សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន
នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ហ្វឺឌីណាន់ រ៉ូម៉ូដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន។
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខដឹកនាំ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធលើកដំបូងនោះ ក្រៅតែពីការចូលរួមកិច្ចប្រជុំជាផ្លូវការ សម្តេចធិបតី ក៏បានឆ្លៀតឱកាសជួបជាមួយប្រមុខដឹកនាំអាស៊ាន និងប្រមុខដឹកនាំប្រទេសដៃគូអាស៊ានផងដែរ។
មកដល់ព្រឹកថ្ងៃទី៧កញ្ញា ប្រមុខដឹកនាំអាស៊ានទាំងអស់ ដែលមានវត្តមាននៅឥណ្ឌូនេស៊ី ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទាំងអស់ហើយ។ បន្ថែមពីលើនោះ សម្តេចធិបតី បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន នាយករដ្ឋមន្ត្រីទីម័រខាងកើត និងនាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ៕