ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ នគរបាល៤នាក់ ដែលបាញ់បោះសេរីនៅភ្នំគិរីរម្យ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 51
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ នគរបាល៤នាក់ ដែលបាញ់បោះសេរីនៅភ្នំគិរីរម្យ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ នគរបាល៤នាក់ ដែលបាញ់បោះសេរីនៅភ្នំគិរីរម្យ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា មន្ដ្រីនគរបាលដៃដល់ ចំនួន៤នាក់ ដែលបាញ់បោះសេរីនៅផ្ទះលំហែលើខ្នងភ្នំគិរីរម្យ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានកោះនរា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើតាមអ្វីដែលទេសរដ្ឋមន្ដ្រី ឆៃ ស៉ីណារិទ្ធ បានរាយការណ៍ជូនសម្ដេច ហេតុការណ៍បាញ់បោះសេរីនៅភ្នំគិរីរម្យ គឺជាមន្ដ្រីនគរបាលចំនួន៤រូប ហើយនឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ម្សិលម្ងៃ ឃើញហេតុការណ៍បាញ់នៅគិរីរម្យសួរចុះសួរឡើង ស្រាវជ្រាវឃើញជាអកុសលនៅក្នុងកម្លាំងសមត្ថកិច្ច ត្រូវចាត់វិធានការតឹងរឹងបណ្ដេញចេញពីក្របខ័ណ្ឌ ចំនួន៤នាក់ ដែលឯកឧត្តម ឆៃ ស៉ីណារិទ្ធ រាយការណ៍មកខ្ញុំ»

សូមជម្រាបថា ជនដៃដល់ចំនួន៤នាក់ ដែលបានធ្វើសកម្មភាពបាញ់បោះសេរីនៅផ្ទះលំហែលើភ្នំគិរីរម្យ ក្នុងពិធីខួបកំណើតនោះ បានចូលមកសារភាពកំហុស នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជាមួយកាំភ្លើងខ្លី៣ដើម។ ជនមេក្លោងដែលជាម្ចាស់ទីតាំងឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ កំពុងរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីស្វែងយកចាប់ខ្លួនផងដែរ។

ករណីនេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានអះអាងថា ផ្ទះលំហែដែលកើតហេតុការណ៍បាញ់បោះសេរីនេះ មិនមែនជាកម្មសិទ្ធិរបស់ឈ្មោះ គៀង ចាន់តួ ដែលជាកូនរបស់នាយឧត្តមសេនីយ៍ គៀន សាវុធ នោះទេ ពោលលោកបានលក់មកឲ្យឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ ហើយ។

ឆ្លើយតាមការសាកសួរ និងចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចជនដៃដល់ទាំង៤នាក់ខាងលើ បានសារភាពថា នៅថ្ងៃកើតហេតុពួកគេបាញ់កាំភ្លើងប្រហែលជិត៣០គ្រាប់ប៉ុណ្ណោះ។ ដោយឡែក សម្រាប់សំបកគ្រាប់ដែលរកឃើញនៅកន្លែងកើតហេតុ ប្រមាណ២០០គ្រាប់នោះ សមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា កន្លងទៅទីតាំងនេះក៏ធ្លាប់បាញ់បោះសេរីបែបនេះដែរ។

សូមរំលឹកថា ស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់បានបន្លឺឡើងយ៉ាងកងរំពងនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលឮចេញពីក្នុងពិធីខួបកំណើតមួយស្ថិតនៅចំណុចផ្ទះលំហែ ភូមិថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (លើខ្នងភ្នំគិរីរម្យ) ដែលសមត្ថកិច្ចអះអាងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ។

ក្រោយមានការបាញ់បោះសេរី ដែលតែងតែកើតមានឡើងនៅបរិវេណផ្ទះខាងលើ នៅពេលមានការជួបជុំម្តងៗនោះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចចំរុះបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដោយរកឃើញសំបកគ្រាប់កាំភ្លើងវែង ខ្លីជាង២០០គ្រាប់។

សម្រាប់ករណីបាញ់បោះដោយសេរីនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក ស៊ិន វិរៈ បានបញ្ជាឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវតាមនីតិវិធីជាបន្ទាន់ចំពោះជនបង្ក។ នៅរសៀលថ្ងៃនេះ លោកព្រះរាជអាជ្ញា បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យជាក់ស្តែង និងមានវិធានការបន្តទៀត៕

Credit: Fresh News

 

អត្ថបទទាក់ទង