ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់បំផុតដល់ការជំរុញការដោះលែងយោធិនទាំង១៨រូបតាមគ្រប់មធ្យោបាយការទូតដែលអាចធ្វើទៅបាន

ដោយ៖Sreyleak | ថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ ព័ត៌មានទូទៅ 316
រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់បំផុតដល់ការជំរុញការដោះលែងយោធិនទាំង១៨រូបតាមគ្រប់មធ្យោបាយការទូតដែលអាចធ្វើទៅបាន រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់បំផុតដល់ការជំរុញការដោះលែងយោធិនទាំង១៨រូបតាមគ្រប់មធ្យោបាយការទូតដែលអាចធ្វើទៅបាន

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលប្រទេសថៃបន្តឃុំខ្លួនចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា មានរយៈពេល១២៧ ថ្ងៃហើយគិតចាប់តាំងពីពេលយោធិនទាំង១៨រូបត្រូវបានចាប់ខ្លួនដោយខុសច្បាប់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ដូចគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រាន្តដើម្បីជំរុញយុទ្ធនាការ ទាមទារការដោះលែងយោធិនរបស់យើងទាំងអស់នេះ តាមគ្រប់មធ្យោបាយការទូតដែលអាចធ្វើទៅបាន រួមបញ្ចូលទាំងការទាក់ទងផ្ទាល់ជាមួយប្រទេសថៃ ការពិគ្រោះយោបល់ជាមួយមេដឹកនាំក្នុងតំបន់និងអន្តរជាតិ និងការសម្របសម្រួលជាមួយអង្គការអន្តរជាតិដែលពាក់ព័ន្ធ។

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលរាជរដ្ឋាភិបាលបានបន្តទាក់ទងធ្វើការជាមួយយ៉ាងជិត ស្និទ្ធតាំងពីដំបូងមកបានផ្តល់ការគាំទ្រតាមតួនាទីរបស់ខ្លួនក្នុងការធានាឱ្យយោធិនរបស់យើងដែលកំពុងស្ថិតក្នុងការឃុំខ្លួនបានទទួលនូវការគោរពសិទ្ធស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ ហើយក្រុមគ្រួសារទាំងអស់គ្នាក៏បានទទួលដំណឹងអំពីសុខទុក្ខរបស់ពួកគេជាប់ជាប្រចាំផងដែរ។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រការធ្វើមាតុភូមិនិវត្តន៍យោធិនទាំងអស់ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់អាទិភាពខ្ពស់បំផុតដល់ការជំរុញការដោះលែងយោធិនទាំង១៨រូបរបស់យើងនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ អង្គការអន្តរជាតិ ក្រុមសង្គមស៊ីវិលនិងគ្រប់បុគ្គលទាំងអស់ដែលបាននៅឈរជាមួយយើងក្នុងការអំពាវនាវឱ្យមានការដោះលែងយោធិនទាំង១៨រូបដោយគ្មានបង្អែរបង្អង់ និងគ្មានលក្ខខណ្ឌដូចមានបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕

អត្ថបទទាក់ទង