ខ្មែរប៉ុស្ដិ៍ Close

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ី

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 35

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ជូនថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១១ របស់សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចពេញមួយថ្ងៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង គណៈប្រតិភូជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីនាពេលនេះ បានបង្ហាញពីការងារការទូតដ៏សកម្មក្លៀវក្លាមិនខ្លាចនឿយ ហត់របស់ សម្តេចធិបតី ដើម្បីស្វែងរកឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជន។ ក៏ដូចជាទស្សនកិច្ចក្រៅប្រទេសលើកមុនៗដែរ ក្រៅពីបញ្ជាក់ជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការដែល សាងឡើងក្នុងសម័យ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ទាំងទំនាក់ ទំនងការទូត ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាវិស័យផ្សេងៗទៀតនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ជាក់ស្តែង តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជានិងម៉ាឡេស៊ីបានបង្ហាញឱ្យឃើញពីសុទិដ្ឋិនិយមយ៉ាង ខ្លាំងចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ជាពិសេសទស្សនកិច្ចនេះបានបើកទំព័រថ្មីផ្នែកពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានទំហំធំឡើងជាលំដាប់៕