ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈ ៖ តើកម្ពុជាត្រូវអត់ធ្មត់ដល់ពេលណា?

ដោយ៖Sreyleak | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ ទស្សនៈ - នយោបាយ 9639
ទស្សនៈ ៖ តើកម្ពុជាត្រូវអត់ធ្មត់ដល់ពេលណា? ទស្សនៈ ៖ តើកម្ពុជាត្រូវអត់ធ្មត់ដល់ពេលណា?

មានសំណួរជាច្រើនពីអ្នកលេងបណ្តាញសង្គមលើកឡើងថា ហេតុអ្វីបានជាកម្ពុជាមិនតបតទៅ នឹងសកម្មភាពដ៏គឃ្លើនរបស់ទាហានថៃដែលតែងចិញ្ចឹមចិត្ត​ បង្កបញ្ហាមិនចេះចប់ អស់ពីមួយថ្ងៃ​​ទៅមួយថ្ងៃ ដូចជាការបញ្ចេញសារក្នុងចេតនាបង្កម្លោះជាមួយកម្ពុជាក្រោមលេសការពារទឹកដីរបស់គេ​​ ​​​ការធ្វើសកម្មភាពរាយបន្លាយ​​លួសនៅតាមតំបន់ព្រំដែន រាយលួសបន្លា រាយស្បៃព័ទ្ធផ្ទះ និងដីភូមិរបស់ប្រ​​ជា​​ជនកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យជាដើម។ តើកម្ពុជាអត់ធ្មត់ដល់ពេលណា?

ជាការពិតណាស់ ការបង្កបញ្ហារបស់ភាគីថៃ គឺមានចេតនាការញុះញង់​​ចង់ឲ្យវរៈកងទ័ពកម្ពុជា​​មិន​​អាចអត់ទ្រាំបាន ឈានទៅផ្ទុះអាវុធសារជាថ្មី ដែលវានឹងនាំទៅដល់ការបំផ្លាញចោលទាំងស្រុងនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយប្រទេសទាំងពីរនឹងបន្តមានជម្លោះអូសបន្លាយរ៉ាំរ៉ៃតទៅមុខទៀត។ ប្រសិនបើយើងមិនមានការអត់ធ្មត់ទេ និងផ្ទុះអាវុធតាមកំហឹងដែលសត្រូវ​​របស់​​​យើងចង់បាន នោះគឺជាការចូលក្នុងអន្ទាក់ឬល្បិចកលរប់សត្រូវឈ្លានពាន ​ហើយដែលអាច នឹង​​នាំអន្តរាយដល់ប្រទេសជាតិ និងធ្វើឲ្យប្រជាជនរងទុក្ខលំបាកជាថ្មី និងក្នុងរយៈពេលវែងផងក៏ថាបាន​ ពិសេសប្រជាជននៅតំបន់ព្រំដែនកម្ពុជា-ថៃ។

ដូច្នេះ​ គោលការណ៍ដែលប្រមុខរាជរដ្ឋាភិបាលប្រកាន់យក និងកងកម្លាំងក្នុងការគោរពបទបញ្ជា​ដោយ​​ជ្រើសរើស​​យកការអត់ធ្មត់ បើទោះបី​​ជាប្រឈមនឹងការចោទសួរ​និងចោទប្រកាន់ រិះគន់វាយប្រហារខ្លាំងៗពីមជ្ឈដ្ឋានក្រុមប្រឆាំង​​ក៏ដូចចាប្រជាពលរដ្ឋមួយចំនួនក្តី​ ប៉ុន្តែ​​សម្រាប់កម្ពុជា វិធី​​សា​​ស្ត្រ​​នេះ គឺពិតជាជម្រើសដ៏ល្អបំផុត ពីព្រោះការអត់ធ្មត់នាំមកនូវភាពស្ងប់សុខ រក្សា​​បានជីវិត​​មនុស្ស និង​​ការខូចខាតផ្សេងៗ ក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃ ចូលជាធរមាន ពិតជាទទួលផលប្រយោជន៍ដ៏ធំធេងសម្រាប់ស្ថិរភាព​និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជាទៅថ្ងអនាគត

