ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា សម្រេចជួសជុលផ្លូវលំមួយខ្សែរប្រវែង ២៨០០មែត្រ ជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាប្រចាំថ្ងៃ ស្ថិតក្នុងភូមិលៃ ឃុំបាគង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 56

សៀមរាប៖ ស្របតាមសំណូមពរ និងតម្រូវការជាក់ស្តែងនៃប្រជាពលរដ្ឋភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសម្រេចជួសជុលផ្លូវលំមួយខ្សែដែលមានប្រវែង២៨០០ម៉ែត្រ ដែលបម្រើដល់សេចក្តីត្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកភូមិ។

ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវ នារសៀលថ្ងៃទី២៥ ខែកក្កដានេះ លោក លុយ ឆន មេឃុំឃុំបាគង បានបញ្ជាក់ថា ផ្លូវលំមួយខ្សែនេះជាផ្លូវបុរាណ ដែលប្រជាពលរដ្ឋក្នុងភូមិលលៃអាស្រ័យប្រើប្រាស់ជាប្រចាំ។ ប៉ុន្តែ ផ្លូវនេះបានរងការខូចខាតដោយអន្លើ ដោយកន្លែងខ្លះបានបាក់ដី កើតជាជង្ហុកតូចធំ និងកន្លែងខ្លះទៀតតូចចង្អៀត ដែលនាំឲ្យប្រជាពលរដ្ឋជួបការលំបាកច្រើនក្នុងការធ្វើដំណើរ។

លោក ធិននី វិធូ អភិបាលរងស្រុកប្រាសាទបាគងបាន លើកឡើងក្នុងពិធីបើកការដ្ឋាននេះថា ក្នុងនាមអាជ្ញាធរស្រុក ក៏ដូចជាអាជ្ញាធរមូលដ្ឋាន លោកពិតជារីករាយ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរា ដែលបានសម្រេចជួសជុលផ្លូវមួយខ្សែនេះជូនប្រជាពលរដ្ឋ ជាពិសេស ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលបានជួយសម្របសម្រួល និងចំណាយថវិកាផ្ទាល់ខ្លួន ក្នុងការងារជួសជុលនេះ។

លោក សុខ សង្វារ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាននេះមានប្រសាសន៍ថា ផ្លូវភូមិមួយខ្សែនេះស្ថិតនៅលើខ្នងបារាយណ៍បុរាណ ប៉ុន្តែ ជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រចាំថ្ងៃ ទើបអាជ្ញាធរជាតិអប្សរាក្រោយទទួលបានសំណើសុំជួសជុលពីប្រជាពលរដ្ឋ សម្រេចបញ្ជូនមន្ត្រីជំនាញ ដើម្បីសិក្សាអំពីលទ្ធភាពនៃការជួស ជុលក្នុងកម្រិតមួយ ដែលមិនប៉ះពាល់ដល់បុរាណដ្ឋាន។

ក្រោយការសិក្សារបស់មន្ត្រីជំនាញឃើញថា ការជួសជុលផ្លូវនេះគឺត្រូវធ្វើ ឡើងដោយគ្រាន់តែអាចបំពេញដី ត្រង់ជង្ហុកតូចធំ ឈូសពង្រាបទីទួល និងសម្អាតមែកឈើខ្លះៗដែលទេរមកលើផ្លូវប៉ុណ្ណោះ មិនអាចឈូសឆាយទ្រង់ ទ្រាយធំ ឬពង្រីកបន្ថែមលើសពីផ្លូវ បច្ចុប្បន្ននេះឡើយ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរមណីយដ្ឋានអង្គរ គឺត្រូវគិតគូរខ្លាំង ជៀសវាងការអភិវឌ្ឍដែលនាំឲ្យប៉ះពាល់ដល់បុរាណដ្ឋាន ឬទីតាំង ប្រវត្តិសាស្ត្ររបស់អង្គរ។

លោកបន្ថែមថា ទោះជាយ៉ាងនេះក្តី លោកពិតជារីករាយដែល បានរួមចំណែកជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ឲ្យជួយថែទាំសមិទ្ធផលដែលសម្រេចបាននេះឲ្យបានល្អ និងប្រើប្រាស់បានយូរតទៅទៀត។ ជាពិសេស ត្រូវរួមគ្នាថែរក្សានូវបេតិកភណ្ឌអង្គរ ដោយមិនធ្វើអ្វីដែលនាំឲ្យ ប៉ះពាល់ដល់ប្រាង្គប្រាសាទ ឬបុរាណដ្ឋាននានា និងរួមគ្នាគោរពច្បាប់ និងគោលការណ៍នានា ដែលពាក់ព័ន្ធនឹងការអភិរក្សបេតិកភណ្ឌជាដើម៕

អត្ថបទទាក់ទង