ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកភាពពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 29

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងឯកឧត្តម ដាតុស៊េរី អាន់វ៉ាអ៊ីប្រាហ៊ឹម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី បានឯកភាពពង្រឹងទំនាក់ទំនងដ៏យូរលង់ រវាង​ប្រទេសទាំងពីរ​ឱ្យកាន់​តែស៊ី​ជម្រៅថែមទៀតទាំង ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និង​តំបន់។
ការឯកភាពគ្នារបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានបង្ហាញ​តាមរយៈ​សន្និសីទ​រួមគ្នា​រវាង​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ដាតុស៊េរី អាន់វ៉ាអ៊ី​ប្រាហ៊ឹម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ធិបតី​ ទៅកាន់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

ក្នុងឱកាសសន្និសីទនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះប្រទេសម៉ាឡេស៊ី ដែល​បាន​សម្របសម្រួលជួយមើលថែដល់ពលករកម្ពុជា និងនិស្សិតកម្ពុជាដែលកំពុងរស់នៅ និង​សិក្សា​នៅ​ប្រទេស​ម៉ាឡេស៊ី។

សម្ដេចធិបតី បានលើឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ដែល​កម្ពុជា​ម៉ាឡេស៊ី បានចូលរួមក្នុងកិច្ចការរក្សាសន្ដិភាព ជាមួយអង្គការសហប្រជាជាតិ (UN)។ ទន្ទឹម​ជាមួយ​គ្នា​នោះ សម្ដេចធិបតី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់​ទំនង​លើវិស័យ​មូស្លីម​រវាង​ប្រទេស​ទាំង​ពីរ​ផងដែរ។ សម្ដេចធិបតី បានជំរុញលើការពង្រឹងទំនាក់ទំនងលើវិស័យនេះបន្ថែមទៀត។

ចំពោះ​កិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នាយករដ្ឋមន្រ្ដី​នៃ​ប្រទេស​ទាំងពីរ​បាន​ឯកភាព​ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែល​ផ្តល់​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ដល់​ប្រទេស​ទាំង​ពីរ​រួម​មាន នយោបាយ-សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារ ហាឡាល់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពលជាដើម។

បន្ទាប់​មក​នាយករដ្ឋមន្ត្រីទាំងពីរក៏បានអញ្ជើញជាអធិបតី​ក្នុង​ពិធី​ចុះហត្ថ​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី ស្ដីពីកិច្ច​សហប្រតិបត្តិការ​ផ្នែក​នវានុវត្តន៍​ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះសម្តេចធិបតី ក៏នឹង​អញ្ជើញ​ចូលរួមវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដោយថ្លែងសុន្ទរកថាគន្លឹះ និងធ្វើជាសាក្សី​ក្នុង​ពិធី​ចុះហត្ថ​លេខា​លើ​អនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ពាក់ព័ន្ធនឹងកិ​ច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​សភា​ពាណិជ្ជកម្ម​នៃប្រទេសទាំងពីរ។

សូមជម្របថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះសម្ដេចធិបតីនឹងចូលក្រាបបង្គំគាល់ព្រះចៅ ស៊ុលតង់ ស៊ីកានដា ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី នៅព្រះបរមរាជវាំង និងមានជំនួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា និងប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានរដ្ឋសភាផងដែរ។ ជារួម​តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​សម្ដេចធិបតី ទៅកាន់ប្រទេសម៉ាឡេស៊ីនា​ពេលនេះ​បាន​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យទំនាក់​ទំនង​ដ៏​យូរ​លង់​រវាង​កម្ពុជា និងម៉ាឡេស៊ីកាន់តែស៊ីជម្រៅថែមទៀតទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផល​ប្រយោជ​ន៍​របស់ប្រទេសទាំងពីរ និងតំបន់៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទទាក់ទង