ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រ៖ ​រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈយ៉ាងមោះមុត​ ក្នុងការផ្តល់អាទិភាពលើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយសង្ឃឹមថាអង្គការយូណេស្កូ នឹងចូលរួមចំណែក​បង្កើតកម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីបង្កើនសមត្ថភាពដល់យុវជនកម្ពុជា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 45
ព្រះមហាក្សត្រ៖ ​រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈយ៉ាងមោះមុត​ ក្នុងការផ្តល់អាទិភាពលើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយសង្ឃឹមថាអង្គការយូណេស្កូ នឹងចូលរួមចំណែក​បង្កើតកម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីបង្កើនសមត្ថភាពដល់យុវជនកម្ពុជា ព្រះមហាក្សត្រ៖ ​រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈយ៉ាងមោះមុត​ ក្នុងការផ្តល់អាទិភាពលើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយសង្ឃឹមថាអង្គការយូណេស្កូ នឹងចូលរួមចំណែក​បង្កើតកម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីបង្កើនសមត្ថភាពដល់យុវជនកម្ពុជា

(ប៉ារីស)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ​រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានឆន្ទៈយ៉ាងមោះមុត​ ក្នុងការផ្តល់អាទិភាពលើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយព្រះអង្គសូមអំពាវនាវដល់អង្គការយូណេស្កូឱ្យចូលរួមចំណែកក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីបង្កើនសមត្ថភាពដល់យុវជនកម្ពុជា។

ព្រះអង្គមានព្រះបន្ទូលបែបនេះ ពេលយាងថ្លែងព្រះរាជសុន្ទរកថា ក្នុងខួបលើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ក្នុងឱកាសនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរយូណេស្កូ នៅទីក្រុងប៉ារីស ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះអង្គមានព្រះរាជបន្ទូលបញ្ជាក់បន្ថែមថា«តាំងពីដើមមក អង្គការយូណេស្កូបានកំណត់អាទិភាពរបស់ខ្លួនលើវិស័យអប់រំ។ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា បានបង្ហាញពីឆន្ទៈយ៉ាងមោះមុតរបស់សម្តេច ក្នុងការផ្តល់អាទិភាពលើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល។ ​ខ្ញុំពិតជាជឿជាក់ថាការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលនឹងទទួលបានការគាំទ្រ ហើយខ្ញុំសូមអំពាវនាវដល់អង្គការយូណេស្កូ ឱ្យចូលរួម ចំណែកក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលថ្មីៗ។»

ព្រះមហាក្សត្រ ​បានមានរាជអង្កាបន្ដថា​ ​បច្ចុប្បន្ននៅប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព និងកំពុងក្លាយជារដ្ឋទំនើប ហេតុដូច្នេះហើយការអភិវឌ្ឍកម្មវិធីរបស់អង្គការយូណេស្កូ​ ជាពិសេសទាក់ទងនឹងការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ​ ពិតជាមានសារៈសំខាន់ ដែលឆ្លើយតបនឹការស្រេកឃ្លានក្រេបជញ្ជក់នូវចំណេះដឹង និងភាពរីកចម្រើនរបស់យុវជនកម្ពុជា។ ​

​ព្រះអង្គមានព្រះរាជបន្ទូលបន្ថែមថា«ប្រទេសកម្ពុជា ចង់មានស្តង់ដារប្រកបដោយមហិច្ឆតា ប៉ុន្តែអាចសម្រេចបាននៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ។ ក្នុងស្មារតីនេះ ការបង្កើតមជ្ឈមណ្ឌលឯកសារចីរភាពដ៏ធំមួយ នឹងក្លាយជាសម្បត្តិ ដ៏មានតម្លៃ ហើយយើងនឹងខិតខំប្រឹងប្រែងសម្រេចកិច្ចការនេះ។ មជ្ឈមណ្ឌលឯកសារនេះនឹង ក្លាយជាការចងចាំនៃអង្គរ។»

​ព្រះអង្គបានកត់សម្គាល់បន្ថែមថា វិស័យទេសចរណ៍ បរិស្ថាន ការបណ្តុះបណ្តាលជំនាញជួសជុលប្រាសាទ ការបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ ការការពារនិងគ្រប់គ្រងបឹងទន្លេសាប ដែលអង្គការយូណេស្កូចាត់ជាតំបន់ជីវមណ្ឌលបម្រុងដំបូងគេនៅកម្ពុជា គឺជាវិស័យការងារ របស់អង្គការយូណេស្កូ បន្ថែមទៅលើកម្មវិធីប្រពៃណីផ្សេងទៀតរបស់អង្គការ​នេះ៕

Credit: Fresh News

 

អត្ថបទទាក់ទង