ការរក្សាបាននូវភាពអត់ធ្មត់ខ្ពស់ ក្នុងបញ្ហាដែលពិបាកនឹងអត់ធ្មត់​ គឺធ្វើឲ្យសត្រូវរបស់យើងមិនអាចស្មានត្រូវពីយុទ្ធសាស្ត្ររបស់យើង ក៏ប៉ុន្តែអ្វីដែលយើងទទួលបានផលពីការអត់ធ្មត់នេះ គឺការ​​កសាងភ័ស្តុតាងជាច្រើនសម្រាប់ជាមូលដ្ឋានផ្លូវច្បាប់នៅពេលដែលតុលាការអន្តរជាតិដំណើរការក្តីតាមការប្តឹងរបស់កម្ពុជា និងក្នុងកាលៈទេសៈចាំបាច់ថ្ងៃខាងមុខនៅពេលមានការត្រួតពិនិត្យជាក់ស្តែនៃការ​​អនុវត្តបទឈប់បាញ់ សហគមន៍អន្តរជាតិបានចូលរួមដំណើរការរៀបចំ និងសហការឱ្យមានបទ​​ឈប់បាញ់​នាពេលកន្លងទៅនៅប្រទេសម៉ាឡេស៊ី​

ក្នុងបរិការណ៍នេះ​ យើងក៏គួរែត្រូវបានរំលឹកខ្លះៗអំពីអតីតកាល​ដែលកម្ពុជាបានហែលឆ្លងកាត់​​សង្គ្រា​​​​រាំងជល់តាំងពីដើមរៀងមក គឺប្រជាជនកម្ពុជាពិតជាឈឺចាប់ខ្លចផ្សាហើយក៏មិនចង់ជួបសង្គ្រា​ម​ទៀតទេ កម្ពុជាពិតជាមានការឯកភាពគ្នាជាធ្លុងមួយ ចង់បានសន្តិភាព និង​​ត្រូវការរស់នៅប្រកបដោយសុសន្តិភាពជា​​មួយប្រទេសជិតខាង ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ និងការប្តេជ្ញារក្សាសុខសន្តិភាព ដើម្បីកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជកម្មជាដើម។ល

ទោះបីយ៉ាងណា ​​ក្នុងការត្រៀមខ្លួនជាស្រេចនិងភាពរឹងមាំ​ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល​និងគាំទ្រយ៉ាងពេញទំហឹងនូវឆន្ទៈមនសិការស្រឡាញ់ជាតិ មាតុភូមិ​កំរិតខ្ពស់កាត់ថ្លៃពុំបា​​របស់​​កងទ័ពក្នុងការតស៊ូពលិកម្មដើម្បីបុព្វហេតុការពារទឹកដី ​ប្រឆាំងនឹងបរទេសឈ្លានពាន​ គឺកម្ពុជាអត់ធ្មត់ ប៉ុន្តែមិននៅស្ងៀមឡើយ។​ ជម្រើសរបស់កម្ពុជា គឺបានជ្រើសរើសយកវិធីសាស្ត្រាការទូត និងគោលការណ៍ច្បាប់អន្តរជាតិក្នុងការបន្តដោះស្រាយបញ្ហាជម្លោះព្រំដែន និងស្វែងរកការគាំទ្រ​​នូវ​សមានចិត្តពីបណ្តាប្រទេសនានាជុំវិញពិភពលោក ជាពិសេសប្រទេសមហាអំណាចមានអាមេរិក ចិន ជាដើម។ កម្ពុជាក៏ទទួលបាននូវការយកចិត្តទុកដាក់ពីប្រធានអាស៊ានប្តូរវេន គឺប្រទេសម៉ាឡេស៊ីយ៉ាងពេញទំហឹងផងដែរ​

ក្រោមកិច្ចសម្របសម្រួលពីប្រទេសម៉ាឡេស៊ី អនុព័ន្ធយោធារបស់ប្រទេសនានានៅកម្ពុជា បានចុះទៅផ្តិតយករូបភាពពីវិនាសកម្មដែលបង្កឡើងដោយការបាញ់ប្រហារពីសំណាក់ទាហានថៃចូលទឹកដីកម្ពុជា ការបាញ់ផ្លោង ទម្លាក់គ្រាប់ដោយអាវុធធុនធ្ងន់បំផ្លាញផ្ទះរបស់ប្រជាជន សាលារៀន វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង រហូតដល់ខូចាខាតយ៉ាងដំណំលើប្រាសាទព្រះវិហារដែលជា​​សម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក និងបណ្តាលឲ្យប្រជាជនកម្ពុជាស្លាប់បាត់បង់ជីវិត និងរាប់សែននាក់ទៀតត្រូវជម្លៀសចេញពីផ្ទះសម្បែងទៅរកទីមានសុវត្ថិភាព។

