ខ្មែរប៉ុស្ដិ៍ Close

    ភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី៖ ការលើកកម្ពស់សារៈសំខាន់របស់អាស៊ាននៅឆ្នាំ ២០២៣

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1731
    ភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី៖ ការលើកកម្ពស់សារៈសំខាន់របស់អាស៊ាននៅឆ្នាំ ២០២៣ភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី៖ ការលើកកម្ពស់សារៈសំខាន់របស់អាស៊ាននៅឆ្នាំ ២០២៣

    ដូចសព្វមួយដង ឆ្នាំថ្មីគឺជាការចាប់ផ្តើមការងាររបស់ប្រធានអាស៊ានថ្មី។ ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo (Jokowi) បានចូលរួមនៅក្នុងពិធីប្រគល់តំណែងជាប្រធានអាស៊ានកាលពីខែវិច្ឆិកានៅក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ នៅទីក្រុងភ្នំពេញ។

    លោក Jokowi  បានចូលកាន់តំណែងបន្តពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដឹកនាំអាស៊ានក្រោមប្រធានបទ «ការដោះស្រាយបញ្ហាប្រឈមរួមគ្នា»។ ប្រធានបទរបស់ឥណ្ឌូនេស៊ីសម្រាប់ប្រធានអាស៊ាននៅឆ្នាំនេះគឺ «សារៈសំខាន់នៃអាស៊ាន៖ មជ្ឈមណ្ឌលស្នូលនៃកំណើន»។

    ប្រធានបទនេះនឹងផ្តោតទៅលើការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពរបស់ស្ថាប័នរបស់អាស៊ាន ដើម្បីឱ្យក្លាយទៅជាយុថ្កាសម្រាប់ស្ថិរភាពពិភពលោក និងជាអ្នកអនុវត្តន៍ច្បាប់អន្តរជាតិ។

    ប្រធានបទអាស៊ានថ្មីនេះក៏មានលក្ខណៈប្រហាក់ប្រហែលនឹងការធ្វើជាប្រធានរបស់ប្រទេសកម្ពុជាដែលបានផ្តោតទៅលើការធ្វើសកម្មភាពជារួមរបស់អាស៊ាន និងការយកឈ្នះលើបញ្ហាប្រឈមផ្សេងៗដែលតំបន់នេះកំពុងជួបប្រទះ។ បញ្ហាទាំងនោះរួមមាន ជំងឺរាតត្បាតកូវីដ-១៩, ការប្រកួតប្រជែងរបស់មហាអំណាចរវាងអាមេរិកនិងចិន, ជម្លោះដែនសមុទ្រ និងដែនទឹកដែលកំពុងបន្តកើតឡើង និងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។

    បើយើងក្រឡេកទៅមើលពេលវេលាដែលកម្ពុជាធ្វើជាប្រធានអាស៊ាន វាច្បាស់ណាស់ថា បញ្ហាប្រឈមទាំងអស់នេះនៅតែមិនទាន់ត្រូវបានគេដោះស្រាយ។ អាស៊ានមានការរីកចម្រើនតិចតួចណាស់ក្នុងការដោះស្រាយវិបត្តិនយោបាយ និងមនុស្សធម៌ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានបង្កឡើងដោយការដណ្តើមអំណាចពីសំណាក់ក្រុមយោធាកាលពីឆ្នាំ ២០២១។

    ដំបូងឡើយ លោក ហ៊ុន សែន ចង់ធ្វើការទំនាក់ទំនងជាមួយរបបយោធា បើទោះបីជាមានការជំទាស់ពីសំណាក់ប្រទេសជាសមាជិកអាស៊ានផ្សេងទៀតក៏ដោយ។ គោលនយោបាយនេះបានបង្ហាញអំពីភាពជោគជ័យតិចតួចប៉ុណ្ណោះ ហើយចុងក្រោយមេទ័ពមីយ៉ាន់ម៉ាត្រូវបានគេហាមឃាត់មិនឱ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ាន រហូតដល់ពួកគេបានបង្ហាញពីវឌ្ឍនភាពលើការអនុវត្តតាមចំណុចកុងសង់ស៊ីសទាំង ៥ របស់ប្លុកនេះ។

    ជាការខិតខំសម្រាប់វិស័យការទូតបន្ថែម លោក ហ៊ុន សែន ក៏បានស្នើឱ្យមានការសម្របសម្រួលកិច្ចចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែននៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានដែលត្រូវបានធ្វើឡើងកាលពីខែវិច្ឆិកា។ ចំណុចខាងលើក៏បានរួមបញ្ចូលទាំងសំណើរដែលប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានស្នើសុំផ្តល់ជាសេចក្តីថ្លែងការណ៍តាមរយៈវីដេអូនៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលផងដែរ។

