ខ្មែរប៉ុស្ដិ៍ Close

តើវិបត្តិសេដ្ឋកិច្ចសកលពិតជានឹងកើតឡើងក្នុងពេលឆាប់ៗមែនឬ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 33
តើវិបត្តិសេដ្ឋកិច្ចសកលពិតជានឹងកើតឡើងក្នុងពេលឆាប់ៗមែនឬ? តើវិបត្តិសេដ្ឋកិច្ចសកលពិតជានឹងកើតឡើងក្នុងពេលឆាប់ៗមែនឬ?

សេដ្ឋវិទូឈានមុខគេរបស់ពិភពលោកបានចំណាយពេលភាគច្រើននៃឆ្នាំ ២០២២ ដើម្បីព្យាយាមបញ្ចុះបញ្ចូលខ្លួនឯងថា «ប្រសិនបើសេដ្ឋកិច្ចពិភពលោកមិនទាន់បានប្រទះនឹងវិបត្តិសេដ្ឋកិច្ចទេ នោះវាអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិនៅក្នុងពេលឆាប់ៗ»។ ប៉ុន្តែខណៈពេលដែលឆ្នាំនេះនឹងបញ្ចប់ទៅនៅក្នុងពេលឆាប់ៗខាងមុខ ការធ្លាក់ចុះជាសកលអាចត្រូវបានពន្យារពេលរហូតដល់ឆ្នាំ ២០២៣។

របាយការណ៍ដែលថា «សហរដ្ឋអាមេរិកបានស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចក្នុងអំឡុងឆមាសទី១ នៃឆ្នាំនេះ» គឺជាការវាយតម្លៃឆាប់រហ័សពេកជាពិសេសដោយសារទីផ្សារការងាររបស់សហរដ្ឋអាមេរិកនៅមានសភាពរឹងមាំ។ ខណៈពេលដែលមនុស្សជាច្រើនបានសម្តែងនូវការជឿជាក់ខ្លាំងចំពោះការអាចកើតមាននៃការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយជៀសមិនរួចនោះ ឱកាសនៃការកើតមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំខាងមុខគឺស្ថិតនៅកម្រិតទាបជាង១០០%។

ដោយសារការដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័សដោយធនាគារកណ្តាលអាមេរិកនិងធនាគារកណ្តាលសំខាន់ៗផ្សេងទៀត ឱកាសនៃការកើតមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ អាចមានចំនួន ៥០% និង ៧៥% គឺអាចកើតឡើងនៅក្នុងអំឡុងពេលណាមួយនៅក្នុងរយៈពេល ២ឆ្នាំខាងមុខ។ តំបន់អឺរ៉ុបដែលកំពុងរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយការកើនឡើងនៃតម្លៃថាមពល អាចឈានទៅរកវិបត្តិសេដ្ឋកិច្ច ជាមួយនឹងការធ្លាក់ចុះនៃ GDP ក្នុងរយៈពេល ២ ត្រីមាសជាប់ៗគ្នា។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនអាចប្រឈមមុខនឹងស្ថានភាពកាន់តែអាក្រក់ជាងនេះទៅទៀត ដោយក្នុងនោះប្រទេសចិនកំពុងជួបប្រទះនឹងបញ្ហាដូចគ្នានឹងនៅអឺរ៉ុប បូករួមទាំងវិស័យអចលនទ្រព្យដែលកំពុងដួលរលំ និងការកើនឡើងនៃករណីកូវីដ-១៩ ដោយសារការសម្រេចចិត្តរបស់រដ្ឋាភិបាលចិននៅពេលថ្មីៗនេះ ក្នុងការបើកសេដ្ឋកិច្ចឡើងវិញដោយមិនមានការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់។

បើទោះបីជាកំណើនរបស់ចិននៅឆ្នាំក្រោយត្រូវបានគេរំពឹងថានឹងមានសភាពយឺតយ៉ាវក៏ដោយ ក៏ GDP របស់ចិនទំនងជានឹងមិនធ្លាក់ចុះនៅក្នុងរយៈពេល ២ ត្រីមាសជាប់ៗគ្នានោះទេ។ ប៉ុន្តែបើទោះបីជា GDP របស់ចិនបានរងនូវការថយចុះចំនួន ៨% នៅក្នុងអំឡុងពេលកើតមានវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨ ក៏ដោយ ក៏វាមិនបានធ្វើឱ្យទិន្នផលក្នុងស្រុកធ្លាក់ចុះធ្ងន់ធ្ងរខ្លាំងពេកនោះដែរ។

នេះគឺជាឧទាហរណ៍មួយទៀតស្តីអំពីគុណវិបត្តិក្នុងការកំណត់វិបត្តិសេដ្ឋកិច្ច ដោយផ្អែកលើច្បាប់នៃកំណើន GDP អវិជ្ជមាន ២ ត្រីមាសជាប់ៗគ្នា។ ជាងនេះទៅទៀត វិបត្តិសេដ្ឋកិច្ចបច្ចុប្បន្នរបស់ប្រទេសជាច្រើនត្រូវបានបង្កឡើងដោយខ្លួនពួកគេផ្ទាល់ ដោយសារកំហុសនៃគោលនយោបាយដែលបានបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ច។ ជាឧទាហរណ៍ : នៅចន្លោះឆ្នាំ ២០១១ ដល់ឆ្នាំ ២០២១ អឺរ៉ុបបានបង្កើនការពឹងផ្អែករបស់ខ្លួនលើឧស្ម័នធម្មជាតិរបស់រុស្ស៊ីដែលជាហេតុធ្វើឱ្យអឺរ៉ុបងាយរងគ្រោះខ្លាំងនៅពេលដែលរុស្ស៊ីចាប់ផ្តើមធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។

