ខ្មែរប៉ុស្ដិ៍ Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានសម្រេចកំណត់យកអាទិភាពគន្លឹះចំនួន ៥ និងបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ សម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 66
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានសម្រេចកំណត់យកអាទិភាពគន្លឹះចំនួន ៥ និងបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ សម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានសម្រេចកំណត់យកអាទិភាពគន្លឹះចំនួន ៥ និងបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ សម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩» នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្រ្តីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ប្រកបដោយប្រសិទ្ធភាព តាមបាវចនា កំណើន, ការងារ, សមធម៌, ប្រសិទ្ធ ភាព និងចីរភាព រដ្ឋាភិបាលបានកំណត់យកយុទ្ធសាស្រ្តចំនួន ៥ បូករួមនិងកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦។

អាទិភាពគន្លឹះទាំង៥ មានដូចជា៖
១. ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដែលផ្ដោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម របស់មន្ត្រី និងស្ថាប័ន
២. ការលើកកម្ពស់គុណភាពអប់រំ ផ្ដោតសំខាន់លើគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់មធ្យមសិក្សា
៣. ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដែលផ្ដោតសំខាន់លើការពង្រឹងប្រសិទ្ធភាពផ្ដល់សេវាសុខាភិបាលបឋមនៅមូលដ្ឋាន
៤. ការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើការកាត់បន្ថយ និងឈានទៅលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍
៥. ការពង្រឹងនិងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។

ដោយឡែក កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ មានដូចជា៖
១. ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺ នៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។
២. យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។
៣. ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលនឹងត្រូវពង្រឹងឱ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺ នៅពេលពលរដ្ឋជួបវិបត្តិ ឬហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គមនឹងរង់ចាំជួយពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។
៤. អ្នកប្រកបរបរក្រៅប្រព័ន្ធនឹងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិ ឬហានិភ័យផ្សេងៗ។
៥. ប្រជាកសិករនឹងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេស គឺទទួលបាននូវការការពារតម្លៃកសិផលឱ្យបានសមរម្យ ដោយមិនឱ្យកសិករខាតបង់ឡើយ។
៦. រាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ៕

 

អត្ថបទទាក់ទង