    ការព្យាយាមលើកកំពស់កេរ្តិ៍ឈ្មោះរបស់អាស៊ានក្នុងនាមជាអ្នកចរចាសន្តិភាព ត្រូវទទួលរងនូវការបរាជ័យ នៅពេលដែលប្រធានាធិបតីរុស្ស៊ី Vladimir Putin បដិសេធមិនធ្វើដំណើរមកទីក្រុងភ្នំពេញដើម្បីចូល
    រួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ សេចក្តីថ្លែងការណ៍តាមរយៈវីដេអូរបស់លោក Zelenskyy ក៏ត្រូវបានលុបចោលផងដែរ ដោយសារតែខ្វះការមូលមតិគ្នាក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។

    ទោះបីជាយ៉ាងនេះក្តី វាក៏មានការលើកទឹកចិត្តខ្លះដែរដោយអ៊ុយក្រែនបានលើកកម្ពស់ទំនាក់ទំនងនយោបាយរបស់ពួកគេជាមួយអាស៊ានឱ្យក្លាយទៅជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន។

    ការប៉ុនប៉ងដើម្បីបញ្ចប់ការរៀបចំក្រមប្រតិបតិ្តរវាងចិន និងសមាជិកអាស៊ាននៅសមុទ្រចិនខាងត្បូងក៏បានបន្តនៅទ្រឹងកាលពីឆ្នាំ ២០២២។ កាលពីមុន ប្រទេសកម្ពុជាបានរារាំងមិនឱ្យបញ្ចូលករណីជម្លោះនេះទៅក្នុងសេចក្តីថ្លែងការណ៍របស់អាស៊ាននៅក្នុងឆ្នាំ ២០១២ និងឆ្នាំ ២០១៦ តាមរយៈការអះអាងថា ជម្លោះនេះមានលក្ខណៈទ្វេភាគី ហើយគួរតែដោះស្រាយរវាងភាគីជម្លោះមិនចាំបាច់ដល់អាស៊ានទាំងមូលនោះទេ។

    គោលជំហរជាប្រវត្តិសាស្ត្ររបស់កម្ពុជាចំពោះជម្លោះ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនបានធ្វើឱ្យលទ្ធភាពនៅក្នុងការដោះស្រាយជម្លោះនេះមិនអាចដំណើរការបានទាល់តែសោះ។ បើទោះបីជាបណ្តាមេដឹកនាំបានជួបប្រជុំគ្នានៅឯកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងខែវិច្ឆិកាក៏ដោយ ក៏ការវិវត្តនៅក្នុងការបញ្ចប់ក្រមប្រតិបត្តិនេះនៅមានកម្រិតនៅឡើយ។

    ឥណ្ឌូនេស៊ីទទួលបានតំណែងជាប្រធានអាស៊ាន ក្រោយទទួលបានជោគជ័យក្នុងនាមជាប្រធាននៃកិច្ចប្រជុំ G-20 នៅក្នុងឆ្នាំ ២០២២។ ទោះបីជាមានឧបសគ្គធំៗចំពោះតំណែងប្រធានាធិបតីដែលរួមមានទាំងសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងអស្ថិរភាពសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ក៏ដោយ ក៏ប្រទេសឥណ្ឌូនេស៊ីបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដោយជោគជ័យ និងបានដាក់ឱ្យដំណើរការនូវមូលនិធិជម្ងឺរាតត្បាតដែលមានទឹកប្រាក់ ១,៤ ប៊ីលានដុល្លារ ដើម្បីគាំទ្រដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ក្នុងការដោះស្រាយបញ្ហាគំរាមកំហែងសុខភាពពិភពលោកនៅពេលអនាគត។

    សកម្មភាពនេះបានផ្តល់ជាការលើកកម្ពស់ផ្នែកការទូតដល់ការដឹកនាំរបស់លោក Jokowi ។ គេមានក្តីសង្ឃឹមខ្ពស់ថា ឥណ្ឌូនេស៊ីអាចធ្វើឱ្យមានជោគជ័យសារជាថ្មីក្នុងនាមជាប្រធានអាស៊ាន។

    ឥណ្ឌូនេស៊ីមានកម្រិតឥទ្ធិពលនយោបាយធ្ងន់នៅក្នុងអាស៊ានដែលប្រធានមុនៗ មួយចំនួនមានការខ្វះខាត។ ប្រទេសនេះគឺជាសមាជិកស្ថាបនិកមួយក្នុងចំណោមសមាជិកស្ថាបនិកទាំង ៥ របស់អាស៊ាន ហើយជាញឹកញាប់ត្រូវបានគេមើលឃើញថា គឺជាមេដឹកនាំពិតប្រាកដរបស់សមាគមមួយនេះ។