ដូចគ្នានេះដែរ គោលនយោបាយ «Zero COVID» របស់ចិនបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ច។ សហរដ្ឋអាមេរិកក៏បានបង្កើតកំហុសជាច្រើនផងដែរបូករួមទាំងឆន្ទៈក្នុងការបោះបង់ចោលការនូវដឹកនាំរបស់ខ្លួននៅក្នុងសណ្តាប់ធ្នាប់អន្តរជាតិសេរី និងការមិនអើពើចំពោះអង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាក្របខណ្ឌពាណិជ្ជកម្មដែលសមាជិករបស់ខ្លួនបានចរចាអស់រយៈពេលជាច្រើនឆ្នាំ។

ពន្ធគយរបស់អតីតប្រធានាធិបតី Donald Trump គឺជារឿងដ៏ខុសឆ្គង ក៏ប៉ុន្តែប្រធានាធិបតី Joe Biden បានចាត់វិធានការតិចតួចប៉ុណ្ណោះដើម្បីដោះស្រាយបញ្ហានេះ។ បន្ថែមពីលើនេះ បទប្បញ្ញត្តិ «ទិញតែទំនិញរបស់អាមេរិក» «Buy American» នៅក្នុងច្បាប់កាត់បន្ថយអតិផរណារបស់លោក ក៏បានដើរផ្ទុយពីច្បាប់របស់អង្គការ WTO ផងដែរ។

បើទោះបីជាផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងដោយអត្រាការប្រាក់ដ៏ខ្ពស់នៅមិនទាន់លេចរូបរាងឡើងនៅឡើយក៏ដោយ ក៏វាមានសញ្ញាមួយចំនួនដែលបានបង្ហាញថា «បញ្ហាទាំងអស់នឹងផ្ទុះឡើង»។ តម្លៃភាគហ៊ុនរបស់អាមេរិកបានឡើងដល់កម្រិតកំពូលក្នុងខែមករា ឆ្នាំ ២០២១ និងបានបង្ហាញអំពីនិន្នាការធ្លាក់ចុះចាប់តាំងពីពេលនោះមក។ ដោយសារតម្លៃភាគហ៊ុនមិនទាន់វិលត្រលប់ទៅរកកម្រិតដូចកាលពី ៣ ឆ្នាំមុន វាអាចជារឿងសមហេតុផលក្នុងការសន្មត់ថា «វានឹងបន្តធ្លាក់ចុះបន្ថែមទៀត»។

បើទោះបីជាឆ្នាំក្រោយអាចជាពេលវេលាដ៏លំបាកសម្រាប់សេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏ការធ្លាក់ចុះនៅពេលខាងមុខមិនគួរត្រូវបានចាត់ទុកជាវិបត្តិសេដ្ឋកិច្ចនោះទេ ពីព្រោះការពឹងផ្អែកលើការវិនិច្ឆ័យត្រឹម ២ត្រីមាសជាប់ៗគ្នាគឺមានលក្ខណៈតូចចង្អៀតពេក។ ជាក់ស្តែងកំណើនជាសកលនៅក្នុងអំឡុងក្រោយសង្គ្រាម គឺកម្រធ្លាក់ចុះក្រោម ០ តែ១ ឬ២ ត្រីមាសណាស់។

ការធ្លាក់ចុះដែលបង្កឡើងដោយវិបត្តិប្រេងនៅក្នុងឆ្នាំ ១៩៧៤ និង ១៩៨១ ក៏មិនត្រូវបានចាត់ថ្នាក់ជាវិបត្តិសេដ្ឋកិច្ចសកលដែរ។ សូម្បីតែនៅក្នុងគ្រានៃវិបត្តិសេដ្ឋកិច្ចជាក់ស្តែង កំណើនវិជ្ជមាននៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននិងកំពុងអភិវឌ្ឍ មានទំនោរគ្របដណ្តប់លើកំណើនអវិជ្ជមានរបស់បណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដោយក្នុងនោះវាមានករណីលើកលែងតែ ២ គត់គឺនៅក្នុងវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨ និងវិបត្តិកូវី-១៩ ឆ្នាំ ២០២០។

បើទោះបីជាអង្គការ OECD និងមូលនិធិរូបិយវត្ថុអន្តរជាតិរំពឹងថា «កំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះមកនៅត្រឹម ២,២%-២,៧% ក្នុងឆ្នាំ ២០២៣ ពីចំនួន ៦,១% នៅក្នុងឆ្នាំ ២០២១ ក៏ដោយ ក៏សេដ្ឋកិច្ចពិភពលោកអាចនឹងមិនរងនូវការធ្លាក់ចុះនៅក្នុងត្រីមាសជាប់ៗគ្នានោះទេ»។ លទ្ធភាពនៃការកើតមានវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ ពិតជាអាចទៅរួច ក៏ប៉ុន្តែគេក៏អាចការពារទប់ស្កាត់វាពីការកើតឡើងផងដែរ៕

Project Syndicate