ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការពារជាតិបដិសេធចោលទាំងស្រុងនូវព័ត៌មានក្លែងក្លាយរបស់សារព័ត៌មានថៃដែលបានផ្សាយថា មានការបាញ់គ្រាប់បែក៤០មីលីម៉ែត្រធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon

ដោយ៖Sreyleak | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ព័ត៌មានទូទៅ 223
ក្រសួងការពារជាតិបដិសេធចោលទាំងស្រុងនូវព័ត៌មានក្លែងក្លាយរបស់សារព័ត៌មានថៃដែលបានផ្សាយថា មានការបាញ់គ្រាប់បែក៤០មីលីម៉ែត្រធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon ក្រសួងការពារជាតិបដិសេធចោលទាំងស្រុងនូវព័ត៌មានក្លែងក្លាយរបស់សារព័ត៌មានថៃដែលបានផ្សាយថា មានការបាញ់គ្រាប់បែក៤០មីលីម៉ែត្រធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon

 

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈបណ្ដាញសង្គមបានឲ្យដឹងថាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានបណ្តាញសារព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយថា « បន្ទាន់! កងទ័ពភូមិភាគទី២ បានរកឃើញថា ភាគីម្ខាងទៀតបានបាញ់គ្រាប់បែក ៤០មីលីម៉ែត្រ ធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon។»។

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការបដិសេធចោលទាំងស្រុងនូវការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃខាងលើ និងសូមអះអាងថាជាព័ត៌មានប្រឌិត ក្លែងក្លាយផ្ទុយពីការពិតទាំងស្រុងក្នុងគោលបំណងបំភាន់ដល់សាធារណមតិ និងធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង។ 

យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤របស់កម្ពុជានិងកងទ័ពភូមិភាគទី២របស់ថៃ បានទាក់ទងសាកសួរនិងផ្តល់ព័ត៌មានគ្នាដើម្បីបញ្ជាក់ការពិតរួចហើយគឺមិនមានស្ថានការណ៍កើតឡើងដូចការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃនោះទេ។ 

ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ជាពិសេសការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាពនិងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។ 

ជាមួយគ្នានេះ ក្រសួងការពារជាតិក៏បានអំពាវនាវដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ សូមកុំចែករំលែកនូវព័ត៌មានក្លែងក្លាយដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃខាងលើដោយតាមដាននិងទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវនិងជឿទុកចិត្តបានជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធរបស់យើង៕

 

អត្ថបទទាក់ទង