សារព័ត៌មានបរទេសធំៗដែលពីមុនផ្សាយលំអៀងទៅប្រទេសថៃដោយសារតែពុំបានដឹងនូវការពិត​ ឬបន្ទរតាមការចុះផ្សាយមួល​ បំភ្លៃសភាពការណ៍ដោយសារព័ត៌មានថៃដែលបំពានវិជ្ជាជីវៈរបស់ខ្លួន​និងដែលបានផ្គុំគ្នាក្នុងការផលិតព័ត៌មានក្លែងក្លាយដ៏សំបូរបែប​បម្រើឱ្យរដ្ឋាភិបាលថៃ ​និងយោធា​​ឈ្លានពាន​ នៅពេលនេះសារព័ត៌មានបរទេសធំៗពួកគេបានផ្សាយ​​ពីស្ថា​​នភាពពិតជាក់ស្តែងនៅកម្ពុជាទៅកាន់ពិភពលោកហើយ និងបានបង្ហាញថា កម្ពុជា គឺជាជនរងគ្រោះយ៉ាងពិតប្រាកដ និងថា ប្រជាជនកម្ពុជា ពិតជាត្រូវការសន្តិភាព។ ទាំងអស់នេះ គឺសុទ្ធតែជាភ័ស្តុតាងជុំវិញទង្វើបំពានរបស់ភាគីថៃ

កម្ពុជា ជ្រើសយកវិធីសាស្ត្រការទូតដ៏ប៉ិនប្រសប់ និងធ្វើកិច្ចការងារការទូតយ៉ាងសកម្ម ដើម្បីបញ្ចៀ​​​​ការបង្ហូរឈាម ជាជាងជ្រើសយកកំហឹង​​ទល់កំហល់ជាមួយសត្រូវដែលស្រេកឃ្លានចង់បានទឹកដីកម្ពុជា​​​និងចង់ធ្វើសង្គ្រាម។ ការរំលត់បញ្ហានៃជម្លោះព្រំដែន ឬសង្គ្រាមលើលោក​ គេមិនអាចយកសង្គ្រាទៅបញ្ចប់សង្គ្រាមបានឡើយ នៅចុងទីបំផុតមានតែការចរចាដោយសន្តិវិធី និងតាមរយៈ​​ផ្លូវច្បាប់អន្តរជាតិតែប៉ុណ្ណោះ ទើបអាចបញ្ចប់ជម្លោះបាន។

ក្នុងការបរិយាយមកនេះ​ គឺជាការពញ្ញាក់អារម្មណ៍ទៅមតិរិះគន់ ឬអាចឆ្លើយទៅនឹងចម្ងល់បានខ្លះនូវសំនួរដែលចោទសួរថា​​​« តើកម្ពុជាត្រូវអត់ធ្មត់ដល់ពេលណា? ចំលើយដែលយើងទាំងអស់គ្នា​គួរត្រូវស្ងប់ចិត្តបាន គឺយើងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី​ហ៊ុន​ ម៉ាណែត ជាប្រមុខ​និងសម្តេចតេជោ​ អតីតនាយករដ្ឋមន្ត្រីរបស់កម្ពុជា​ដែលមានបទពិសោធន៍​​ដឹកនាំប្រទេស​​និងយុទ្ធសាស្ត្រដ៏ច្បាស់លាស់ក្នុងសមរភូមិនិងកិច្ចការទូត គឺថ្នាក់ដឹកនាំទាំងពីរ​​ តេជោធិបតី​ ពិតជាមានភាពវៃឆ្លាតក្នុងការដឹកនាំប្រទេស ដែលបាននិងកំពុងអត់ធ្មត់ក្នុងកំរិតអតិបរមា ស៊ូទ្រាំខាំមាត់សង្កត់ចិត្ត ពីព្រោះតែចង់ឃើញប្រជាជនកម្ពុជាបានទទួលនូវសុសន្តិភាព​យ៉ាងពិតប្រាកដ​ និង​​បញ្ចៀស​​បាននូវការបង្ហូរឈាម​ ឬការបាត់បង់ជីវិតជាថ្មី​

ដោយៈ សុខ សុវណ្ណ