ហ្វ្រង់កូហ្វូនី៖ ឱកាសយុទ្ធសាស្ត្រដែលកម្ពុជាមិនគួរបញ្ចប់ត្រឹមកិត្យានុភាពការទូត
កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មិនមែនគ្រាន់តែជាការទទួលបានកិត្តិយសក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិមួយនោះទេ។ ក្នុងន័យនយោបាយ និងការទូត វាជាឱកាសដែលកម្ពុជាអាចប្រើប្រាស់ដើម្បីបង្ហាញពីតួនាទីរបស់ខ្លួនក្នុងក្របខណ្ឌអន្តរជាតិ ពង្រីកទំនាក់ទំនងជាមួយប្រទេសដទៃ និងបើកច្រកសម្រាប់កិច្ចសហប្រតិបត្តិការដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ។ ការរៀបចំកិច្ចប្រជុំឱ្យបានជោគជ័យ គឺជារឿងមួយ ប៉ុន្តែការយកឱកាសនេះទៅបង្កើតផលប្រយោជន៍យូរអង្វែងសម្រាប់ប្រទេសជាតិ គឺជារឿងសំខាន់ជាងនេះ។
អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី Organisation Internationale De La Francophonie (OIF) មានទំហំ និងឥទ្ធិពលគួរឱ្យកត់សម្គាល់ ដោយមានសមាជិកចំនួន៩០ប្រទេស និងរដ្ឋាភិបាល ព្រមទាំងអ្នកប្រើប្រាស់ភាសាបារាំងប្រមាណ ៣២១ លាននាក់ នៅទូទាំងពិភពលោក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺអង្គការនេះមិនបានកំណត់តួនាទីរបស់ខ្លួនត្រឹមតែការលើកកម្ពស់ភាសា និងវប្បធម៌បារាំងប៉ុណ្ណោះទេ។ OIF ក៏ជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការកសាងសន្តិភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការអប់រំ និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ នេះមានន័យថា កម្ពុជាមិនបានមើលសមាជិកភាពក្នុងអង្គការនេះត្រឹមជាការរក្សាទំនាក់ទំនងផ្នែកភាសាប្រវត្តិសាស្ត្រនោះទេ ប៉ុន្តែកម្ពុជាបានមើលអង្គការនេះជាបណ្តាញភាពជាដៃគូដែលអាចប្រើប្រាស់បានក្នុងការបម្រើផលប្រយោជន៍ជាតិ។
កម្ពុជាបានចូលជាសមាជិកសង្កេតការណ៍របស់ OIF នៅខែវិច្ឆិកា ឆ្នាំ១៩៩១ ហើយបានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងកម្ពុជា និងអង្គការនេះបានបន្តរីកចម្រើនតាមរយៈកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ។ ការបង្កើតគណៈកម្មាធិការជាតិហ្វ្រង់កូហ្វូនីនៅឆ្នាំ២០១៦ និងការចូលរួមក្នុងយន្តការផ្សេងៗរបស់អង្គការនេះ ក៏បង្ហាញថាកម្ពុជាបានខិតខំរក្សាតួនាទីរបស់ខ្លួនក្នុងគ្រួសារហ្វ្រង់កូហ្វូនីជាបន្តបន្ទាប់។
ដូច្នេះ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី២០ គឺជាជំហានមួយថ្មីទៀតក្នុងការពង្រឹងទំនាក់ទំនងនេះ។ ជាពិសេស ក្នុងពេលដែលប្រទេសនានាកំពុងប្រកួតប្រជែងក្នុងការពង្រីកឥទ្ធិពល និងបង្កើតបណ្តាញដៃគូអន្តរជាតិ ការមានវេទិកាដែលអាចប្រមូលផ្តុំថ្នាក់ដឹកនាំពីបណ្តាប្រទេសជាច្រើនមកជួបជុំគ្នានៅលើទឹកដីកម្ពុជា គឺជាឱកាសដែលមានតម្លៃផ្នែកការទូតដ៏សំខាន់បំផុត។ កម្ពុជាអាចចាប់យកឱកាសនេះដើម្បីបង្ហាញពីទស្សនៈចំពោះបញ្ហាតំបន់ និងអន្តរជាតិ ព្រមទាំងពង្រឹងការយល់ដឹងរបស់ដៃគូបរទេសអំពីសក្តានុពល និងទិសដៅអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។