    ប្រទេសនេះក៏ជាមហាអំណាចមួយក្នុងតំបន់ដែលមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ចាប់តាំងពីមានការរាតត្បាតនៃជម្ងឺកូវីដ-១៩។ ការចូលរួមនៅក្នុងកិច្ចប្រជុំ G-20 គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ី ដើម្បីពង្រីកអំណាចនៅក្នុងតំបន់របស់ខ្លួនចូលទៅកាន់កម្រិតអន្តរជាតិ ហើយវានឹងមានសារៈសំខាន់ប្រសិន បើលោក Jokowi ចង់ដោះស្រាយបញ្ហាប្រឈមជាច្រើនដែលតំបន់អាស៊ានកំពុងជួបប្រទះ។

    លោក Jokowi បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួននៅឯកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងភ្នំពេញ កាលពីខែវិច្ឆិកា។ លោកបានបញ្ជាក់ថា «អាស៊ានត្រូវតែជាតំបន់ដែលមានកំណើនសេដ្ឋកិច្ចរឹងមាំ មានលក្ខណៈរួមបញ្ចូលគ្នា និងមាននិរន្តរភាព»។

    លោកក៏បានលើកឡើងទៀតថា «យើងមិនគួរអនុញ្ញាតឱ្យថាមវន្តភូមិសាស្ត្រនយោបាយបច្ចុប្បន្នប្រែទៅជាសង្រ្គាមត្រជាក់ថ្មីនៅក្នុងតំបន់របស់យើងនោះទេ ហើយអាស៊ានត្រូវតែក្លាយជាតំបន់សន្តិភាព និងជាយុថ្កាសម្រាប់ស្ថិរភាពពិភពលោក»។ ការលើកឡើងនេះបានបង្ហាញឱ្យឃើញថា ការស្តារសេដ្ឋកិច្ចឡើងវិញរបស់អាស៊ានក្រោយវិបត្តិជម្ងឺរាតត្បាតកូវីដ-១៩ និងដំណើរដ៏តានតឹងនៅក្នុងទំនាក់ទំនងអាមេរិក-ចិន គឺជាបញ្ហាដ៏ធំនៅក្នុងរបៀបវារៈរបស់លោកសម្រាប់ឆ្នាំ ២០២៣។

    ឥណ្ឌូនេស៊ីក៏នឹងត្រូវទទួលភារកិច្ចក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ បើធៀបនឹងប្រទេសកម្ពុជា ឥណ្ឌូនេស៊ីបានប្រកាន់យកជំហររិះគន់ចំពោះរដ្ឋាភិបាលយោធាខ្លាំងជាង។

    រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានធ្វើការរិះគន់របបយោធាចំពោះការបរាជ័យក្នុងការដោះស្រាយជម្លោះនៅមុនកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងខែវិច្ឆិកា។ នៅខែបន្ទាប់ លោកស្រីបានបញ្ជាក់ថា «អាស៊ានមិនត្រូវធ្វើតាមរបបយោធាមីយ៉ាន់ម៉ានោះឡើយ ហើយចំណុចកុងសង់ស៊ីសទាំង ៥ គឺជាផ្លូវតែមួយគត់របស់អាស៊ានដែលត្រូវចូលរួមជាមួយមីយ៉ាន់ម៉ា»។

    នៅក្នុងសប្តាហ៍នេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាសអំពីផែនការដើម្បីបង្កើតការិយាល័យប្រេសិតពិសេសមួយដើម្បីសម្របសម្រួលការដោះស្រាយជម្លោះរបស់អាស៊ាន។ ចំណាត់ការនេះពិតជាបានបង្ហាញពីជំហរដ៏តឹងរ៉ឹងចំពោះរបបយោធា បើធៀបនឹងអ្វីដែលលោក ហ៊ុន សែន បានធ្វើ ហើយគេនឹងរង់ចាំមើលថា តើប្រទេសឥណ្ឌូនេស៊ីអាចប្រកាន់យកការមូលមតិគ្នានៅក្នុងតំបន់សម្រាប់វិធីសាស្រ្តនេះបានឬយ៉ាងណា។

    ប្រទេសថៃបានរៀបចំកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីរបបយោធាកាលពីខែមុន ដោយមានរដ្ឋមន្ត្រីការបរទេសមកពីប្រទេសឡាវ កម្ពុជា និងវៀតណាម ក៏បានចូលរួមផងដែរ។ ប្រទេសជាសមាជិកអាស៊ានផ្សេងទៀតមិនបានបញ្ជូនតំណាងរបស់ខ្លួនមកចូលរួមនៅក្នុងកិច្ចពិភាក្សានេះទេ ដែលនេះពិតជាបានបង្ហាញឱ្យឃើញអំពីការខ្វែងគំនិតគ្នានៅក្នុងអាស៊ានជុំវិញការអនុញ្ញាតឱ្យរបបយោធាចូលរួម។

    វាក៏មិនច្បាស់ដែរថា តើប្រទេសឥណ្ឌូនេស៊ីអាចរក្សាអព្យាក្រឹតភាពអាស៊ានបានដែរឬទេ សម្រាប់ការប្រកួតប្រជែងរបស់មហាអំណាចរវាងអាមេរិកនិងចិន។ ប្រទេសជាសមាជិកអាស៊ានត្រូវបានទាក់ទាញកាន់តែខ្លាំងឡើងៗពីសំណាក់មហាអំណាចដែលកំពុងតែធ្វើការប្រកួតប្រជែងគ្នាទាំងនេះ។

    ប្រមុខការពារជាតិអាមេរិកបានព្យាយាមបញ្ចុះបញ្ចូលមន្ត្រីឥណ្ឌូនេស៊ីនៅក្នុងកិច្ចប្រជុំមួយដែលត្រូវបានរៀបចំឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល G-20 កាលពីខែវិច្ឆិកា។ រដ្ឋមន្ត្រីការពារជាតិ Lloyd Austin បានពិភាក្សាអំពីអន្តរប្រតិបត្តិការ និងការធ្វើឱ្យកាន់តែមានភាពស៊ីជម្រៅនៅក្នុងទំនាក់ទំនងការពារជាតិរបស់ប្រទេសទាំងពីរ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ។

    រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានបដិសេធក្នុងការទទួលយកកិច្ចព្រមព្រៀងដែលមានជាប់នូវកាតព្វកិច្ចណាមួយ ដោយបានសង្កត់ធ្ងន់ថា «ឥណ្ឌូនេស៊ីតែងតែប្រកាន់ជំហរក្នុងការព្យាយាមរក្សាទំនាក់ទំនងឱ្យបានល្អបំផុតជាមួយគ្រប់ជាតិសាសន៍»។ ជំហរប្រពៃណីរបស់ឥណ្ឌូនេស៊ីនៃការមិនចូលបក្សសម្ព័ន្ធនៅក្នុងទំនាក់ទំនងអន្តរជាតិ ទំនងជានឹងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង នៅពេលដែលអាមេរិកនិងចិនកំពុងតែស្វែងរកសម្ព័ន្ធមិត្តនៅក្នុងតំបន់នេះ។

    ប្រសិនបើអាស៊ាននៅតែចង់រក្សាសារៈសំខាន់របស់ខ្លួននៅក្នុងឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត រដ្ឋជាសមាជិកត្រូវតែធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលអាចបង្កផលប៉ះពាល់ដល់តំបន់។ បញ្ហាទាំងនោះក៏បានរួមបញ្ចូលទាំងការដោះស្រាយវិបត្តិមនុស្សធម៌នៅមីយ៉ាន់ម៉ាប្រកបដោយប្រសិទ្ធភាព, ការសម្របសម្រួលនូវការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ការឯកភាពលើក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង និងការដោះស្រាយការប្រែប្រួលអាកាសធាតុ។

    កំណត់ត្រាមិនល្អរបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ បានបង្កឱ្យមានផលប៉ះពាល់ដល់ការទាមទាររបស់ខ្លួនក្នុងការក្លាយជាចំណុចសំខាន់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ វាក៏ជាការបើកចំហនូវឱកាសសម្រាប់ភាពជាដៃគូខាងក្រៅ ដូចជាសម្ព័ន្ធក្រុមប្រទេស Quad ឬកិច្ចសន្ទនាសន្តិសុខត្រីភាគី AUKUS ដែលដើរហួសពីអាស៊ានទាំងស្រុងសម្រាប់ការបង្កើនសន្តិសុខនៅក្នុងតំបន់។

    ភារកិច្ចសម្រាប់ឥណ្ឌូនេស៊ីក្នុងឋានៈជាប្រធានអាស៊ាននៅពេលនេះ គឺត្រូវយកឈ្នះទៅលើការបែកបាក់គ្នានៅក្នុងអាស៊ានដើម្បីពង្រឹងតួនាទីរបស់ប្លុកនេះ ឱ្យក្លាយជាតួអង្គមួយនៅក្នុងតំបន់ដែលអាចជឿទុកចិត្តបាន៕

    The Diplomat