ឯកឧត្តម ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តឧត្តរមានជ័យ ត្រូវខិតខំលើកកម្ពស់សមត្ថភាព ក្នុងការទប់ស្កាត់ និងឆ្លើយតបនឹងព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)
ឯកឧត្តម ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តឧត្តរមានជ័យ ត្រូវខិតខំលើកកម្ពស់សមត្ថភាព ក្នុងការទប់ស្កាត់ និងឆ្លើយតបនឹងព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)
នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅខេត្តឧត្តរមានជ័យនាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) ទន្ទឹមនឹងការលើកទឹកចិត្តដល់មន្ត្រីព័ត៌មាននិងសាធារណមតិ ឱ្យពង្រឹងកិច្ចសហការក្នុងការបំពេញភារកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ក៏បានជំរុញឱ្យមានការបង្កើនការយកចិត្តទុកដាក់លើការប្រើប្រាស់បណ្តាញសង្គមគ្រប់ទម្រង់ ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយព័ត៌មាន និងតាមដានស្ថានភាពសាធារណមតិនៅក្នុងមូលដ្ឋាន។ ការយល់ដឹង និងការតាមដានទាន់ពេលវេលា នឹងអាចឱ្យមន្ត្រីពាក់ព័ន្ធមានលទ្ធភាពចាត់វិធានការឆ្លើយតប និងបកស្រាយបំភ្លឺចំពោះក្តីកង្វល់របស់ប្រជាពលរដ្ឋបានប្រកបដោយប្រសិទ្ធភាព ជាពិសេសចំពោះព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
បន្ទាប់ពីវាគ្មិនចំនួន ២ រូប ដែលរួមមានឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ស.ព.ស. និងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជំនាញជាន់ខ្ពស់មកពីលេខាធិការដ្ឋាន គ.ស.ព.ស. បានបញ្ចប់ការធ្វើបទបង្ហាញ ឯកឧត្តម ស្វាយ ស៊ីថា បានគូសបញ្ជាក់បន្ថែមថា «ការពង្រឹងយន្តការការងារព័ត៌មាននិងសាធារណមតិ ជាពិសេសការលើកកម្ពស់ប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និង ការអប់រំពន្យល់សាធារណជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកថែរក្សាស្ថិរភាពសង្គម ស្ថិរភាពនយោបាយ និងសន្តិភាពជាតិ នៅក្នុងបរិបទនៃការកើនឡើងនៃភាពមិនច្បាស់លាស់ទាំងនៅក្នុងពិភពលោក ក្នុងតំបន់ និងក្នុងប្រទេសរបស់យើងផ្ទាល់»។
មុននឹងប្រកាសបិទវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ឯកឧត្តម ស្វាយ ស៊ីថា បានលើកទឹកចិត្តបន្ថែមទៀតដល់សិក្ខាកាម ដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីព័ត៌មាននិងសាធារណមតិទាំងអស់នៅទូទាំងខេត្តឧត្តរមានជ័យ ឱ្យរក្សាសាមគ្គីភាព ក្នុងការបំពេញភារកិច្ចការងារជាក្រុម ព្រោះការងារព័ត៌មាននិងសាធារណមតិ តម្រូវឱ្យមានការសហការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
វគ្គបណ្តុះបណ្តាលបានបិទបញ្ចប់ក្នុងបរិយាកាសរីករាយស្និទ្ធស្នាល និងភាតរៈបំផុត៕