ទោះជាយ៉ាងណា កិត្យានុភាពការទូតមិនមែនជាផលប្រយោជន៍តែមួយគត់ដែលកម្ពុជាត្រូវរំពឹងទុកនោះទេ។ ចំណុចដែលគួរឱ្យយកចិត្តទុកដាក់ជាងនេះ គឺរបៀបដែលកម្ពុជាអាចប្រែក្លាយបណ្តាញទំនាក់ទំនងក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនីទៅជាឱកាសសេដ្ឋកិច្ច។ កន្លងមក OIF បានជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមរយៈបេសកកម្មសេដ្ឋកិច្ច និងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចក្នុងប្រទេសជាសមាជិក។ កម្ពុជាក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ MECA លើកដំបូងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីខែមីនា ឆ្នាំ២០២២ ដែលមានស្ថាប័ន និងប្រតិបត្តិករសេដ្ឋកិច្ចប្រមាណ៧០ចូលរួមផងដែរ។ កិច្ចសហប្រតិបត្តិការទាំងនេះបានបង្ហាញពីសក្តានុពលក្នុងវិស័យកសិឧស្សាហកម្ម ថាមពលកកើតឡើងវិញ និងសេវាកម្មឌីជីថល។
លើសពីនេះ គំនិតផ្តួចផ្តើមបង្កើតការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ច ACEF អាចជាយន្តការមួយជួយភ្ជាប់អ្នកវិនិយោគ និងធុរកិច្ច ព្រមទាំងជំរុញពាណិជ្ជកម្មរវាងប្រទេសជាសមាជិក។ ប្រសិនបើកម្ពុជាអាចជំរុញឱ្យមានការតភ្ជាប់ជាក់ស្តែងរវាងវិស័យឯកជនក្នុងតំបន់ផ្សេងៗនៃគ្រួសារហ្វ្រង់កូហ្វូនី នោះឱកាសទាក់ទាញទុនវិនិយោគ និងស្វែងរកទីផ្សារថ្មីៗក៏អាចកើនឡើងដែរ។ ប៉ុន្តែ ចំណុចនេះទាមទារឱ្យមានការត្រៀមលក្ខណៈ និងការតាមដានជាប្រព័ន្ធ មិនមែនគ្រាន់តែការលើកឡើងពីសក្តានុពលក្នុងអំឡុងពេលកិច្ចប្រជុំនោះទេ។
ម្យ៉ាងទៀត កម្ពុជាក៏មិនគួរមើលរំលងកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងការអភិវឌ្ឍធនធានមនុស្សឡើយ។ ការគាំទ្រពី OIF ក្នុងការបណ្តុះបណ្តាលភាសាបារាំង និងការអប់រំអាចជួយបង្កើនសមត្ថភាពយុវជន និងបើកឱកាសសិក្សា ការងារ និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយប្រទេសដទៃ។ ក្នុងរយៈពេលវែង ការវិនិយោគលើចំណេះដឹង និងជំនាញ គឺជាផ្នែកមួយនៃផលប្រយោជន៍ដែលមានតម្លៃមិនតិចជាងការទាក់ទាញទុនវិនិយោគនោះទេ។ចំណុចសំខាន់ គឺកម្ពុជាត្រូវមានផែនការច្បាស់លាស់សម្រាប់ដំណាក់កាលមុន កំឡុងពេល និងក្រោយកិច្ចប្រជុំកំពូល។ ការរៀបចំឱ្យបានល្អអាចធ្វើឱ្យកម្ពុជាទទួលបានការកោតសរសើរ ប៉ុន្តែការតាមដានកិច្ចព្រមព្រៀង ការបង្កើតគម្រោងសហប្រតិបត្តិការថ្មីៗ និងការតភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នពាក់ព័ន្ធ ទើបជាអ្វីដែលអាចបញ្ជាក់ថាកិច្ចប្រជុំនេះបានបង្កើតតម្លៃពិតប្រាកដបាន។ បើគ្មានការងារបន្តទេ ឱកាសដែលមានតម្លៃមួយនេះអាចនឹងបញ្ចប់ត្រឹមការចងចាំពីព្រឹត្តិការណ៍ការទូតមួយតែប៉ុណ្ណោះ។
និយាយឱ្យចំ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីមិនមែនជាគោលដៅចុងក្រោយរបស់កម្ពុជាទេ។ វាគួរតែជាចំណុចចាប់ផ្តើមសម្រាប់ការពង្រីកតួនាទីការទូត ការបង្កើតភាពជាដៃគូថ្មី និងការទាញយកផលប្រយោជន៍សេដ្ឋកិច្ចឱ្យបានកាន់តែច្រើនតាមតែអាចធ្វើទៅបាន។ ភាពជោគជ័យពិតប្រាកដនឹងមិនស្ថិតនៅលើភាពអ៊ូអរនៃពិធីបើក ឬចំនួនថ្នាក់ដឹកនាំដែលបានមកចូលរួមនោះទេ ប៉ុន្តែស្ថិតនៅលើអ្វីដែលកម្ពុជាអាចសម្រេចបានបន្ទាប់ពីភ្ញៀវទាំងអស់បានត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕
ដោយ៖ ពិន វិជ័យ




