កម្ពុជាអាចនឹងនាំចេញផ្លែមៀន និងត្រីប្រាទៅប្រទេសចិននាពេលខាងមុខដ៏ខ្លី
ផ្លែផ្កាដែលកើតចេញពីជំនួបរវាងមេដឹកនាំចិន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញឲ្យចិនទិញផលិតផលកសិកម្មរបស់កម្ពុជា កាន់តែច្រើននោះ, នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសដំណឹងល្អសម្រាប់កម្ពុជា ដោយភាគីចិនបានសម្រេចក្នុងការសិក្សា និងវាយតម្លៃផ្នែកហានិភ័យ ផ្នែកភូតគាមអនាម័យ លើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលជាវិធានការសំខាន់។
តាមគោលការណ៍ការសិក្សាពិនិត្យវាយតម្លៃផ្នែកហានិភ័យនេះ ត្រូវធ្វើការចុះពិនិត្យ និងសិក្សាទៅទីតាំងចំការ និងដល់ទីតាំងចិញ្ចឹមត្រីដោយផ្ទាល់ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ធ្វើអ្នកជំនាញរបស់ចិនពិបាកធ្វើដំណើរ ទើបភាគីចិន ឯកភាពក្នុងការវាយតម្លៃតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។
បើតាមលោក វ៉ាង វិនធៀន បន្ទាប់ពីការសិក្សាវាយតម្លៃនេះរលូនល្អ ផ្លែមៀនរបស់កម្ពុជា នឹងអាចនាំចេញទៅចិននៅរដូវប្រមូលផលឆ្នាំក្រោយ និងត្រីប្រាអាចនាំចេញបានក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក វ៉ាង វិនធៀន ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ យ៉ាងដូច្នេះថា «ភាគីចិនបានធ្វើការសម្រេចចិត្តក្នុងសិក្សា និងវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា ដោយតាមរយៈវីដេអូពីចម្ងាយ ជាវិធានការសំខាន់មួយដើម្បីអនុវត្តកូសង់ស៊ីស ក្នុងការប្រជុំតាមរយៈប្រព័ន្ធវីដេអូរវាងឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឺឈាង ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រសិនរលូនផ្លែមៀនកម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិននាពេលរដូវប្រមូលផលលើកក្រោយ រីឯត្រីប្រាវិញ នឹងនាំចេញទៅកាន់ប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខ»។
បើតាមអគ្គនាយកដ្ឋានកសិកម្ម បច្ចុប្បន្ននេះផ្ទៃដីដាំមៀនប៉ៃលិន មានចំនួនប្រមាណ៨ពាន់ហិកតា។ មៀនប៉ៃលិន ភាគច្រើនដាំដុះនៅខេត្តចំនួនរួមមាន ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ កម្ពុជាពឹងពាក់ប្រទេសទី៣ ដើម្បីនាំចេញផ្លែមៀន ទៅកាន់ប្រទេសចិន។ ចំណែកត្រីប្រាវិញ ចិនបានទិញពីប្រទេសវៀតណាម ក្នុង១ឆ្នាំៗរាប់ពាន់លានដុល្លារអាមេរិក៕ Fresh News