត្តស្ទឹងត្រែង បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ទឹកជំនន់បានជន់លិចការិល័យបោះឆ្នោតមួយចំនួនក្នុងខេត្តស្ទឹងត្រែងផងដែរ ដែលតម្រូវឲ្យប្តូរការិយាល័យបោះឆ្នោតទៅរកទីតាំងថ្មី។

បើតាមអាជ្ញាធរខេត្តស្ទឹងត្រែង ការិយាល័យបោះឆ្នោត ដែលរងការលិចលង់ដោយទឹកជំនន់មាន៖ ស្រុកសេសាន មាន៥ការិយាល័យ, ស្រុកសៀងប៉ាង ៤ការិយាល័យ ខណៈដែលការិយាល័យចំនួន៦ផ្សេងទៀត ទឹកចាប់ផ្តើមហូរចូលជាបណ្តើរៗផងដែរ។

អាជ្ញាធរខេត្តបញ្ជាក់បន្ថែមថា បើទឹកនៅតែបន្តកើនឡើងនោះ ការរៀបចំការបោះឆ្នោត នឹងមានបញ្ហាប្រឈមចំពោះទីតាំងបោះឆ្នោត។

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ បានបញ្ជាក់ថា មកដល់ម៉ោង ៦:១៥ នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១២.៤០ម៉ែត្រហើយ ដោយកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នត្រឹមតែ១១.៥០ម៉ែត្រប៉ុណ្ណោះ ៕

អត្ថបទទាក់ទង